សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ប៉ៃលិន​​ប្រកាស​ជាថ្មី​មិន​ចុះ​ចូល​បក្ស​កាន់អំណាច

0:00 / 0:00

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន​ជាង​៧០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ជួបជុំគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ដោយ​បាន​ប្ដេជ្ញា​ជាថ្មី​ថា បើ​ទោះ​បី​ជា​តុលាការ​កំពូល​រំលាយ​គណបក្សប្រឆាំង​នៅ​ពេល​ខាងមុខ​ក្ដី ក៏​ពួកគាត់​នៅតែ​ស្មោះស្ម័គ្រ​ជាមួយ​ម្ចាស់​ឆ្នោត​ដោយ​មិន​ទៅ​ជ្រក​ក្រោម​ដំបូង​ទេវតា​ឡើយ។

នេះ​ជា​សំឡេង​ប្ដេជ្ញា របស់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​តំបន់​អតីត​ខ្មែរក្រហម​គឺ​ខេត្ត​ប៉ៃលិន ដែល​បាន​ប្រកាស​រួមគ្នា​នៅ​ទីស្នាក់ការ​គណបក្ស​នោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ខេត្ត​ប៉ៃលិន ឃឹម ប៉ុន មាន​ប្រសាសន៍​ថា សមាជិក​ក្រុមប្រឹក្សា​គណបក្ស​របស់​លោក​នៅ​អតីត​តំបន់​ខ្មែរ​ផ្ដាច់​ខ្លួន​ទាំងអស់ មាន​បទ​ពិសោធ​គ្រប់គ្រាន់ ក្នុង​ការ​តស៊ូ​ដើម្បី​បម្រើ​ម្ចាស់​ឆ្នោត ដោយ​ជ្រក​ក្រោម​ទង់​ព្រះអាទិត្យ​ទៅ​មុខ​ទៀត។ លោក​អះអាង​ទៀត​ថា រហូត​មក​ទល់​ពេលនេះ​មិន​ទាន់​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ណា​ម្នាក់ ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​នៅ​ឡើយ​ទេ៖ «ការ​ប្ដេជ្ញា​ចិត្ត​នេះ វា​ជា​ការ​ពួកគាត់​ចង់​មក​បង្ហាញ​ឲ្យ​បងប្អូន​នៅ​ខាងក្រៅ​បាន​ឃើញ គឺ​គ្នា​អត់​ណា​ជួល ឬ​បង្ខំ​ទេ គឺ​ចេញពី​ទឹកចិត្ត។ ហើយ​នៅ​ខេត្ត​ប៉ៃលិន​នេះ​ទឹកចិត្ត​របស់​ប្អូន​គឺ​សស្រាក់សស្រាំ និង​ច្បាស់លាស់ ហើយ​ខ្ញុំ​មាន​ជំនឿ​ថា ទោះ​មានការ​រំលាយ​គណបក្ស​ហើយ ក៏​មិន​អ្នក​ចុះចូល​ដែរ»។

ចំណែក​ក្រុម​ប្រឹក្សាឃុំ​អូរអណ្ដូង ស្រុក​សាលាក្រៅ គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី នុត សាវន ដែល​បាន​ចូលរួម​ប្រជុំ​ពង្រឹង​គណបក្ស​ដែរ​ថ្លែង​ថា មូល​ហេតុ​ដែល​អ្នកស្រី​ប្ដេជ្ញា​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត ដោយសារ​ឃើញ​មួយ​រយៈ​ចុងក្រោយ​នេះ ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង ម្យ៉ាងទៀត​អាជ្ញាធរ​បក្ស​កាន់អំណាច ក៏​ចេះតែ​មក​ចែចូវ​ពួកគាត់​អោយ​ចុះចូល​បក្ស​ខ្លួន ទើប​អ្នកស្រី​ជួបជុំគ្នា​ដើម្បី​បង្ហាញ​ពី​គោលជំហរ​អោយ​ម្ចាស់​ឆ្នោត​ថា ពួកគាត់​មិន​រត់​ទៅ​ណា​ចោល​គណបក្ស​ឡើយ៖ «ការចូលរួម​នេះ គឺ​ដើម្បី​ពង្រឹង​ក្នុង​ជួរ​គណបក្ស របស់​ដែល​គេ​មានបំណង​ចង់​រំលាយ​គណបក្ស​ខ្ញុំ ដូច្នេះ​ពួក​ខ្ញុំ​ចូលរួម​ពង្រឹង​ជំហរ​ដាច់​តស៊ូ បម្រើ​ពលរដ្ឋ ដែល​ពួកគាត់​បាន​បោះឆ្នោត​ឲ្យ​ពួក​ខ្ញុំ។ ដូច្នេះ​យើង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដាច់ មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ទេ»។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ លោក បណ្ឌិត មាស នី មាន​ប្រសាសន៍ថា ការ​រួម​កម្លាំង​គ្នា​របស់​ក្រុមប្រឹក្សា​គណបក្សប្រឆាំង​នៅ​ពេល​នេះ​ថា ជា​សញ្ញា​បញ្ជាក់​ភាព​រឹងមាំ​របស់​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន។ លោក​ចាត់​ទុក ភាព​រឹងមាំ​នេះ​ថា ជា​ចំណុចខ្លាំង​របស់​គណបក្ស​ប្រឆាំង​ធ្វើ​ឲ្យ​គួរ​ប្រកួត​មិន​ងាយ​បំបែក​បាន៖ «វា​ជា​រឿង​យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយ​ទាំង​២​បក្ស​នឹង​ទេ ដែល​បក្ស​ម្ខាង​ចង់​ឃើញ​ដៃ​គួរ​ម្ខាង​ទៀត​បែកបាក់ ដូច្នេះ​ម្ខាង​ទៀត​ត្រូវ​តែ​បង្ហាញ​ពី​ជំហរ​សាមគ្គីភាព​ទៅ​ដើម្បី​តទល់​ចំពោះ​ការ​ចង់​បាន របស់​ភាគី​ម្ខាង​ទៀត។ ដូច្នេះ​ខ្ញុំ​គិត​ថា នេះ​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​សង្គ្រោះ​ជាតិ​ព្រោះ​គណបក្ស​នេះ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​គូបដិបក្ខ​របស់​ខ្លួន​ទេ បាន​ជា​បង្ហាញ​ការ​សាមគ្គីភាព​នោះ»។

មួយ​រយៈ​ចុងក្រោយ​នេះ មន្ត្រី​គណបក្សប្រឆាំង​នៅ​ទូទាំង​ប្រទេស​ធ្វើ​យុទ្ធនា​ការ​ពង្រឹង​សាមគ្គីភាព​នៅ​ថ្នាក់​មូលដ្ឋាន​កាន់​តែ​ខ្លាំង ដែល​ទំនង​ចង់​បង្ហាញ​ឆន្ទៈ​ប្រាប់​ទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្មីៗ​នេះ បាន​បង្ហោះ​វីដេអូ​ឃ្លីប​អំពាវនាវ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​រួមរស់​ក្រោម​ដំបូង​ទេវតា​នោះ។ អតីត​កម្មាភិបាល​ខ្មែរក្រហម​រូប​នេះ ក៏បាន​ធានា​រក្សា​តំណែង​ក្រុមប្រឹក្សា​ជូន​មន្ត្រី​ដែល​រត់​ចោល​ជួរ​ទាំងនោះ​ឲ្យ​នៅ​ដដែល ប្រសិនបើ​គណបក្ស​មួយ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។