តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ទៅ​ជួប​ពលរដ្ឋ​២៣​នាក់​ជាប់​ឃុំ​នៅ​កំពង់ចាម​ថ្ងៃ​ទី​៤

បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ខាង​មុខ។ ការ​ព្យាយាម​ទៅ​សួរ​សុខ​ទុក្ខ​នេះ បន្ទាប់​សហជីព​កម្មករ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បដិសេធ​សំណើ​សុំ​ចូល​ជួប​អ្នក​ទាំង ២៣​នាក់​នោះ។

0:00 / 0:00

គណបក្ស​ប្រឆាំង​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចំពោះ​សំណើ​សុំ​ចូល​ជួប​ជន​ជាប់​ចោទ ២៣​នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា។

អ្នក​ទាំង ២៣​នាក់​នោះ រួម​មាន កម្មករ និង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​សមត្ថកិច្ច​ប្រដាប់​អាវុធ បង្ក្រាប​បាតុកម្ម​របស់​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។

ប្រធាន​ក្រុម​បេក្ខជន​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា លោក​បាន​ដាក់​សំណើ​សុំ​ចូល​ជួប​អ្នក​ទាំ​នោះ តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ចម្លើយ​យ៉ាង​ណា​នៅ​ឡើយ។

យ៉ាង​ណា​ក៏ដោយ លោក សុន ឆ័យ បញ្ជាក់​ថា បើ​ទោះ​ជា​មាន​ការ​អនុញ្ញាត ឬ​មិន​មាន​ក្តី ក៏​កម្មវិធី​នោះ​អត់​មាន​ការ​ប្រែប្រួល​ដែរ៖ «ខ្ញុំ​មាន​គម្រោង​ដោយសារ​មាន​ជំនួយ​ឧបត្ថម្ភ​ពី​ប្រទេស​អូស្ត្រាលី ទីក្រុង​ម៉ែលប៊ន ដើម្បី​ជួយ​ទៅ​ដល់​គ្រួសារ​អ្នក​ដែល​ស្លាប់ របួស រួម​និង​អ្នក​ដែល​ជាប់​ពន្ធនាគារ​ហ្នឹង ខ្ញុំ​យល់​ថា វា​ជា​គោលការណ៍​យើង​ជា​អ្នក​តំណាង​ឲ្យ​ពលរដ្ឋ​ហ្នឹង យើង​មាន​សិទ្ធិ​ហើយ​មាន​កាតព្វកិច្ច​ទៅ​ទៀត ដើម្បី​ទៅ​ជួប​សួរ​សុខ​ទុក្ខ​គាត់»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១ មករា បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ទាំង ២៣​នាក់​នោះ ក៏​នឹង​រួម​ដំណើរ​ទៅ​ជាមួយ​ក្រុម​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ដែរ។

ទាក់ទង​នឹង​គម្រោង​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ទាំង ២៣​នាក់​នេះ​ដែរ ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង លោក គា សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​០១ កុម្ភៈ ថា ក្រៅ​ពី​ក្រុម​គ្រួសារ​អ្នក​ដែល​ត្រូវ​ឃុំ​ខ្លួន គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​ឡើយ បើ​ពុំ​មាន​លិខិត​អនុញ្ញាត​ពី​តុលាការ​នោះ​ទេ ពីព្រោះ​សំណុំ​រឿង​របស់​អ្នក​ទាំង ២៣​នាក់​នោះ កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ ដែល​ចៅក្រម​ស៊ើប​សួរ​ធ្វើ​ការងារ​នេះ​ពុំ​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយ៖ «ម៉ែ​ឪ​របស់​គេ​អាច​អនុញ្ញាត​ឲ្យ​ចូល​ជួប ប៉ុន្តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​មក»

ទាក់ទង​ករណី​នេះ​ដែរ សហជីព​កម្មករ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន បាន​ខក​ចិត្ត​ម្តង​រួច​ទៅ​ហើយ​នៅ​ពេល​ដែល​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ សម្រេច​បដិសេធ​សំណើ​របស់​ពួក​គេ​កាល​ពី​ថ្ងៃ​ទី​២៤ មករា ដែល​សុំ​ចូល​ទៅ​សួរ​សុខ​ទុក្ខ លោក វន់ ពៅ និង​មនុស្ស ៧​នាក់ ក្នុង​ចំណោម​ពលរដ្ឋ ៣​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​កំពង់ចាម នោះ។ ក្នុង​គោល​បំណង​ដដែល​នេះ ពួក​គេ​បាន​ដាក់​សំណើ​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ត​ទៀត ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។