មេដឹកនាំគណបក្សសង្គ្រោះជាតិ បានទម្លាយព័ត៌មានក្នុងជំនួបចុងក្រោយ កាលពីខែកញ្ញា ឆ្នាំ២០១៣ និងមេដឹកនាំគណបក្សប្រជាជនកម្ពុជា ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យគណបក្សប្រឆាំងត្រៀមធ្វើច្បាប់ការពារមេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចំនួនបីរូប។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យរដ្ឋាភិបាល បដិសេធព័ត៌មាននេះ ដោយចាត់ទុកថា ជាការបំភ្លៃការពិត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ថា នៅក្នុងអំឡុងជួបចរចាកំពូលរវាងមេដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ពិតជាចង់ឲ្យមានច្បាប់ការពារអភ័យឯកសិទ្ធិមេដឹកនាំបីនាក់ នៃគណបក្សប្រជាជនកម្ពុជា នៅពេលពួកគេអស់អំណាច។ លោកបន្តថា លោក ហ៊ុន សែន អះអាងថា សំណើរបស់លោកធ្វើឡើងដើម្បីបុព្វហេតុនៃការផ្សះផ្សាជាតិដោយសន្តិវិធី ទៅថ្ងៃអនាគត។
លោក កឹម សុខា បានទម្លាយព័ត៌មានបន្ថែមពីជំនួបនោះ បន្ទាប់ពីកាសែត ឌឹ ណេសិន (The Nation) របស់ថៃ បានចុះផ្សាយអត្ថបទសម្ភាសរបស់ខ្លួនជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អំពី លោក ហ៊ុន សែន បានស្នើឲ្យគណបក្សប្រឆាំងត្រៀមធ្វើច្បាប់ការពារ លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និង លោក ហ៊ុន សែន ខ្លួនឯងផ្ទាល់។
លោក ហ៊ុន សែន ហាក់សម្ដែងអំពីភាពភ័យខ្លាចទៅថ្ងៃអនាគត នៅពេលលោកអស់អំណាច ហើយរងការសងសឹកដោយអ្នកដឹកនាំថ្មី។ លោក ហ៊ុន សែន កន្លងមកក៏ធ្លាប់ចោទគណបក្សប្រឆាំងថា ចង់ប្រើប្រាស់ពាក្យស្លោក ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី ក្នុងឆាកនយោបាយ។
លោក កឹម សុខា បញ្ជាក់ថា មកទល់ពេលនេះ បក្សប្រឆាំងនៅពុំទាន់មានការសម្រេចជាក់លាក់អំពីគម្រោងស្នើច្បាប់នោះនៅឡើយទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី បដិសេធថា លោក ហ៊ុន សែន មិនបានស្នើឲ្យមានច្បាប់នេះឡើយ។
ក្រុមអ្នកវិភាគសង្គម និងស្ថានការណ៍នយោបាយខ្លះបានគាំទ្រចំពោះគំនិត ក្នុងការបង្កើតច្បាប់ការពារអភ័យឯកសិទ្ធិនាយករដ្ឋមន្ត្រី ហើយអ្នកវិភាគខ្លះទៀតចាត់ទុកថា ច្បាប់នោះអាចធ្វើឲ្យមេដឹកនាំប្រទេសដែលឡើងកាន់អំណាចថ្មីយកគំរូតាមមេដឹកនាំចាស់។
លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមថ្លែងថា ប្រសិនបើមានច្បាប់ការពារនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាពេលអស់អំណាចមែននោះ វាការចំណេញទៅវិញទេ ដោយសារច្បាប់នោះអាចផ្តល់លទ្ធភាពឲ្យក្រុមមេដឹកនាំប្រទេសលាឈប់ពីអំណាចរបស់ខ្លួន ដោយសន្តិវិធី និងដោយគ្មានការភ័យខ្លាច។
ប៉ុន្តែ លោក កែម ឡី បានបញ្ជាក់ថា ច្បាប់នោះត្រូវបង្កើតឡើងដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ហើយមិនអាចអត់ឱនឲ្យមេដឹកនាំណាដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មដោយការឈ្លានពាននោះឡើយ។
ត្រង់ចំណុចនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានគាំទ្រ ប៉ុន្តែលោកគិតថា ច្បាប់ការពារនាយករដ្ឋមន្ត្រីពេលអស់អំណាច អាចធ្វើឲ្យអ្នកមេដឹកនាំជំនាន់ក្រោយយកគំរូតាម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ក្រុមមេដឹកនាំទាំងឡាយណាដែលបង្កើតច្បាប់សម្រាប់ការពារអនាគតរបស់ខ្លួនដូច្នេះ មានន័យថា ក្រុមដឹកនាំទាំងនោះ កំពុងប្រព្រឹត្តអំពើល្មើសច្បាប់ធ្ងន់ធ្ងរ។
ប្រសិនបើងាកទៅប្រទេសភូមា បន្តិច មេដឹកនាំប្រជាធិបតេយ្យ អ្នកស្រី អ៊ុង សានស៊ូជី ក៏ធ្លាប់ប្រកាស និងបានចុះកិច្ចសន្យាជាមួយមេដឹកនាំយោធាភូមា ដែរថា ប្រសិនបើអ្នកស្រីក្លាយជាប្រធានាធិបតីរបស់ប្រទេសវិញនោះ រដ្ឋបាលរបស់អ្នកស្រីនឹងមិនយកទោសពៃរ៍មេដឹកនាំភូមា បច្ចុប្បន្ននោះឡើយ។
លោក កឹម សុខា បញ្ជាក់ថា ក្រុមបក្សប្រឆាំងមិនបានដាក់បញ្ហាបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីពេលអស់អំណាចក្នុងរបៀបវារៈ នៃកិច្ចចរចាជាមួយបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះទៀតឡើយ។
កន្លងមក រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន បានបង្កើតច្បាប់មួយចំនួន ដើម្បីការពារក្រុមមន្ត្រីរបស់ខ្លួនពេលអស់អំណាច។
កាលពីឆ្នាំ២០១០ ច្បាប់ប្រឆាំងអំពើពុករលួយ បានចូលជាធរមាន ប៉ុន្តែច្បាប់នេះមិនអាចដាក់ទោសអ្នកប្រព្រឹត្តិអំពើពុករលួយកើតឡើង មុនពេលច្បាប់នេះចូលជាធរមានបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
