បក្ស​ប្រឆាំង​គ្រោង​យក​បញ្ហា​បាត់​បង់​ព្រំដែន​ទឹក​ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​នៅ​ហុងកុង

0:00 / 0:00

គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​លើក​យក​បញ្ហា​បាត់​បង់​ព្រំដែន​ទឹក ដោយសារ​ប្រទេស​វៀតណាម ទៅ​ដាក់​ជជែក​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី របស់​តំបន់​អាស៊ី នា​ទីក្រុង​ហុងកុង នៅ​ពេល​ខាង​មុខ។ ការ​បង្ហើប​ឱ្យ​ដឹង​នេះ នៅ​ស្រប​ពេល​គណបក្ស​នយោបាយ​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី​ចំនួន ៩​ប្រទេស កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​សៀមរាប។

លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​កិច្ច​ប្រជុំ​គណបក្ស​នយោបាយ ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី មក​ពី​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍ និង​ខ្លះ​ទៀត​មក​ពី​តំបន់​អាស៊ី​បូព៌ា​ផង។

ការ​ជួប​ប្រជុំ​រយៈពេល ៤​ថ្ងៃ នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​គណបក្ស​នយោបាយ​មក​ពី​ប្រទេស​ថៃ ប្រទេស​ភូមា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ ហុងកុង សិរីលង្កា និង​ម៉ុងហ្គោលី បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន ដូច​ជា ការ​ប្រែប្រួល​អាកាសធាតុ​ដោយសារ​ការ​បំផ្លាញ​បរិស្ថាន ការ​បំផ្លាញ​ព្រៃ​ឈើ ការ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​តាម​ទន្លេ​មេគង្គ ដោយសារ​សាងសង់​ទំនប់​វារីអគ្គិសនី រួម​និង​កិច្ច​ការពារ​ទៅ​លើ​ជនជាតិ​ភាគ​តិច ដែល​កំពុង​ទទួល​រង​ការ​រំលោភ​សិទ្ធិ​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​ពួក​គេ​រស់​នៅ​ទៅ​ឱ្យ​ក្រុមហ៊ុន​ផង។

បណ្ដា​គណបក្ស​នយោបាយ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី ក៏​បាន​ផ្ដួចផ្ដើម​របៀបវារៈ​ស្ដីពី​ទំនាស់​នៅ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ដើម្បី​ត្រៀម​ដាក់​ជជែក​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង នា​ពេល​ខាង​មុខ​ដែរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដែន​ទឹក​នោះ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា គេ​ក៏​នឹង​លើក​យក​បញ្ហា​បាត់​បង់​ដែន​កោះ​មួយ​ចំនួន ដោយសារ​វៀតណាម ទៅ​ដាក់​ជជែក​ដែរ។ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី មូរ សុខហួរ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មេសា ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​បោះ​បង់​ចោល​ជំហរ​ការពារ​បូរណភាព​ទឹក​ដី​ទាំង​ដែន​គោក ដែន​ទឹក និង​អាកាស​ទេ។ អ្នកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​បញ្ហា​បាត់​បង់​ដែន​ទឹក ដោយសារ​វៀតណាម ទៅ​ដាក់​ជជែក​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី នៅ​ទីក្រុង​ហុងកុង នា​ពេល​ខាង​មុខ។

ទោះ​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​គេ​នឹង​លើក​បញ្ហា​តំបន់​មួយ​ណា​ឱ្យ​ប្រាកដ​ទេ?៖ «ពេល​ជួប​គ្នា​នៅ​ហុងកុង យើង​នឹង​លើក​នៅ​ហុងកុង។ ដោយសារ​លោក​ប្រធាន​អត់​បាន​មាន​ប្រសាសន៍​ឱ្យ​ច្បាស់ ប៉ុន្តែ​រឿង​កោះត្រល់ រឿង​កោះ​ដទៃ​ទៀត ដែល​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​និយាយ យើង​អត់​មាន​បោះ​ចោល​ទេ នៅ​ក្នុង​បញ្ជី​ដដែល ប៉ុន្តែ​អំបាញ់មិញ​លោក​ប្រធាន​អត់​បាន​លើក​មក​ច្បាស់ ខ្ញុំ​អត់​ទាន់​ហ៊ាន ខ្ញុំ​មិន​អាច​និយាយ​បាន»

មន្ត្រី​រដ្ឋាភិបាល​ហាក់​មិន​បង្ហាញ​ប្រតិកម្ម​ខ្លាំងក្លា​តប​ត​ទៅ​នឹង​គណបក្ស​ប្រឆាំង ដែល​គ្រោង​នឹង​លើក​យក​បញ្ហា​បាត់​បង់​ដែន​ទឹក​ទៅ​ជជែក​នោះ​ទេ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​លើក​យក​បញ្ហា​បាត់​បង់​ដែន​ទឹក​ទៅ​ដាក់​ជជែក​នោះ គឺ​គ្រាន់​តែ​ជា​ឆន្ទៈ​នៃ​អ្នក​ដែល​មិន​ស្ថិត​នៅ​ក្នុង​អំណាច​រដ្ឋ​ប៉ុណ្ណោះ៖ «អា​ហ្នឹង​ជា​សិទ្ធិ​សេរីភាព​របស់​គាត់។ ចំពោះ​រាជ​រដ្ឋាភិបាល​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ជាតិ តំបន់ ហើយ​និង​អន្តរជាតិ ដែល​យើង​ត្រូវ​ធ្វើ។ ចំពោះ​យើង​ជា​ស្ថាប័ន​ជាតិ ហើយ​ក៏​ជា​ស្ថាប័ន​មួយ​ភ្ជាប់​ជាមួយ​តំបន់ ជាមួយ​អន្តរជាតិ យើង​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​ច្បាប់​ដែល​បាន​ចែង​នោះ​ទេ»

កាល​ពី​ខែ​សីហា ឆ្នាំ​២០១៣ កន្លង​ទៅ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ ធ្លាប់​អះអាង​ថា កោះ​មួយ​ចំនួន​ដែល​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម គឺ​ដោយសារ​តែ​សន្ធិសញ្ញា​ព្រំដែន​បន្ថែម​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨២ ដែល​កាល​ណោះ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា ការ​បាត់​បង់​ព្រំដែន​ទឹក ដូច​ជា កោះ​ត្រល់ និង​កោះ​មួយ​ចំនួន​ទៀត​នៅ​ប៉ែក​ខាង​ត្បូង​ខ្សែ​បន្ទាត់​ប្រេវីយេ ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៣៩។ កាល​ណោះ គឺ​ជា​ការ​ដឹក​នាំ​របស់​របប​មុនៗ មិន​មែន​ជា​របប​ដែល​លោក​គ្រប់គ្រង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។