បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ប្រារព្ធ​ពិធី​បង្សុកូល​ជូន​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​ជើង​ឯក

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ប្រារព្ធ​ពិធី​បង្សុកូល​រាប់​បាត្រ ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៤ នៅ​ឯ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក។

អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប៉ាន់​ស្មាន​ថា នឹង​មាន​មនុស្ស​ប្រមាណ ១​ពាន់​នាក់​ចូល​រួម​ក្នុង​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុន្នីវណ្ណ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ថា នៅ​ក្នុង​ពិធី​បុណ្យ​សាសនា​នៅ​ឯ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក​នោះ ដែល​គ្រោង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​១៧ មេសា នោះ អ្នក​ចូល​រួម​ក៏​នឹង​បួង​សួង​សុំ​ឲ្យ​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម ធ្វើ​ការ​កាត់​ក្ដី​ប្រកប​ដោយ​ភាព​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ ដែល​បាន​ស្លាប់​អស់​ជិត ២​លាន​នាក់ ក្នុង​ការ​គ្រប់គ្រង​របស់​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ពី​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។

លោក ម៉ៅ មុន្នីវណ្ណ៖ «១៧​មេសា ហ្នឹង គឺ​ជា​ថ្ងៃ​មួយ​ដែល​យើង​រំឭក​ទៅ​របប​មួយ​ដែល​ប្រល័យ​ពូជ​សាសន៍​ខ្មែរ និង​គោល​បំណង​របស់​យើង​ជានិច្ច​ជា​កាល គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​មាន​បំណង​ហើយ​ធ្លាប់​ជំរុញ ជំរុញ​ហើយ​ជំរុញ​ទៀត យើង​សុំ​ឲ្យ​មាន​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​តាំង​ពី​ទសវត្សរ៍​ទី​៩០ មក នៅ​ពេល​ដែល​គណបក្ស សម រង្ស៊ី កាល​នោះ​ទើប​នឹង​គណបក្ស​ជាតិ​ខ្មែរ ក្រោយ​មក​គណបក្ស សម រង្ស៊ី ក្រោយ​មក​ទៀត​យើង​បាន​ច្របាច់​បញ្ចូល​គ្នា​ហ្នឹង។ យើង​ចង់​បង្ហាញ​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ថា ជានិច្ច​ជា​កាល​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​វែក​មុខ​ឃាតក​ដៃ​ដល់​ពិត​ប្រាកដ ថា​នរណា​ខ្លះ​ដែល​ពាក់ព័ន្ធ​របប​ខ្មែរ​ក្រហម​នោះ សុំ​ឲ្យ​មាន​ការ​កាត់​ទោស»

ឆ្លើយ​តប​នឹង​ការ​រៀប​ចំ​ពិធី​នេះ ប្រធាន​សារមន្ទីរ​វាល​ពិឃាដ​បឹង​ជើង​ឯក លោកស្រី រស់ សុភារ៉ាវី មាន​ប្រសាសន៍​ថា លោកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ពី​ការ​ផ្ដល់​ទីតាំង​រៀប​ចំ​ពិធី​ដែល​គ្រោង​អ្នក​ចូល​រួម​ចំនួន ៧០០​នាក់ ហើយ​ពិធី​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ១១​ថ្ងៃ​ត្រង់​នេះ​រួច​ហើយ គឺ​មាន​អនុញ្ញាត​ឲ្យ​រៀប​ចំ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ។ លោកស្រី​បញ្ជាក់​ថា អាច​នឹង​មាន​បញ្ហា​ទៅ​លើ​ចំនួន​អ្នក​ចូល​រួម ប្រសិន​ច្រើន​លើស​ការ​កំណត់​នោះ វា​អាច​នឹង​រំខាន​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ទស្សនា​សារមន្ទីរ​នេះ​ដែរ។

លោកស្រី រស់ សុភារ៉ាវី៖ «ពិបាក​ថា​ដែរ ព្រោះ​អី​កន្លែង​ខ្ញុំ​ហ្នឹង ភ្ញៀវ​អត់​មាន​បិទ​ទេ ភ្ញៀវ​គាត់​ចូល​មើល​រាល់​ថ្ងៃ​អ៊ីចឹង​ដែរ។ មនុស្ស​ច្រើន​វា​អាច​ប៉ះពាល់​ទេសចរណ៍​អី​តិច​ដែរ ដោយសារ​កន្លែង​ខ្ញុំ​ហ្នឹង​ជា​កន្លែង​ដែល​ស្ងប់ស្ងាត់ កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ទៅ​ច្រើន តែ​គេ​ស្ដាប់​កាស​ហ្នឹង​ទៅ ធ្វើ​ឲ្យ​អារម្មណ៍​ភ្ញៀវ​ស្ងប់ស្ងាត់​ក្នុង​ការ​ស្ដាប់​កាស ជាមួយ​នឹង​សត្វ​យំ​នៅ​លើ​ដើម​ឈើ​ដើម​អី​អ៊ីចឹង វា​ធ្វើ​ឲ្យ​កន្លែង​ខ្ញុំ​ហ្នឹង​វា​ពិសេស។ ធម្មតា​មនុស្ស​ច្រើន​អ៊ូអរ ធ្វើ​ឲ្យ​រំខាន​ភ្ញៀវ​គាត់​ទស្សនា​កន្លែង​ទុក្ខ​សោក​អ៊ីចឹង»

ជា​រៀង​រាល់​ឆ្នាំ គណបក្ស សម រង្ស៊ី ដែល​ឥឡូវ​រួបរួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ តែង​យក​ថ្ងៃ​ទី​១៧ មេសា ប្រារព្ធ​ពិធី​បង្សុកូល រាប់​បាត្រ ឧទ្ទិស​កុសល ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម។

កាល​ពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរ​ក្រហម​បាន​ទទួល​ជ័យជម្នះ​លើ​កងទ័ព​លោក​សេនា​ប្រមុខ លន់ នល់ ហើយ​បាន​ចូល​កាន់​កាប់​ទីក្រុង​ភ្នំពេញ ដែល​បាន​បណ្ដេញ ឬ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង ទៅ​កាន់​ទី​ជនបទ​នានា។ ចាប់​ពី​ពេល​នោះ​មក ក្រោម​ការ​ដឹក​នាំ​ខ្មែរ​ក្រហម បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ប្រមាណ​ជិត ២​លាន​នាក់​បាន​បាត់​បង់​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។