បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ប្ដឹង​មេ​ភូមិ​បក្ស​ប្រជាជន​ខេត្ត​មណ្ឌលគិរី

បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​មណ្ឌលគិរី គ្រោង​ដាក់​ពាក្យ​ប្ដឹង​មេ​ភូមិ​កោះអំយើល ឃុំ​ណងឃីលឹក ស្រុក​កោះញែក ពី​បទ​បំបិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​ពលរដ្ឋ។ មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា មេ​ភូមិ​កោះអំយើល នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា បាន​ដើរ​ដក​វីស៊ីឌី (VCD) ឃោសនា​របស់​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ពលរដ្ឋ​មើល​ឡើយ។

0:00 / 0:00

មេ​ភូមិ​កោះអំយើល ឃុំ​ណងឃីលឹក ស្រុក​កោះញែក ដែល​មក​ពី​គណបក្ស​កាន់​អំណាច ត្រូវ​បាន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចោទ​ថា បាន​ប្រើ​អំណាច​ជា​មេ​ភូមិ​ទៅ​គាប​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​មាន​ឱកាស​បាន​មើល​វីដេអូ​ឃោសនា​របស់​បក្ស​ប្រឆាំង។

បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ជឹម សាមុត នៅ​ថ្ងៃ​ទី៨ ខែ​កក្កដា មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរ​ចែក​ឌីស (Disc) ឃោសនា​ឲ្យ​ពលរដ្ឋ​នៅ​គ្រប់​ភូមិ ក្នុង​ឃុំ​ណងឃីលឹក។ ក្នុង​ឌីស​នោះ​មាន​បង្ហាញ​ពី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​រឿងរ៉ាវ​ផ្សេងៗ​ដែល​កើត​មាន​ក្នុង​សង្គម ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច។

លោក​បន្ត​ថា បន្ទាប់​ពី​ចែក​ឌីស​រួច​ហើយ ពលរដ្ឋ​មិន​បាន​ទាំង​មើល​ស្រួល​បួល​ផង មេ​ភូមិ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ គិន នួន ក៏​បាន​ដើរ​ប្រមូល​ឌីស​នោះ​ពី​ពលរដ្ឋ​វិញ​តែ​ម្តង។ លោក ជឹម សាមុត ចាត់​ទុក​ថា ទង្វើ​នេះ​ជា​ទង្វើ​រំលោភ​អំណាច និង​ប្រព្រឹត្ត​ខុស​ច្បាប់៖ «បើ​គាត់​ទៅ​ដក​បាន​ន័យ​ថា​គាត់​ប្រកាន់​ជំហរ​កាន់​ជើង​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន មិន​មែន​ឈរ​ទៅ​លើ​គោលការណ៍​ស្មើ​ភាព​គ្នា​នោះ​ទេ រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ផ្នែក​នយោបាយ​អំពី​ប្រទេស​ជាតិ។ យើង​មាន​គម្រោង​ដាក់​ពាក្យ​បណ្តឹង»

ទោះ​យ៉ាង​ណា​ក្តី មេ​ភូមិ​កោះអំយើល ឃុំ​ណងឃីលឹក លោក គិន នួន ឆ្លើយ​បំភ្លឺ​ថា លោក​មិន​បាន​ដើរ​ប្រមូល​ឌីស​ឃោសនា​របស់​បក្ស​សង្គ្រោះ​ជាតិ ពី​ពលរដ្ឋ​ទេ។ លោក​បន្ត​ថា គឺ​ប្រជាពលរដ្ឋ​ឯ​ណោះ​វិញ​ទេ ដែល​យក​ឌីស​នោះ​ទៅ​ប្រគល់​ឲ្យ​សមាជិក​ភូមិ៖ «អត់​បាន​ដក​ទេ អាលូវ​ហ្នឹង​រៀបចំ​ប្រគល់​ជូន​វិញ​ហើយ អត់​ឲ្យ​ទុក​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​មណ្ឌលគិរី លោក គិន ជាន មាន​ប្រសាសន៍​ថា រឿងរ៉ាវ​នេះ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត បាន​ដោះស្រាយ​បញ្ចប់​ដោយ​បញ្ជា​ឲ្យ​មេ​ភូមិ​នោះ​ប្រគល់​ឌីស​ឃោសនា​ឲ្យ​ពលរដ្ឋ​វិញ។ លោក​បន្ត​ថា គ.ខ.ប គ្រាន់​តែ​បាន​ទទួល​ដំណឹង​ពី​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ មិន​ទាន់​ទទួល​បាន​បណ្ដឹង​នោះ​ទេ៖ «ការ​ដក​អី​ហ្នឹង បើ​សិន​ការ​ដក​វា​ខុស បើ​ប្រជាជន​ប្រគល់​ឲ្យ​ជា​រឿង​មួយ​ផ្សេង​ទៀត ខ្ញុំ​មិន​ទាន់​ស៊ើប​អង្កេត​បាន​ទេ គ្រាន់​តែ​គេ​រាយការណ៍​មក​វិញ​ថា​ភ័ន្តច្រឡំ​អីចឹង ឲ្យ​សិក (SEC) ឲ្យ​គេ​សម្រួល​ជាមួយ​ប្រជាជន​អី​ទៅ»

ទោះ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី៤ ខែ​កក្កដា ក៏​មាន​ករណី​មេ​ប៉ុស្តិ៍​ស្រែអំពូម ស្រុក​ពេជ្រា ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ចាក់​ឌីស​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ មើល​ដែរ។ ប៉ុន្តែ ពលរដ្ឋ​ទាំង​នោះ​មិន​ហ៊ាន​ប្ដឹង​មេ​ប៉ុស្តិ៍​នោះ​ទេ ដោយសារ​តែ​ពួក​គាត់​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ។

បើ​តាម​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​មណ្ឌលគិរី មិន​ទាន់​ទទួល​បាន​បណ្ដឹង​ណា​មួយ​ពី​គ្រប់​មជ្ឈដ្ឋាន​នៅ​ឡើយ​ទេ។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​នយោបាយ សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ ការ​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ណា​មួយ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។