ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មុន​និង​ក្រោយ​ការ​បោះ​ឆ្នោត

0:00 / 0:00

បើ​និយាយ​អំពី​ប្រជាប្រិយភាព​នៃ​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា វិញ គណបក្ស​ប្រឆាំង​ហាក់​កំពុង​បោះ​ពួយ​ដណ្ដើម​ប្រជាប្រិយភាព​ជាច្រើន​ពី​គណបក្ស​កាន់​អំណាច​នៅ​មុន​ការ​បោះ​ឆ្នោត និង​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ។ តើ​គណបក្ស​ប្រឆាំង​គួរ​តែ​ធ្វើ​យ៉ាង​ដូចម្តេច ដើម្បី​រក្សា​ប្រជាប្រិយភាព​របស់​ខ្លួន​ឲ្យ​បាន​គង់វង្ស?

មនុស្ស​ជាច្រើន​បាន​ដឹង​សឹង​គ្រប់ៗ​គ្នា​ទៅ​ហើយ​ថា ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្រោយ​ការ​បោះ​ឆ្នោត កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ បាន​ធ្លាក់​ចុះ​យ៉ាង​ដុនដាប​តែ​ម្តង។

ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស អ្នក​ខ្លះ​ស្រែក​តាំង​ពី​មុខ​សេតវិមាន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក រហូត​ដល់​ស្ថានទូត​ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ទាមទារ​ឲ្យ​អាមេរិក ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​ដំណែង។

រីឯ​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កាលៈទេសៈ​នេះ​វិញ មាន​ការ​កើន​ឡើង​ខ្លាំង ហើយ​នៅ​កំពុង​បន្ត​កើន​ឡើង បើ​ទោះ​បី​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​របស់ លោក ហ៊ុន សែន បាន​សម្លាប់​ក្រុម​បាតុករ​ចំនួន ៧​នាក់ ក្រោយ​ការ​បោះ​ឆ្នោត បំបែក​ហ្វូង​បាតុករ​យ៉ាង​ហិង្សា​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ និង​ព្យាយាម​បំបែក​សាមគ្គី​ភាព​របស់​ក្រុម​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​ម្តង​ហើយ​ម្តង​ទៀត​យ៉ាង​ណា​ក៏ដោយ។

មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ក្នុង​ស្រុក អាជីវករ​លក់​ដូរ​កំប៉ិកកំប៉ុក​ក្នុង​ផ្សារ គ្រូបង្រៀន មន្ត្រី​រាជការ សិស្ស​សាលា យោធា និង​ព្រះសង្ឃ ដូនជី និង​តា​អាចារ្យ​ប៉ុណ្ណោះ​ទេ ដែល​កំពុង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ទឹក​បាក់​ទំនប់​ទប់​លែង​បាន​នោះ តែ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​បណ្ដា​ប្រទេស​លោក​សេរី ក៏​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ផង​ដែរ។

ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រីក​លូតលាស់​នេះ មិន​មែន​មក​ពី​បុគ្គល លោក សម រង្ស៊ី និង​លោក កឹម សុខា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារ​ចរន្ត​ប្រជាធិបតេយ្យ​បាន​ពុះ​កញ្ជ្រោល​កាន់​តែ​ខ្លាំង​ឡើង ក្រោយ​ពេល​គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ច្របាច់​បញ្ចូល​គ្នា​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២។

ម្យ៉ាង​ទៀត នៅ​ស្រប​ពេល​ដែល​ក្តី​សង្ឃឹម​របស់​មហាជន​គ្មាន​ទីពឹង គ្មាន​ការ​ទទួល​ខុស​ត្រូវ​ពី​សំណាក់​រដ្ឋាភិបាល គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្រិត​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ស្រប​ពេល​ដែល​តុលាការ​ផ្តល់​យុត្តិធម៌​ឲ្យ​តែ​ខាង​នាយ​ទុន និង​ក្រុម​អ្នក​មាន​អំណាច។ ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​កើន​ឡើង​ខ្ពស់​នេះ ក៏​នៅ​ចំ​ពេល​ដែល​សំឡេង​ម្ខាង​ទៀត គឺ​ក្រុម​រាជា​និយម​អវត្តមាន​ពី​ពិភព​នយោបាយ ហើយ​គ្មាន​គណបក្ស​ផ្សេង​ទៀត​ដែល​មាន​សមត្ថភាព និង​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង។

លើស​ពី​នេះ​ទៀត ការ​បង្ក្រាប​បាតុកម្ម​យ៉ាង​ចាស់​ដៃ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​នៅ​លើ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ឆ្នាំ​២០១៤ ការ​ប្រើប្រាស់​កង​កម្លាំង​បំបែក​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពី​ទីលាន​ប្រជាធិបតេយ្យ ការ​វាយ​បង្ហូរ​ឈាម​បង្ក​របួស​ដល់​ក្រុម​អ្នក​តវ៉ា រួម​មាន យុវជន ព្រះសង្ឃ និង​សូម្បី​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ស្រូប​យក​ប្រជាប្រិយភាព​ពី​បក្ស​កាន់​អំណាច​ដោយ​មិន​បាច់​ខំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាន់​តែ​ធ្វើ​ឲ្យ​កម្ដៅ​នៃ​កំហឹង​មហាជន​ពុះ​កញ្ជ្រោល​ប្រឆាំង​នឹង​ការ​ដឹក​នាំ​របស់​បក្ស​កាន់​អំណាច​ទៅ​ទៀត។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ប្រសិន​បើ​មេ​ដឹក​នាំ​នៃ​របប​មួយ​ជួប​វិបត្តិ​ស្រុត​ចុះ​ខាង​ប្រជាប្រិយភាព និង​វិបត្តិ​នៃ​ការ​អស់​ជំនឿ​ពី​មហាជន នោះ​អំណាច​នៃ​ការ​គ្រប់គ្រង​ប្រទេស​ក៏​នឹង​អាច​ជួប​វិបត្តិ​ដូច​គ្នា​នេះ​ដែរ។

ក៏ប៉ុន្តែ ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​ក៏​អាច​កើន​ឡើង​បាន​ដែរ គឺ​នៅ​ពេល​បក្ស​មួយ​នេះ​ចិត្ត​សឿង​ហ៊ាន​កែ​ទម្រង់​ស៊ី​ជម្រៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ជាតិ គឺ​បំបាត់​អំពើ​ពុក​រលួយ​យ៉ាង​អនាធិបតេយ្យ​ពី​លើ​ដល់​ក្រោម ហើយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​នោះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ស្រប​ពេល​ដែល​មាន​ការ​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​ធ្វើ​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​បក្ស និង​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព នោះ​បក្ស​ប្រឆាំង​ក៏​ត្រូវ​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​របស់​ខ្លួន​ឲ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង ដើម្បី​ជៀសវាង​ភាព​ប្រេះឆា​រវាង​មេ​ដឹក​នាំ​បក្ស​ទាំង​ពីរ​ទៅ​ថ្ងៃ​អនាគត។ ម្យ៉ាង​ទៀត ដើម្បី​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​បក្ស​មាន​អំណាច​ជាង​បុគ្គល​ជា​អ្នក​ដឹក​នាំ ហើយ​មាន​តម្លាភាព​ក្នុង​ការ​គ្រប់គ្រង។

គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ឡើង​ផ្អែក​លើ​គោលការណ៍​បែង​ចែង​គណៈកម្មការ​បី​ដាច់​ពី​គ្នា​ប្រកប​ដោយ​តម្លាភាព គឺ​គណៈកម្មការ​ប្រតិបត្តិ គណៈកម្មការ​នាយក និង​គណៈកម្មការ​វិន័យ។

បើ​ទោះ​បី​ជា​គណៈកម្មការ​ទាំង​បី​នេះ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​របស់​បក្ស​ប្រឆាំង​ក៏ដោយ ក៏ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់​ស្រប​ជាមួយ​ទស្សនៈ​របស់ លោក អ៊ូ វីរៈ ដែល​ចង់​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង។

លោក កឹម សុខា បញ្ជាក់​ថា អ្វី​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​ធ្វើ​ចំពោះ​មុខ គឺ​ការ​កែ​ទម្រង់​នៃ​ការ​អនុវត្ត​ជាក់ស្តែង​លើ​រចនាសម្ព័ន្ធ ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។ លោក កឹម សុខា បញ្ជាក់​ថា ដើម្បី​ឲ្យ​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​នៅ​គង់វង្ស​យូរ​អង្វែង​នោះ បក្ស​ប្រឆាំង​ត្រូវ​ខិតខំ​បំពេញ​ចិត្ត​រាស្ត្រ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ការ​ដឹក​នាំ​សង្គម ហើយ​មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​មិន​ត្រូវ​បែក​បាក់​គ្នា​ដោយ​ប្រការ​ណា​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។