ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសិទ្ធិមនុស្សអះអាងថា ការចូលរួមធ្វើបាតុកម្មនេះជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូប មិនមែនជាការកំណត់ចំនួនណាមួយពិតនោះទេ គឺអាស្រ័យលើអ្នកដែលចង់ចូលរួមតែប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថា ការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៧ កញ្ញា នឹងមានអ្នកចូលរួមយ៉ាងតិចបំផុត ២ម៉ឺននាក់ ហើយគណបក្សនេះនឹងមិនអាចហាមឃាត់អ្នកមកចូលរួមបានទេ។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានអនុគណៈកម្មការទទួលបន្ទុកព័ត៌មាន និងខ្លឹមសារ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មាននៅស្នាក់ការគណបក្សសង្គ្រោះជាតិ ចាក់អង្រែលើ នៅព្រឹកថ្ងៃទី៦ កញ្ញា ថា ការធ្វើបាតុកម្មក្នុងគោលបំណងទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តាមរយៈការបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលទ្ធផលបោះឆ្នោត ដូច្នេះប្រជាពលរដ្ឋទាំងអស់មានសិទ្ធិមកចូលរួមក្នុងបាតុកម្មអហិង្សានេះបានទាំងអស់គ្នា។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ការធ្វើបាតុកម្មនឹងចាប់ផ្ដើមពីម៉ោង ៧ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ហើយពីម៉ោង ៧ដល់ម៉ោង៩ ឲ្យប្រជាពលរដ្ឋបញ្ចេញមតិទាមទារនូវអ្វីដែលពួកគាត់ចង់បាន និងចាប់ពីម៉ោង ៩ ដល់ម៉ោង ១២ថ្ងៃត្រង់ ប្រធាន និងអនុប្រធានគណបក្ស ថ្លែងទៅកាន់ប្រជាពលរដ្ឋចូលរួម។ អ្នកស្រី មូរ សុខហួរ បញ្ជាក់ទៀតថា ការធ្វើបាតុកម្មរយៈពេលមួយព្រឹកនេះ គឺមិនមែនជាថ្ងៃបញ្ចប់ទេ នឹងមានកម្មវិធីជាបន្តបន្ទាប់ទៀត អាស្រ័យលើការប្រែប្រួលជាក់ស្ដែង។
ការប្រកាសរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ នេះ នៅបន្ទាប់សាលារាជធានីភ្នំពេញ បានចេញលិខិតអនុញ្ញាតកាលពីថ្ងៃទី៥ កញ្ញា ឲ្យគណបក្សសង្រ្គោះជាតិ ធ្វើមហាបាតុកម្មអហិង្សាទៅតាមការស្នើសុំ។ ប៉ុន្តែ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យបាតុករចូលរួមលើសពី ១ម៉ឺននាក់ទេ។ ការកំណត់នេះ ទៅតាមទំហំទីលានប្រជាធិបតេយ្យ។ ក្រៅពីនេះ សាលារាជធានីភ្នំពេញ ក៏ហាមមិនឲ្យបាតុករដើរហែក្បួនចេញពីទីលានប្រជាធិបតេយ្យ និងការបោះជំរុំណាមួយ ដើម្បីបន្តធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យ ឬនៅទីកន្លែងសាធារណៈដទៃទៀតទេ។
នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៥ កញ្ញា មន្ត្រីនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា មន្ត្រីសមត្ថកិច្ចនឹងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងការធ្វើបាតុកម្មអហិង្សានេះ។ ទោះជាយ៉ាងណា លោកបន្ថែមថា ការធ្វើបាតុកម្មនេះ ក្រសួងមហាផ្ទៃ ក៏អនុញ្ញាតឲ្យអ្នកចូលរួមមិនលើសពី ១ម៉ឺននាក់ទេ។
ឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី ចរិយា ពន្យល់ថា ច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី គឺមិនអាចកំណត់ចំនួនមនុស្សចូលរួមបានទេ ពីព្រោះថា សិទ្ធិក្នុងការបញ្ចេញមតិ មនុស្សគ្រប់រូបមានសិទ្ធិដូចគ្នាទាំងអស់។

១-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។

២-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។

៣-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។

៤-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។

៥-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។

៦-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។

៧-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។

៨-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។

៩-សកម្មភាពសកម្មជនគណបក្សសង្គ្រោះជាតិ រៀបចំធ្វើបដា និងរបស់របរផ្សេងៗ សម្រាប់អ្នកចូលរួមបាតុកម្មនៅថ្ងៃ៧ កញ្ញា ឆ្នាំ២០១៣។
ទន្ទឹមនឹងនេះ អនុប្រធានអនុគណៈកម្មការទទួលបន្ទុកព័ត៌មាន និងខ្លឹមសារគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យដឹងថា នៅក្នុងរយៈពេលកន្លងមកនេះ អាជ្ញាធររបស់រដ្ឋាភិបាលបានហាមឃាត់ប្រជាពលរដ្ឋមិនឲ្យប្រជាពលរដ្ឋចូលមកទីក្រុងភ្នំពេញ ដើម្បីមកចូលរួមក្នុងបាតុកម្មនេះទេ។ លោកបញ្ជាក់ថា អាជ្ញាធរកំពុងតែប្រព្រឹត្តទង្វើខុសច្បាប់ ពីព្រោះកម្ពុជា មិនមែនជាសង្គមកុម្មុយនីស្តទៀតទេ។ លោកអំពាវនាវឲ្យអាជ្ញាធរបញ្ឈប់ជាបន្ទាន់ចំពោះទង្វើហាមឃាត់នេះ។
បន្ថែមពីលើនេះទៀត អ្នកស្រី មូរ សុខហួរ បានឲ្យដឹងថា ការធ្វើមហាបាតុកម្មអហិង្សានេះ គណបក្សសង្គ្រោះជាតិ នឹងសម្រួលដល់អ្នកសារព័ត៌មាន និងចែកប័ណ្ណសម្រាប់អ្នកសារព័ត៌មាន បន្ថែមពីប័ណ្ណសារព័ត៌មានដែលមានស្រាប់ជូនអ្នកសារព័ត៌មាន ដើម្បីថតរូប និងថតសំឡេងនៅលើឆាក ដែលមានប្រធាន និងអនុប្រធានគណបក្សថ្លែងទៅកាន់ប្រជាពលរដ្ឋនៅថ្ងៃធ្វើបាតុកម្មនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
