សង្គម​ស៊ីវិល​និង​បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ប្រកួត​បោះ​ឆ្នោត

0:00 / 0:00

ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ការ​ប្រកួត​ប្រជែង​គ្មាន​តម្លាភាព​នោះ​ទេ ដោយសារ​តែ​គណបក្ស​កាន់​អំណាច​មាន​ប្រៀប​ជាង​គណបក្ស​ប្រកួត​ប្រជែង​ដទៃ​ទៀត ទាំង​សម្ភារៈ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ថវិកា ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​ការ​ប្រកួត​ប្រជែង​នោះ​មាន​តម្លាភាព និង​យុត្តិធម៌ ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ ត្រូវ​បាន​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧ និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​មក​ពិភាក្សា​ផុសផុល​ជាង​គេ​នៅ​សិក្ខា​សាលា​មួយ នៅ​ថ្ងៃ​ទី​៧ មីនា ដែល​រៀប​ចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​លើក​ឡើង​ថា ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ ដែល​រដ្ឋ​ត្រូវ​ផ្ដល់​ជូន​សម្រាប់​គណបក្ស​ចូល​រួម​ប្រកួត​ប្រជែង​នោះ មាន​សារសំខាន់​ណាស់​សម្រាប់​ឲ្យ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌ ពីព្រោះ​ការ​ប្រកួត​ប្រជែង​កន្លង​មក គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​ជាង​គណបក្ស​ផ្សេងៗ​ទៀត។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​បង្កើត​ច្បាប់​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​ដែល​យក​ថវិកា​ពី​រដ្ឋ​នេះ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា។ តែ​លោក​បញ្ជាក់​ថា ការ​ផ្ដល់​ជូន​ឲ្យ​គណបក្ស​នយោបាយ​នោះ គឺ​មាន​លក្ខខណ្ឌ​ច្បាស់​លាស់។

«សំឡេង»

ក្រៅ​ពី​លើក​ពី​កម្ពុជា ត្រូវ​មាន​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​នេះ គឺ​អង្គ​សិក្ខា​សាលា​បាន​លើក​ពី​បញ្ហា​ជាច្រើន​ទៀត ដែល​ត្រូវ​កែ​ទម្រង់​ចំពោះ​ការ​បោះ​ឆ្នោត​ខាង​មុខ ដូច​ជា ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ជាដើម។

«សំឡេង»

ការ​រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​ក្របខ័ណ្ឌ​កំណែ​ទម្រង់​កិច្ច​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ក៏​បាន​អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មក​ចូល​រួម​ដែរ តែ​តំណាង​គណបក្ស​នេះ​មិន​បាន​មក​ចូល​រួម​នោះ​ទេ។ ហើយ​អនុសាសន៍​នៃ​សិក្ខា​សាលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​គណៈកម្មការ​ចម្រុះ ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១០ មីនា ខាង​មុខ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា មាន​ប្រសាសន៍​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាមទារ​ឲ្យ​មាន​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នេះ​តាំង​ពី​ឆ្នាំ​២០០៨ មក តែ​លោក​បញ្ជាក់​ថា គ.ជ.ប មិន​មែន​ជា​អ្នក​សម្រេច​នោះ​ទេ សំខាន់ គឺ​សភា​ជា​អ្នក​អនុម័ត​ច្បាប់ ហើយ គ.ជ.ប ចាំ​តែ​អនុវត្ត​តាម​ប៉ុណ្ណោះ។

«សំឡេង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​ជា​រឿង​មួយ តែ​សំខាន់​ជាង​នេះ​ទៀត គឺ​ការ​ផ្លាស់​ប្ដូរ​សមាសភាព​ថ្នាក់​ដឹក​នាំ គ.ជ.ប ជា​រឿង​សំខាន់​ជាង​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ។

«សំឡេង»

លោក គល់ បញ្ញា បញ្ជាក់​ថា ថវិកា​ដែល​រដ្ឋ​ត្រូវ​ផ្ដល់​ឲ្យ​គណបក្ស​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​មួយ​អាណត្តិ​នោះ ប្រមាណ​ជា ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក គ្រប់គ្រាន់​ហើយ​សម្រាប់​គណបក្ស​នីមួយៗ។

របាយការណ៍​អង្គការ ខុមហ្វ្រែល (Comfrel) ស្ដីពី​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ កន្លង​ទៅ​រក​ឃើញ​ថា គណបក្ស​បី​ដែល​ប្រើប្រាស់​ថវិកា​ច្រើន​ជាង​គេ​ក្នុង​ការ​បោះ​ឆ្នោត​នោះ មាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​ថវិកា​ប្រមាណ ១៥​លាន​ដុល្លារ​សហរដ្ឋ​អាមរិក។ គណបក្ស​សង្គ្រោះ​ជាតិ ប្រើប្រាស់​ថវិកា​ប្រមាណ ៣​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រើប្រាស់​ថវិកា​អស់​ប្រមាណ ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។