ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានបញ្ជាក់ប្រាប់បាតុករថា ការបរាជ័យក្នុងការជំរុញឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតី នៃការបោះឆ្នោត ក៏ព្រោះតែគណបក្សកាន់អំណាចមិនហ៊ានទទួលស្គាល់ការពិត ហេតុនេះជម្រើសចុងក្រោយ គឺបាតុកម្មផ្ដាច់ព្រ័ត្រទាមទារឲ្យមានការបោះឆ្នោតឡើងវិញតែម្ដង។
ក្រៅពីមានការថ្លែងសុន្ទរកថារបស់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ អ្នកចូលរួមបាតុកម្មបានដង្ហែក្បួនបាតុកម្មតាមដងវិថីសំខាន់ៗមួយចំនួន ដោយប្រកូកប្រកាសទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។ ក្បួនដង្ហែបាតុកម្មដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានចាប់ផ្ដើមហែចេញពីទីលានប្រជាធិបតេយ្យនៅម៉ោងជិត ៤រសៀល ថ្ងៃទី១៥ ធ្នូ ឆ្ពោះទៅកាន់វិថីកម្ពុជាក្រោម និងទៅកាន់ផ្លូវមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ ហើយវិលចូលទីលានប្រជាធិបតេយ្យវិញ នៅពេលព្រលប់ថ្ងៃដដែល។
ក្បួនដង្ហែបាតុកម្មនេះ ពុំមានការរារាំងពីក្រុមសមត្ថកិច្ចឡើយ។ ក្រុមសមត្ថកិច្ចបានជួយសម្រួលចរាចរណ៍ដល់ក្រុមបាតុករ និងអ្នកធ្វើដំណើរ។
គណបក្សសង្គ្រោះជាតិ ប្រកាសបញ្ជាក់ពីជំហររបស់ខ្លួនថា ចាប់ពីថ្ងៃទី១៥ ខែធ្នូ រហូតទៅ នឹងដឹកនាំធ្វើមហាបាតុកម្មអហិង្សាជារៀងរាល់ថ្ងៃ ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅក្នុងប្រទេសកម្ពុជា។ មហាបាតុកម្មអហិង្សានេះ នឹងបន្តធ្វើជារៀងរហូតទាល់តែមានដំណោះស្រាយ ឬមានការបោះឆ្នោតសភានីតិកាលទី៥ ជាថ្មី ទើបបញ្ឈប់ការប្រមូលផ្តុំ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក វណ្ណ វិចារ អំពីព្រឹត្តិការណ៍ថ្ងៃបាតុកម្មដំបូងនេះ៖
ពលរដ្ឋប្រាប់ពីមូលហេតុមកចូលរួមធ្វើបាតុកម្ម
ដោយ អ៊ុក សាវបូរី
កសិករជាច្រើនបានទុកចោលការប្រមូលផលស្រូវ ដំឡូង ពោត ជាដើម មកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មកពីគ្រប់ខេត្ត ក្រុង បានទាមទារឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចេញពីតំណែង និងសុំឲ្យមានការបោះឆ្នោតឡើងវិញ។
ការទាមទារនេះបានធ្វើឡើងក្នុងការជួបជុំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងទីលានប្រជាធិបតេយ្យ។
គ្រូបង្រៀនវិទ្យាល័យបឹងកេងកង លោក សេង ថាវរក្ស ឲ្យដឹងថា ក្នុងនាមជាមន្ត្រីរាជការប្រាក់ខែចាយមិនគ្រាន់សម្រាប់ម្នាក់។ ទន្ទឹមនោះ ប្រាក់ខែកូន ៥ពាន់រៀលមិនអាចទិញបាយ ១ចាន សម្រាប់១ពេលផង តើឲ្យគ្រួសារគាត់រស់នៅដូចម្ដេច?
លោក សេង ថាវរក្ស៖ «ឲ្យ ហ៊ុន សែន គាត់ធ្វើរហូតក៏បានដែរ ក៏ទទួលយកដែរ ប៉ុន្តែគាត់អត់ត្រឹមត្រូវ គាត់ត្រូវតែចុះចេញ ដើម្បីឲ្យអ្នកថ្មីដឹកនាំស្អាតស្អំ សមរម្យ យុត្តិធម៌ត្រឹមត្រូវ។ កូនម្នាក់បាន ៥ពាន់ ប្រពន្ធម្នាក់បាន ៥ពាន់ ដល់អ៊ីចឹង ៥ពាន់ហ្នឹងចាយគ្រាន់អត់ក្នុង១ខែ? ឲ្យសភាគាត់ហ្នឹង ឲ្យកូនគាត់ចាយឲ្យបានអត់? កូនមន្ត្រីសភា និងកូន ហ៊ុន សែន ហ្នឹង ឲ្យគាត់ចាយមើល៍ ឲ្យគាត់បង្រៀនប្រជាជនចាយមើល៍ ប្រាក់ខែ ៥ពាន់ហ្នឹង មិនបានសាំង ១លីត្រ ក្នុង១ខែ ហើយគាត់ធ្វើអ៊ីចឹងម៉េចត្រឹមត្រូវ»។
ក្រុមប្រឹក្សាស្រុកមេមត់ លោក គង់ សំអាន ឲ្យដឹងថា ភូមិខ្មែរជាច្រើនកំពុងតែឲ្យជនជាតិវៀតណាម កាន់កាប់និងរស់នៅ។ លោកថា ភូមិអំផុល ក្នុងឃុំច័ន្ទមូល ស្រុកមេមត់ ជាភូមិខ្មែរ ត្រូវវៀតណាម គ្រប់គ្រងបច្ចុប្បន្ន។ នៅពេលបោះឆ្នោតថ្ងៃ២៨ ខែកក្កដា ភូមិនោះមានឈ្មោះក្នុងបញ្ជី គ.ជ.ប ប៉ុន្តែវៀតណាម មិនឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតទេ។ មូលហេតុនេះ ទើបមន្ត្រីរាជការមកចូលរួមបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ទាមទារឲ្យអ្នកដឹកនាំចុះចេញពីតំណែង ដើម្បីឲ្យអ្នកថ្មីបានសើរើកំណត់ព្រំដែនកម្ពុជានិងប្រទេសជិតខាងឡើងវិញ។
លោក គង់ សំអាន៖ «ឥឡូវនៅទឹកដីយួនកាន់កាប់ ដាក់ផ្លាកយួននៅមុខ នៅមាត់ច្រកចូលភូមិជាអក្សរយួន ហើយប្រជាពលរដ្ឋរស់នៅក្នុងហ្នឹង យួនវាគ្រប់គ្រង មិនមែនសុទ្ធតែយួនទេ ខ្មែរ ប៉ុន្តែយួនវាគ្រប់គ្រង»។
កសិករមកពីខេត្តតាកែវ ស្រុកត្រាំកក់ និងស្រុកព្រៃកប្បាស អះអាងថា គាត់ទុកស្រូវទុំពេញស្រែចោល ហើយចំណាយលុយផ្ទាល់ខ្លួនមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ ព្រោះកសិផល ស្រូវ កំពុងធ្លាក់ថ្លៃក្រោម ១ពាន់រៀលក្នុង១គីឡូក្រាម។ តម្លៃស្រូវចុះថោកនេះ ផ្ទុយពីទំនិញនាំចូលដែលបានឡើងថ្លៃ មូលហេតុនេះគាត់មកទាមទារឲ្យអ្នកដឹកនាំសព្វថ្ងៃចុះចេញពីតំណែង។
កសិករមកពីខេត្តតាកែវ៖ «ទាមទារផ្លាស់ប្ដូរ ចង់ឲ្យដូរតែម្ដង ដូរចោលតែម្ដង ឲ្យលោក ហ៊ុន សែន ចុះចេញតែម្ដង។ គាត់ដឹកនាំប្រទេសជាតិហ្នឹង ដូចថាអត់រីកចម្រើនទៅមុខសោះ។ ៧ មករា រីកស្គុះស្គាយហើយ គឺរីកតែអ្នកធំ អ្នកតូចប្រជាពលរដ្ឋដូចខ្ញុំល្ហេមល្ហាម មានរីកអី? វិឡារាប់ភ្លេច សែ ហ៊ុន មានទាំងអស់ សែប្រជាជនល្ហេមល្ហាម»។
ជនជាតិភាគតិចគ្រឹង ឃុំតាវែងលើ ខេត្តរតនគិរី ឲ្យដឹងថា គាត់គាំទ្រឲ្យមានការបោះឆ្នោតឡើងវិញ ព្រោះដីកសិកម្ម និងដីកេរដូនតា ត្រូវរដ្ឋាភិបាលអាណត្តិទី៤ ផ្ទេរឲ្យក្រុមហ៊ុនវៀតណាម ឈូសបំផ្លាញដំណាំ ផ្ទះសម្បែង ព្រៃអភិរក្សដូនតា ហើយចោទថា ជនជាតិដើមនោះរស់នៅក្នុងដីសម្បទានសេដ្ឋកិច្ចទៅវិញ៖ «ដីស្រែចម្ការរំលោភអស់ទៅហើយ ប៉ុន្តែអត់ទាន់មកដល់ខ្ញុំទេ វានឹងឈានមកដល់ខ្ញុំដែរ បើសិនជានាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ នៅតែបន្ត ដូច្នេះហើយបានជាខ្ញុំខំប្រឹងទប់ស្កាត់មែនទែន ហើយមិនត្រឹមតែប៉ុណ្ណឹងទេ មានការរំលោភបំពានលើរ៉ែនៅតាមដងទន្លេសេសាន ក្រុមហ៊ុនចិន គេគម្រោងបូមមាសទាំងអស់»។
ពលរដ្ឋមកពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី មិនបញ្ចេញឈ្មោះឲ្យដឹងថា ដីរ៉ែនិងព្រៃឈើក្នុងខេត្តមណ្ឌលគិរី ត្រូវរដ្ឋាភិបាលអាណត្តិមុនផ្ដល់ឲ្យក្រុមហ៊ុនបរទេសជីកយក និងបំផ្លាញអស់ ហើយដេញពលរដ្ឋកំពុងរស់នៅដោយអាវុធ ទើបគាត់ចំណាយប្រាក់ផ្ទាល់ខ្លួនម្នាក់ ៥ម៉ឺនរៀល មកគាំទ្រគណបក្សសង្គ្រោះជាតិ សុំឲ្យកែទម្រង់អ្នកដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន៖ «ខ្ញុំអរណាស់ បើសិនជាលោកថ្នាក់ដឹកនាំបានឲ្យបោះឆ្នោតសាថ្មី ប្រជាពលរដ្ឋខ្ញុំក៏ទាមទារអ៊ីចឹងដែរ ព្រោះថា បាត់សន្លឹកឆ្នោតច្រើនណាស់។ ដូចថា បានលុយបន្តិចបន្តួចហ្នឹងមកធ្វើបាតុកម្មដើម្បីជាតិ ព្រោះខ្ញុំជាខ្មែរ ខ្លាចបាត់បង់ទឹកដី ព្រោះដីសម្បទានហ្នឹង ៩៩ឆ្នាំ ខ្ញុំស្លាប់បាត់អត់ទៅហើយ បើអ៊ីចឹងខ្ញុំតំណែងដូចថា ទំពាំងស្នងឫស្សី ដើម្បីជាតិយើងរស់ កូនចៅយើងរស់ថ្ងៃក្រោយ»។
ស្ត្រីមកពីស្រុកពាមជរ ខេត្តព្រៃវែង ឲ្យដឹងថា ក្រោយពីគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតបាន ៩០កៅអី នៅអាណត្តិទី៤មក ការដឹកនាំប្រទេសកាន់តែអាក្រក់ ព្រោះធនធានធម្មជាតិវិនាសស្ទើរសូន្យ ហើយបន្លំជាលេសដាំកូនឈើតិចតួចមិនស្មើទំហំកាប់បំផ្លាញ។ រីឯកុងត្រា វិនិយោគផ្ដល់ទៅឲ្យជនបរទេសកាន់កាប់ធនធានក្នុងស្រុក ឡើងដល់ទៅ ៩៩ឆ្នាំ។ ទន្ទឹមនោះមន្ត្រីរាជការ តំណាងរាស្រ្ត មើលងាយអ្នកបោះឆ្នោតឲ្យ ទើបគាត់មកសុំឲ្យប្ដូរអ្នកដឹកនាំ ឬបើសឿង សូមបើកឲ្យបោះឆ្នោតឡើងវិញ៖ «ខ្ញុំមកនេះ សុំទាមទារឲ្យសម្ដេច ហ៊ុន សែន ចុះចេញពីតំណែង ខ្ញុំលែងត្រូវការគាត់ហើយ ព្រោះគាត់លក់ព្រៃឈើ លក់ភ្នំ លក់រ៉ែអស់ហើយ»។
កសិករមកពីខេត្តបាត់ដំបង ស្រុកសំពៅលូន ឈ្មោះ ភក្តី ឲ្យដឹងថា មុនបោះឆ្នោតអ្នកឃោសនាសុទ្ធតែអះអាងថា ឲ្យតម្លៃកសិផលឡើងថ្លៃ ទីបំផុតតម្លៃលក់ចេញដំឡូងនៅស្រុកនោះបានធ្លាក់ថ្លៃជាងឆ្នាំមុន៖ «បាតុកម្មធ្វើរហូត វាប៉ះពាល់នឹងសេដ្ឋកិច្ច ប៉ុន្តែបើមិនមកធ្វើ ក៏វាទាក់ទងនៅលើសេដ្ឋកិច្ចហើយ ព្រោះសេដ្ឋកិច្ចឥឡូវ ទីផ្សារ ទំនិញរបស់ចិន វាឡើងថ្លៃកប់ពពកទៅហើយ។ ចំណែកកសិផលរបស់កសិករវិញ ទាបបំផុតតែម្ដង ចុះៗដល់ទាប ធ្វើលែងចង់កើតតែម្ដង។ ស្រូវឥឡូវនៅ ១គីឡូ អត់បាន ១ពាន់ផង តែ ៦០០ ទៅ ៧០០ គ្នាលែងចង់ធ្វើហើយ តែបើមិនធ្វើទុកដីចោលវាអត់កើត»។
ផ្ទុយពីនោះ ពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ស្រុកថ្មពួក អះអាងថា តម្លៃជួញដូរមើមដំឡូងមី កំពុងឡើងថ្លៃជាងឆ្នាំមុន ហើយក៏មិនមានកុងត្រូលជជុះទារយកលុយដូចឆ្នាំមុន ដែលពលរដ្ឋកាលនោះខ្លាចគេមិនហ៊ានមិនតវ៉ា ប៉ុន្តែក្រោយពីប្រជាពលរដ្ឋបះបោរតវ៉ា រួបរួមជាមួយគណបក្សសង្គ្រោះជាតិមក ក្រុមមន្ត្រីធ្លាប់ជំរិតយកប្រាក់តាមផ្លូវបានថយ៖ «ស្រូវនៅពេលចេញទៅថៃ ១គីឡូរហូតដល់ ១០បាតជាងទៅហើយ លុយបាត។ ប៉ុន្តែកុងត្រូលវាក៏យកថ្លៃដែរ នៅចំណុចច្រកជាយដែនបឹងត្រកួន វាយកថ្លៃដែរ ក៏ប៉ុន្តែនៅពេលពលរដ្ឋតវ៉ា វាហាក់ដូចជាធ្វើសម្របសម្រួលបាន អត់សូវមានបញ្ហាតានតឹងទេ។ តែកាលមុនវាយក ១ឡាន ៣ពាន់បាត ហើយបងប្អូនពលរដ្ឋមួយចំនួន បើនិយាយឲ្យចំទៅ គាត់ថា បើធ្វើ ធ្វើឲ្យគាត់ចុះចេញតែម្តង ព្រោះពលរដ្ឋគាត់យល់ដឹងច្រើនណាស់»។
បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងថា ការជួបជុំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺជំហររបស់ពួកគេឈានម្ដងមួយជំហាន គឺពីការទាមទារសុំរាប់សន្លឹកឆ្នោតទៅជាការសុំបោះឆ្នោតឡើងវិញ៖ «ជំហានទី២ យើងទាមទារឲ្យកែទម្រង់ ដើម្បីឈានទៅកាន់ការបោះឆ្នោតសាឡើងវិញ មិនមែនបោះឆ្នោតនៅអាណត្តិទី៦ ទេ បោះឆ្នោតសាឡើងវិញ នៅអាណត្តិទី៥ ពីព្រោះអ្វីដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យឈ្នះ ឲ្យខ្មែរយើងមានគ្រឹះពិតប្រាកដលើលទ្ធិប្រជាធិបតេយ្យ ត្រូវតែស្ដាប់ប្រជាពលរដ្ឋ»។
បាតុករមកពីឃុំអមលាំង ខេត្តកំពង់ស្ពឺ សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា បាតុកម្មច្រើនដងរបស់គណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ បានធ្វើឲ្យអ្នកគ្រប់គ្រងអំណាចអន់ថយនូវភាពសាហាវដូចជាបាតុកម្មលើកទី១ មានរថក្រោះត្រៀមបាញ់បាតុករ។ ដល់មកបាតុកម្មបន្តបន្ទាប់មកទៀត កម្លាំងសមត្ថកិច្ចត្រៀមការពារតែផ្ទះនាយករដ្ឋមន្ត្រី។ លោកថា នេះជាជោគជ័យរបស់បាតុករ។ តែទោះយ៉ាងណា ការទាមទារនៅតែបន្តរហូតមានការកែទម្រង់អ្នកដឹកនាំ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បំភ្លឺតបនឹងការចោទពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានទេ នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។