មនុស្ស​ជាង​៥​ពាន់​នាក់​​ធ្វើ​បាតុកម្ម​ទាមទារ​ប្ដូរ​គ.ជ.ប

គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នេះ នា​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​សមាជិក​បក្ស​ប្រឆាំង​ជាង ៥​ពាន់​នាក់​ចូល​រួម។

0:00 / 0:00

ការ​ធ្វើ​បាតុកម្ម​នេះ​ឡើង គឺ​ដើម្បី​តវ៉ា ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ទាមទារ​ឲ្យ គ.ជ.ប អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល និង​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។

ក្រុម​បាតុករ​ថ្លែងការណ៍​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​ជាង ៣​ម៉ោង ដើម្បី​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ហែ​ក្បួន​មហា​បាតុកម្ម។ ការ​ហែ​ក្បួន​ដែល​មាន​សកម្មជន​ចូល​រួម​ប្រមាណ​ជាង ៥​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ទម្លុះ​រនាំង​សមត្ថកិច្ច​ពី​ទីលាន​ប្រជាធិបតេយ្យ​កាត់​តាម​ផ្លូវ​ប៉ាស្ទ័រ រហូត​មក​ដល់​ទីស្នាក់ការ​សហភាព​អឺរ៉ុប និង​បន្ត​ទៅ​កាន់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។

មុន​ហែ​ក្បួន ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា បាតុកម្ម​នេះ​មាន​សន្ទុះ​ខ្លាំងក្លា​ជាង​ពេល​ណាៗ​ទាំង​អស់។ លោក​បន្ត​ថា គណបក្ស​កាន់​អំណាច​ត្រូវ​តែ​កែ​ទម្រង់​សមាសភាព គ.ជ.ប ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

លោក កឹម សុខា ថែម​ទាំង​ប្រកាស​ហៅ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បី​បើក​ការ​ជជែក​ត​ទល់​គ្នា​ពី​គោលនយោបាយ​ជា​សាធារណៈ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ទៀត​ផង៖ «បើ​សិន​ណា​គណបក្ស​ប្រជាជន​កម្ពុជា ថា​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាន ឬ​មិន​បាន មក​ដេញដោល​គ្នា​សាក​មើល៍ បើ​ចិត្ត​សឿង។ ខ្ញុំ​សូម​ផ្តាំ​ទៅ​លោក​នាយករដ្ឋមន្ត្រី បើ​ចិត្ត​សឿង​ចេញ​មក​ឃោសនា​មក កុំ​យក​តំណែង​តួនាទី​រដ្ឋ និង​មធ្យោបាយ​រដ្ឋ​មក​រិះគន់​វាយ​ប្រហារ​គណបក្ស​ប្រឆាំង គឺ​មិន​ស្រប​ច្បាប់​ឡើយ»

មិន​ត្រឹមតែ​លោក កឹម សុខា ទេ សែ​រាជវង្ស​ដែល​ចូល​គណបក្ស​ប្រឆាំង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏​ឡើង​ថ្លែងការណ៍​សំដៅ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះអង្គ​មាន​បន្ទូល​ថា គណបក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ឆ្នោត​ទើប​ប្រើ​យុទ្ធសាស្ត្រ​វាយ​ប្រហារ​សំដៅ​បុគ្គល​ព្រះអង្គ ហើយ​លោក ហ៊ុន សែន ឆ្លៀត​យក​ពាក្យ​ការពារ​រាជបល្ល័ង្ក​ដើម្បី​កេង​ចំណេញ​នយោបាយ។

បាតុករ​តវ៉ា​ចង​បូ​ពណ៌​ស​លើ​ក្បាល ដែល​មាន​សរសេរ​អក្សរ​ថា ដូរ គ.ជ.ប អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ហើយ​ក៏​មាន​លើក​បដា និង​ស្រែក​ជយឃោស ប្រាប់​ពលរដ្ឋ​សង​ខាង​ផ្លូវ​ពី​បំណង​នៃ​មហា​បាតុកម្ម​ដែរ។

នៅ​តាម​ដង​ផ្លូវ​វិញ​មនុស្ស​ម្នា​ក្មេង​ចាស់ ប្រុស​ស្រី ឈរ​ត្រៀបត្រា​មើល​ការ​ដង្ហែ​ក្បួន ដោយ​អ្នក​ខ្លះ​លើក​ដៃ​ស្វាគមន៍ ហើយ​យុវជន​ជា​ច្រើន​យក​កាមេរ៉ា​ថត​រូប​ថែម​ទៀត។

ចំណែក​សមត្ថកិច្ច​វិញ ក៏​បាន​ដាក់​ពង្រាយ​កម្លាំង​គ្រប់​ស្ថាប័ន ដូចជា​កងកម្លាំង​បង្ក្រាប​កូដកម្ម បាតុកម្ម អង្គភាព​ចារកម្ម កងរាជអាវុធហត្ថ អង្គភាព​ពន្លត់​អគ្គីភ័យ។ សមត្ថកិច្ច​ទាំង​នោះ​ភាគ​ច្រើន​មិន​មាន​កាំភ្លើង​ជាប់​ខ្លួន​ទេ តែ​មាន​ដំបង​ឆក់ និង​ខែល​កាន់​ស្ទើរ​គ្រប់​ដៃ។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ចូល​រួម​បាតុកម្ម លោកស្រី ស្រី វី ថ្លែង​ថា គាត់​មិន​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​បន្តិច​ណា​ឡើយ បើ​ទោះ​ជា​ធ្លាប់​ដឹង​ថា រាល់​បាតុកម្ម​តែង​មាន​ការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ក៏ដោយ​ចុះ។

លោកស្រី​បន្ត​ថា គាត់​សប្បាយ​ចិត្ត​ដោយសារ​តែ​បាតុកម្ម​លើក​នេះ​ដង្ហែ​ក្បួន​ខុស​ពី​បាតុកម្ម​លើក​ទី​១៖ «លើក​នេះ​ពិត​ជា​អស្ចារ្យ​ជាង​មុន។ លើក​មុន​យើង​អត់​បាន​ដើរ​ហែ​ទេ ឥឡូវ​យើង​ធ្វើ​បាន​សម្រេច​ហើយ ដោយ​បាន​ដើរ​ហែ​ទាំង​អស់​គ្នា»

ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ថា ការ​ដើរ​ហែ​ក្បួន​របស់​គណបក្ស​ប្រឆាំង​ជា​ទង្វើ​រំលោភ​ច្បាប់ ផ្ទុយ​ពី​ការ​សន្យា​របស់​ខ្លួន​ជាមួយ​អាជ្ញាធរ។

លោក​បន្ត​ថា ចំពោះ​ការ​ឲ្យ​មាន​ការ​តតាំង​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មេ​បក្ស​ប្រឆាំង​នោះ គឺ​មិន​ចាំបាច់​នោះ​ទេ ព្រោះ​ថា ច្បាប់​កម្ពុជា មិន​តម្រូវ​ឡើយ៖ «ឯកឧត្ដម កឹម សុខា គាត់​មិន​មែន​ជា​ចៅក្រម ប៉ុន្តែ​ប្រជាពលរដ្ឋ​ទេ ជា​ចៅក្រម ដែល​គេ​ឃើញ​ថា តើ​ស្នាដៃ​របស់​សម្ដេច​បាន​ប៉ុណ្ណា ល្អ ឬ​អាក្រក់ ស្ថិត​នៅ​លើ​សន្លឹក​ឆ្នោត​ខែ​កក្កដា»

បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​១ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា មាន​មនុស្ស​ចូល​រួម​ប្រមាណ ៣​ពាន់​នាក់ ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ដាក់​ញត្តិ​ឲ្យ គ.ជ.ប ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​នោះ​ទេ។ តែ​មន្ត្រី គ.ជ.ប បាន​មក​ទទួល​ញត្តិ​របស់​បក្ស​ប្រឆាំង​ដល់​ទីលាន​ប្រជាធិបតេយ្យ។

បន្ទាប់​ពី​ហែ​ញត្តិ​ទៅ​ដល់​សហភាព​អឺរ៉ុប និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​បក្ស​ប្រឆាំង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​មន្ត្រី​នៅ​អង្គភាព​ទាំង​ពីរ​នោះ ដើម្បី​ជជែក​គ្នា​ពី​បំណង​បក្ស​ប្រឆាំង។ បន្ទាប់​មក​ភាគី​ទាំង​ពីរ​ក៏​សម្រេច​ទទួល​យក​ញត្តិ​របស់​បក្ស​ប្រឆាំង​ទៅ​ពិចារណា។ មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា គណបក្ស​ប្រឆាំង​នឹង​នៅ​តែ​តវ៉ា​ដរាប​ណា គ.ជ.ប នៅ​តែ​មិន​ឯករាជ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។