បក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​មិន​ប្ដូរ​ជំហរ​និង​គោលដៅ​ក្នុង​ការ​ចរចា

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ខ្លួន​មិន​បាន​ផ្លាស់ប្ដូរ​ជំហរ និង​គោលដៅ​របស់​ខ្លួន​ទេ​ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​កន្លង​មក ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រៀបចំ គ.ជ.ប ថ្មី។ ការ​ប្រកាស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​មាន​មន្ទិល​ថា ការ​ដោះលែង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ មេសា អាច​ជា​លទ្ធផល​នៃ​ការ​បន្ទន់​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

​ក្រោយ​ពី​មាន​ការ​ដោះលែង​សមាជិក​មួយ​ចំនួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី​មួយ​ចំនួន នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​ឡើង​វិញ​អំពី​ជំហរ​នយោបាយ និង​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ចរចា​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា កន្លង​មក។

សេចក្ដី​ថ្លែងការណ៍​បាន​ថ្លែង​ថា ការ​បង្កើត​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ឡើង គឺ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ផ្លាស់ប្ដូរ​ទេ និង​គណបក្ស​សុំ​ថ្លែង​អំណរ​គុណ​ចំពោះ​វីរភាព​ជនរងគ្រោះ​ទាំង​ឡាយ​ដែល​តែងតែ​ផ្ញើ​សារ​មក​ឲ្យ​អ្នក​ដឹកនាំ​គណបក្ស​ថា កុំ​យល់​ព្រម​យក​ពួក​គាត់​ធ្វើ​ជា​ថ្នូរ​ក្នុង​ការ​ចរចា​ណា​មួយ ហើយ​ត្រូវ​រក្សា​ជំហរ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ជាតិ​និយម និង​ប្រជាធិបតេយ្យ។

គេ​នៅ​ចាំ​បាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ មេសា ពោល​គឺ​នៅ​ប្រមាណ ១​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​ប្រជុំ​សភា​ដើម្បី​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​សមាសភាព គ.ជ.ប ថ្មី លោក ហ៊ុន សែន បាន​ដំឡើង​សំឡេង​ខ្លាំងៗ​វាយ​ប្រហារ​ទៅ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​របស់​អនុ​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​មាន​ការ​ដោះលែង​លោក មាជ សុវណ្ណារ៉ា ចេញ​ពី​ពន្ធនាគារ​ឲ្យ​បាន​មុន​ចូល​ឆ្នាំ​ខ្មែរ។ ​បើ​ស្ដាប់​សំឡេង និង​ការ​បញ្ចេញ​កំហឹង​របស់​លោក ហ៊ុន សែន ពេល​នោះ គេ​ហាក់​ពិបាក​នឹង​ជឿ​ថា លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​ដោះលែង​វិញ​ណាស់។

យ៉ាង​ណា​ក៏ដោយ ក្រោយ​ការ​គំរាម​របស់​លោក ហ៊ុន សែន មិន​ដល់​១​សប្ដាហ៍​ផង លោក មាជ សុវណ្ណារ៉ា សកម្មជន​បក្ស​ប្រឆាំង សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​តុលាការ​កាត់​ទោស​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នយោបាយ​ដែល​បាន​កើត​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ក៏​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ ពិសេស​ជាង​នេះ​ទៀត​នោះ ការ​ដោះលែង​សកម្មជន​ជន​បក្ស​ប្រឆាំង ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​​សមាសភាព គ.ជ.ប ថ្មី បាន​ប្រកាស​ចូល​កាន់​តំណែង។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មាន​មន្ទិល​ចំពោះ​ការ​ដោះលែង​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​យ៉ាង​ឆាប់​រហ័ស​ដូច​នេះ។

ទោះ​ជា​យ៉ាង​ណា ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៣ មេសា ពោល​គឺ​នៅ​បន្ទាប់​ពី​សកម្មជន​បក្ស​ខ្លួន​ត្រូវ​បាន​តុលាការ​ដោះលែង គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ក្នុង​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​សម្រេច​បង្កើត​បាន គ.ជ.ប ថ្មី​មួយ គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​ប្រែប្រួល​ជំហរ​របស់​ខ្លួន​ម្ដង​ណា​ឡើយ ហើយ​បាន​រក្សា​គោលដៅ​តាំង​ពី​ដើម​ទី​យ៉ាង​ជាប់​លាប់ គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​មាន គ.ជ.ប ថ្មី​មួយ ដែល​មាន​សមាសភាព​អាច​ទុក​ចិត្ត​បាន។

​សម្រាប់​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​លោក​បណ្ឌិត សុខ ទូច វិញ យល់​ឃើញ​ថា ការ​ប្រកាស​បញ្ជាក់​មិន​ប្រែប្រួល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រោយ​ការ​ប្រកាស​សមាសភាព គ.ជ.ប និង​នៅ​ក្រោយ​សកម្មជន​បក្ស​ខ្លួន​ត្រូវ​បាន​គេ​ដោះលែង​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បង្ហាញ​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា ពួកគេ​មិន​បាន​ទោរទន់​ជំហរ​ក្នុង​ពេល​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក​ថា អ្វី​ដែល​គណបក្ស​ប្រឆាំង​ធ្វើ គឺ​ដើម្បី​ការពារ​ប្រជាប្រិយភាព​របស់​ខ្លួន៖ «យើង​ឃើញ​ហើយ​ថា ថ្ងៃ​នេះ​លោក សម រង្ស៊ី និង​សម្ដេច​នាយក ដើរ​ជាមួយ​គ្នា​ទៅ​បើក​អង្គរ​សង្ក្រាន្ត មាន​ន័យ​ថា គេ​បារម្ភ​ខ្លាច​អ្នក​គាំទ្រ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាត់បង់ ត្រូវ​បាន​គេ​យក​ហើយ បាន​ត្រូវ​គ្នា​ទាំង​ដង​ទាំង​ផ្លែ​ហើយ អ៊ីចឹង​ដើម្បី​បង្ហាញ​អ្នក​គាំទ្រ គេ​ថា​គេ​អត់​ទេ គេ​ត្រូវ​និយាយ​មុន អ៊ីចឹង​វា​ជា​យុទ្ធសាស្ត្រ​របស់​អ្នក​នយោបាយ​រៀង​ខ្លួន​ដើម្បី​កុំ​ឲ្យ​បាត់​អ្នក​គាំទ្រ»

យ៉ាង​ណា​ក៏ដោយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់​ថា ដោយសារ​តែ​មាន​វប្បធម៌​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ទើប​មាន​សមាសភាព គ.ជ.ប ថ្មី​មួយ​អាច​ទុក​ចិត្ត​បាន​លេចចេញ​ជា​រូបរាង ហើយ​ក៏​ដោយសារ​តែ​វប្បធម៌​សន្ទនា​នេះ ទើប​សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​ដីធ្លី​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព។

លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មកពី​គ្រប់​និន្នាការ​គណបក្ស​នយោបាយ​ទាំង​អស់ ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​សន្ទនា​នេះ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។