មន្ត្រី​គ.ជ.ប.៣​រូប​ត្រូវ​ប្ដឹង​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​គួរ​ងាក​ទៅ​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ស្វែង​រក​ការ​ពិត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​លឿន គឺ​ប្រសើរ​ជាង​ទៅ​ប្ដឹង​ផ្តល់​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ៣​រូប កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ក្រោម​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ប្ដឹង លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និង លោក ហ៊ឺ រ៉ុង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​នៃ គ.ជ.ប ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ តាម​មាត្រា​៦២៩ និង​មាត្រា​៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ។

ក្នុង​លិខិត​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប ទាំង ៣​រូប ព្រម​ទាំង​មន្ត្រី​ក្រោម​បង្គាប់ បាន​ក្លែង​បន្លំ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត ក្លែង​លិខិត​បញ្ជាក់​អត្តសញ្ញាណ និង​បន្លំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជំនួស ក្លែង​បន្លំ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ការ​រំលោភ​ច្បាប់ និង​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត។

ប្រសិន​បើ​តុលាការ​រក​ឃើញ​មាន​ពិរុទ្ធ​ដូច​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​នោះ លោក អ៊ឹម សួស្តី លោក ទេព នីថា និង លោក ហ៊ឺ រ៉ុង អាច​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២​ឆ្នាំ ទៅ ១០​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល នៅ​ក្នុង​ម្នាក់ៗ។

ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​នេះ លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ប្ដឹង​ទៅ​តុលាការ​ចំពោះ​អ្វី​ដែល​គណបក្ស​នេះ​មិន​ពេញ​ចិត្ត។ ប៉ុន្តែ ក្នុង​នាម​លោក​ជា​អ្នក​ដឹក​នាំ គ.ជ.ប លោក​ព្យាយាម​អនុវត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត​ស្រប​តាម​ច្បាប់​បោះ​ឆ្នោត៖ «អ្វី​ដែល​យើង​បាន​ដោះស្រាយ​កន្លង​មក​ហើយ គឺ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ពិនិត្យ​ម្តង​ហើយ អ្វីៗ​យើង​ធ្វើ​តាម​ច្បាប់»

មិន​ខុស​គ្នា​ដែរ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បញ្ជាក់​ថា តាម​ច្បាប់​បោះ​ឆ្នោត ការ​សម្រេច​ចុង​ក្រោយ​នៃ​បណ្ដឹង​ជុំវិញ​ការ​បោះ​ឆ្នោត គឺ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច និង​បិទ​ផ្លូវ​តវ៉ា​រួច​ហើយ​ចំពោះ​បណ្ដឹង​របស់​គណបក្ស​នយោបាយ។

យ៉ាង​ណា លោក ទេព នីថា បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ចំពោះ​ការ​កោះ​ហៅ​របស់​តុលាការ ឲ្យ​ចូល​បំភ្លឺ ប្រសិន​បើ​តុលាការ​ត្រូវ​អនុវត្ត​តាម​នីតិវិធី​របស់​ខ្លួន៖ «ការ​សម្រេច​របស់​តុលាការ គឺ​ការ​សម្រេច​របស់​គាត់ ហើយ គ.ជ.ប ត្រៀម​ខ្លួន​ជា​ស្រេច អនុវត្ត​តាម​នីតិវិធី​របស់​តុលាការ»

ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​នៃ គ.ជ.ប លោក ហ៊ឺ រ៉ុង ដែល​មាន​ឈ្មោះ​ក្នុង​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​ដែរ​នោះ បញ្ជាក់​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្ដឹង​ផ្តល់​របស់​គណបក្ស​ប្រឆាំង​ទេ ហើយ​ចាត់​ទុក​បណ្ដឹង​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ជា​រឿង​ដដែលៗ​ដូច​គ្នា​នឹង​បណ្ដឹង​ដែល​បាន​ដាក់​ទៅ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ៖ «គ.ជ.ប ដូច​ជា​អនុវត្ត​តាម​ច្បាប់​បទ​បញ្ជា​នីតិវិធី​ទាំងអស់ ហើយ​អត់​មាន​បញ្ហា​អី​ទេ ហើយ​យើង​ដូច​ជា​អត់​មាន​ការ​ព្រួយ​បារម្ភ​អី​ទេ ករណី​នេះ ព្រោះ​យើង​អនុវត្ត​បាន​ត្រឹមត្រូវ​ហើយ»

អនុ​ប្រធាន​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ គ.ជ.ប បាន​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ជាច្រើន​នៅ​ពេល​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​រំលោភ​ទៅ​លើ​បទ​ល្មើស​ព្រហ្មទណ្ឌ ហើយ គ.ជ.ប ពុំ​អាច​វិនិច្ឆ័យ​ទោស​ខ្លួន​ឯង​បាន​ទេ៖ «គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន​យុត្តិធម៌។ គ.ជ.ប រំលោភ​ច្បាប់​ក្នុង​ការ​ក្លែង​លិខិត​សាធារណៈ បង្កើត​ឲ្យ​មាន​ឈ្មោះ​បោះ​ឆ្នោត​ស្ទួន។ល។ ទាំងអស់​នេះ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ»

យ៉ាង​ណា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​កុំ​ទាន់​គិតគូរ​រឿង​ដាក់​ពាក្យ​បណ្ដឹង ចំពោះ​អ្នក​រៀប​ចំ​ការ​បោះ​ឆ្នោត ហើយ​ងាក​ទៅ​ប្រឹងប្រែង​ធ្វើ​ការងារ​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដោយ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ឯករាជ្យ​ស្វែង​រក​ការ​ពិត​ចេញ​ជា​រូប​រាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។