ការរងវិបត្តិផ្ទួនៗគ្នារបស់គណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេស បានទាក់ទាញសមានចិត្តអ្នកគាំទ្រគណបក្សនេះបន្ថែមទៀតទៅវិញនៅក្រៅប្រទេស។ អ្នកគាំទ្រគណបក្សនេះនៅក្រុងស៊ីដនី (Sydney) នៃប្រទេសអូស្ត្រាលី (Australia) នៅថ្ងៃអាទិត្យ ទី៥ កុម្ភៈ នេះ រួមគ្នាធ្វើពិធីបុណ្យផ្កាប្រាក់យ៉ាងធំមួយ ដើម្បីប្រមូលបច្ច័យផ្តល់ឲ្យគណបក្សសង្គ្រោះជាតិ ក្នុងការត្រៀមរៀបចំការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ។
អ្នករៀបចំពិធីបុណ្យផ្កានេះប្រមាណជាង ១០០នាក់ ម្នាក់ៗបរិច្ចាគប្រាក់ចាប់ពី ១០០ដុល្លារឡើងទៅ ជាទុនដំបូងក្នុងការផ្ដួចផ្ដើមពិធីបុណ្យនេះ។
អ្នកស្រី ស ចាន់ថុល ជាអ្នកផ្ដើមបុណ្យផ្កានេះមួយរូប និងជាសមាជិកគណៈកម្មាធិការសកម្មនៃគណបក្សសង្គ្រោះជាតិ នៅក្រុងស៊ីដនី។ អ្នកស្រីធ្លាប់ត្រូវបានអាជ្ញាធរក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារជិត ២ឆ្នាំកាលពីដើមទសវត្សឆ្នាំ៨០ ពីបទចូលរួមជាមួយចលនាតស៊ូប្រឆាំងនឹងការគ្រប់គ្រងរបស់វៀតណាម។
អ្នកស្រីមានប្រសាសន៍ថា តាំងពីអ្នកស្រីបានចេញពីពន្ធនាគារ ហើយបានភៀសខ្លួនមកតាំងលំនៅនៅប្រទេសអូស្ត្រាលី អ្នកស្រីតែងតែចូលរួមក្នុងសកម្មភាពរបស់គណបក្សប្រឆាំងជានិច្ច ដ្បិតអ្នកស្រីជឿថា ទោះជាគណបក្សប្រឆាំងនៅមិនទាន់បានកាន់អំណាចក៏ដោយ ក៏អាចជួយឲ្យទប់កុំឲ្យគណបក្សកាន់អំណាចជិះសេះលែងដៃបានដែរ៖ «យើងមានសិទ្ធិក្នុងសភាគ្រាន់បានលើកដៃប្រឆាំង ចុះបើអត់មាន? តាំងពីប៉ុន្មាននាក់នៅក្នុងសភា ឥឡូវកើនដល់ ៥៥ហើយ រឿងអីខ្ញុំមិនជួយតទៅទៀត? ខ្ញុំជួយរហូតដល់ខ្ញុំធ្វើអីលែងកើត»។
ចំពោះសកម្មភាពរៃអង្គាសប្រាក់ក្នុងការជួយឧបត្ថម្ភដល់គណបក្សសង្គ្រោះជាតិ វិញ អ្នកស្រីបន្តថា នៅពេលដែលស្ថានការណ៍នយោបាយនៅក្នុងប្រទេសកាន់តែតានតឹង ពលរដ្ឋខ្មែរនៅក្រៅប្រទេសកាន់តែមានទឹកចិត្តមោះមុតក្នុងការជួយជ្រោមជ្រែងក្នុងបុព្វហេតុជាតិ៖ «នៅអូស្ត្រាលីនេះ ប្រជាជនចាំតែជួយរហូតតាំងពីដើមមក ឲ្យតែពួកខ្ញុំចាប់ផ្ដើមធ្វើបុណ្យ ឬរៃអង្គាសពេលណាក៏ដោយ គឺពួកគាត់គាំទ្រ ទឹកចិត្តគាត់ស្រលាញ់ជាតិជាមួយពួកខ្ញុំ...»។
សមាជិកក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិ មួយរូបទៀតនៅក្រុងស៊ីដនី លោក ផូ ប៊ុនថា មានប្រសាសន៍ថា លោកមិនដែលព្រួយបារម្ភថា ថវិកាដែលក្រុមលោកជួយប្រមែប្រមូលជួយទៅគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសនោះ ត្រូវបានយកទៅចាយវាយខុសទិសដៅនោះទេ ដ្បិតលោកតែងបានទទួលនូវរបាយការណ៍ចំណូលចំណាយយ៉ាងគត់មត់មកវិញ៖ «ការសង្កេតរបស់ខ្ញុំ និងពលរដ្ឋនៅក្រៅប្រទេសយើងហ្នឹង មិនបារម្ភរឿងអស់ហ្នឹងទេ។ ខ្លួនគាត់ផ្ទាល់បានចុះដល់ក្រុងភ្នំពេញ ហើយគាត់បានដឹងអំពីទីស្នាក់ការ និងអ្នកចាត់ចែងលុយកាក់នៅភ្នំពេញ ហ្នឹង គាត់បានដឹងពីវិធីចាត់ចែងលុយកាក់ហ្នឹង។ យើងផ្ដល់ទៅហ្នឹងមិនមែនទៅបុគ្គលទេ គឺផ្ដល់ទៅទីស្នាក់ការកណ្ដាល មានអ្នកកាន់លុយត្រឹមត្រូវ ហើយការបែងចែកលុយទៅតាមឃុំសង្កាត់ហ្នឹងក៏គាត់បានដឹងដែរ គាត់បានបង្ហាញរបាយការណ៍មក...»។
មិនថាអ្នកមានវ័យចំណាស់ទេដែលចាប់អារម្មណ៍ពីស្ថានការណ៍ស្រុកទេសពីនាយសមុទ្រ យុវជនស្រករក្រោយ ដែលភាគច្រើនចម្រើនវ័យនៅក្រៅប្រទេស ក៏មានឆន្ទៈចូលរួមជាមួយនឹងឪពុកម្តាយគេដែរ។ យុវតីមួយរូបឈ្មោះ ណាលីន មានប្រសាសន៍ថា ក្រៅតែពីមានលំអានពីចាស់ទុំ ការចូលរួមរបស់នាងជាមួយគណបក្សសង្គ្រោះជាតិ ក៏បានមកពីការបានឃើញការហ៊ានងើបតតាំង ដើម្បីការពារព្រំដែន យុត្តិធម៌សង្គម និងសិទ្ធិសេរីភាពពីសំណាក់យុវជននៅក្នុងប្រទេសដែរ៖ «ឥឡូវប្រជាជន និងយុវជនខ្មែរគាត់ដឹងខ្លួនច្រើនជាងកាលដែលខ្ញុំរស់នៅពីមុន។ ពីមុនគាត់ដឹងដូចគ្នា ប៉ុន្តែគាត់មិនហ៊ានបញ្ចេញយោបល់ ប៉ុន្តែឥឡូវគាត់ហ៊ានយោបល់ ហ៊ានបញ្ចេញគំនិត...»។
ពិធីបុណ្យផ្កាប្រាក់របស់គណបក្សសង្គ្រោះជាតិ នៅក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាថ្ងៃអាទិត្យ នេះ ក៏មានការចូលរួមជាអធិបតីពីសំណាក់មន្ត្រីជាន់ខ្ពស់ និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយរូប គឺលោក ប៉ុល ហំម ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
