បុរសម្នាក់អាយុ ៦៧ឆ្នាំ រស់នៅភូមិស្បែកព្រាល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវបានឃាតកវ័យក្មេង ២នាក់ បន្លំជាអ្នកទិញស្រាបៀ ហើយបាញ់សម្លាប់នៅយប់ថ្ងៃ១២ ខែសីហា ឆ្នាំ២០១៣។
ស្ត្រីអាយុ ៥៧ឆ្នាំ ឈ្មោះ ពេជ្រ អាន ត្រូវជាភរិយាសព បានឲ្យដឹងនៅថ្ងៃទី១៣ ខែសីហា ថា ប្តីគាត់ឈ្មោះ សាន់ សឿង អាយុ ៦៧ឆ្នាំ ត្រូវឃាតកបាញ់សម្លាប់នៅម៉ោងជាង ៨យប់ ថ្ងៃ១២ ខែសីហា។ ស្ត្រីរូបនោះបន្តថា មុនកើតហេតុមានបុរសវ័យក្មេង ២នាក់ ជិះម៉ូតូម៉ាក អេសអិល (SL) ទៅទិញស្រាបៀផ្ទះគាត់។ ពួកគេទាំង ២នាក់ មានអាយុជាង ៣០ឆ្នាំ។ ក្នុងនោះម្នាក់ពាក់អាវខ្មៅ និងពាក់មួកកន្តឹប ម្នាក់ទៀតពាក់អាវផ្ទៃមេឃ ជាអ្នកជិះខាងក្រោយ មានទុកសក់វែងបន្តិច បានមកឈប់ម៉ូតូនៅមុខផ្ទះគាត់យ៉ាងយូរ ប្រមាណកន្លះម៉ោងក្រោយ ទើបស្រែកទិញស្រាបៀ។
ស្ត្រីជាភរិយាបន្តថា ប្ដីគាត់ឈ្មោះ សាន់ សឿង មិនបានបើកទ្វារឲ្យជនទាំង ២នាក់នោះចូលក្នុងផ្ទះទេ។ ប្ដីគាត់គ្រាន់តែឆ្លើយថា មានតែស្រាបៀកម្ពុជា ស្រាបៀដំរី និងស្រាបៀអង្គរទេ។ ជនល្មើសនោះថា ទិញកន្លះកែស ទើបប្ដីគាត់បើកទ្វារឲ្យចូលមកក្នុងផ្ទះ។ ជនល្មើសឲ្យប្រាក់ប្ដីគាត់ ២០ដុល្លារ រួចគាស់ស្រាបៀ ២កំប៉ុងផឹកគ្នាគេ ២នាក់ ហើយគាស់មួយកំប៉ុងទៀតឲ្យប្ដីគាត់ផឹកដែរ តែប្ដីគាត់មិនព្រមផឹក ព្រោះគាត់សុំសីល។ ក្រុមជនល្មើសទាររកសាច់ក្លែម គាត់មានតែត្រីឆ្អើរ និងសាច់ក្រក។ ជនល្មើសក៏ឲ្យគាត់ទៅចម្អិនត្រីឆ្អើរធ្វើគ្រឿងក្លែម។ គ្រាន់តែប្ដីគាត់ និងគាត់បែរក្រោយទៅរកចម្អិន ជនល្មើសបានបាញ់ក្បាលប្តីគាត់ស្លាប់ភ្លាមតែម្ដង៖ «គ្រាន់ឈានបាន ១ជំហាន បាញ់ប៉ែស ពីក្រោយមក ដួលខ្ពោកតែម្ដង អត់មានសន្លប់អីទេ គឺស្លាប់តែម្ដង»។
ស្រ្តី ពេជ្រ អាន ឲ្យដឹងទៀតថា ពេលជនល្មើសបាញ់សម្លាប់ប្តីគាត់ឈ្មោះ សាន់ សឿង ក្រុមគ្រួសារគាត់មានវត្តមានតែរូបគាត់ជាភរិយា និងលោក សាន់ សឿង ទេ។ ចំណែកកូនទាំងអស់បែកមានគ្រួសារនៅផ្ទះផ្សេងៗ និងទៅរៀននៅភ្នំពេញ។
លោក សឿង ពិសិទ្ធ អាយុ ១៩ឆ្នាំ ជាកូនពៅ លោក សាន់ សឿង ថ្លែងថា ឪពុកគាត់មិនមានជម្លោះជាមួយអ្នកភូមិទេ។ ជនល្មើសបាញ់សម្លាប់ឪពុកគាត់ ក៏គាត់មិនហ៊ានសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធរឿងនយោបាយ ឬអ្វីនោះដែរ។ បើជាករណីប្លន់ក៏មិនមែន ព្រោះលុយអាប់ និងស្រាបៀនៅសល់ពីពួកជនល្មើសគាស់ផឹកក៏មិនយកទៅជាមួយដែរ៖ «ជួយសំណូមពរឲ្យគេជួយរកជនដៃដល់ហ្នឹងឲ្យបានឆាប់ៗ»។
សមត្ថកិច្ចប៉ូលិសសុំមិនបញ្ចេញឈ្មោះកំពុងចុះស៊ើបអង្កេតករណីបាញ់សម្លាប់នៅកន្លែងកើតហេតុ អះអាងថា ប៉ូលិសមិនទាន់សន្និដ្ឋានថាជារឿងអ្វីនៅឡើយ។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ លោក នុត រំដួល ថ្លែងថា ការបាញ់សម្លាប់លោក សាន់ សឿង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជារឿងនយោបាយ ហើយក៏ជាការបាញ់សម្លាប់មនុស្សរបស់គណបក្សសង្គ្រោះជាតិ លើកទី១ ក្រោយ គ.ជ.ប ប្រកាសលទ្ធផលសន្លឹកឆ្នោតបឋម៖ «ប៉ុន្តែការបាញ់នេះ គឺមានគម្រោងរួចទៅហើយ ដោយចេតនា មិនមែនដោយអចេតនាទេ ព្រោះមកហ្នឹងមានកាំភ្លើងនៅនឹងដៃ មកធ្វើជាសួររកទិញស្រាបៀទិញអីអ៊ីចឹងទៅ។ ២នាទីក្រោយមក ក៏បាញ់គាត់សម្លាប់បណ្ដោយ អាហ្នឹងគឺមានចេតនារឿងអីមួយហើយ»។
លោកថា នៅតំបន់ដែលគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត គណបក្សសង្គ្រោះជាតិ តាមបណ្ដាខេត្តច្រើនទៀត គេឮតែប្រជាពលរដ្ឋត្អូញថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដូចជាមេភូមិ និងក្រុមការងារគណបក្សនោះ បានដើរគំរាមប្រជាពលរដ្ឋពីការទទួលសារុង និងលុយជាដើម ហើយមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
