មន្ត្រី​ថ្នាក់​ក្រោម​​ចង់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​មាន​តម្លាភាព

ដោយ វណ្ណ វិចារ
2014.07.27
អ្នក​គាំទ្រ សង្គ្រោះ​ជាតិ ៦១០ អ្នក​គាំទ្រ​លើក​ម្រាមដៃ ៧ ជា​សញ្ញា​នៃ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​​១​របស់​គណបក្ស​នេះ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ កក្កដា ២០១៤។
RFA/Uon Chhin

គណបក្ស​សង្គ្រោះ​ជាតិ បិទ​បញ្ចប់​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១ របស់​ខ្លួន នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​កក្កដា ដូច​ការ​គ្រោង​ទុក។ សកម្មជន​ភាគ​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​អារម្មណ៍​ពី​ការ​ជ្រើស​តាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។

ពួកគេ​ជឿ​ថា បើ​មាន​អាជ្ញា​កណ្ដាល​ឯករាជ្យ​នោះ បក្ស​ប្រឆាំង​នឹង​ឈ្នះ​ឆ្នោត។ ប៉ុន្តែ​មន្ត្រី​ថ្នាក់ក្រោម​មួយ​ចំនួន​គិត​ថា មហា​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​១​នេះ គួរ​ណាស់​តែ​ពិភាក្សា​គ្នា​ពី​បញ្ហា​ផ្សេងៗ​ទៀត ប្រសើរ​ជាង​ការ​លើក​យក​សេចក្ដី​សម្រេច​របស់​ថ្នាក់ដឹកនាំ​មក​មក​ដាក់​លើ​តុ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​លើក​ដៃ​បោះ​ឆ្នោត​បង្គ្រប់​កិច្ច​នោះ។

សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​ដើម្បី​ពន្យល់​មន្ត្រី​ថ្នាក់​ក្រោម​ពី​ផល​វិជ្ជមាន និង​គុណសម្បត្តិ​ទាំង​អស់​នៃ​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ពេល​ដែល​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​នយោបាយ​ចប់ គឺ​ដល់​វេន​តំណាង​ក្រុម​ប្រឹក្សា​ជាតិ​ឡើង​ថ្លែង​ការ​ប្ដេជ្ញា​ចិត្ត​វិញ​ម្ដង។

តំណាង​ក្រុម​ប្រឹក្សា​ជាតិ​នោះ​រួម​មាន តំណាង​មកពី​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​តាកែវ បាត់ដំបង ខេត្ត​កំពង់ស្ពឺ កំពង់ចាម​ព្រៃវែង និង អ្នក ស្រី​មួរ សុខ​ហួរ​។

តំណាង​ដែល​គណបក្ស​ចាត់​តាំង​ទុក​ជា​មុន​នោះ បាន​ថ្លែង​ដូចៗ​គ្នា​ដោយ​គាំទ្រ​ជំហរ​របស់​មេដឹកនាំ​គណបក្ស​ទាំង​អស់ ១០០​ភាគរយ តែ​គ្រាន់​តែ​ស្នើ​តាម​ពី​ក្រោយ​លោក កឹម សុខា ថា​បើ​គណបក្ស​ទាំង​ពីរ​ជ្រើសតាំង​សមាសភាព គ.ជ.ប ទី​៩ មិន​ទាន់​បាន មិន​ឲ្យ​តំណាងរាស្ត្រ​ចូល​ស្បថ​ក្នុង​សភា​ជា​ដាច់​ខាត៖ «សំឡេង»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១​របស់​គណបក្ស​នេះ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ កក្កដា ២០១៤។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១​របស់​គណបក្ស​នេះ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ កក្កដា ២០១៤។
RFA/Van Vichar

 

តំណាង​ក្រុម​ប្រឹក្សា​ជាតិ​រៀបរាប់​ច្រើន​ពី​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​យុត្តិធម៌​សង្គម ប៉ុន្តែ​អង្គ​សន្និបាត​ទាំង​មូល​សម្រេច​បោះ​ឆ្នោត​ដោយ​ការ​លើកដៃ​គាំទ្រ​នូវ​សេចក្ដី​សម្រេច​ចិត្ត​របស់​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​មាន​ គោលការណ៍​ ៧​ចំណុច​ដែល​គណបក្ស​រៀបចំ​ទុក​មុន​ជា​ស្រេច គ្រាន់តែ​ប្រធាន​គណបក្ស​មិន​ទាន់​ចុះ​ហត្ថលេខា។ មិន​ដល់ ៥​នាទី​ផង គោលការណ៍ ៧​ចំណុច​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស លោក ប៉ុល ហំម រៀបចំ​បោះ​ឆ្នោត​រួច​ជា​ស្រេច។

គោលការណ៍ ៧​ចំណុច មាន​ដូចជា៖ គាំទ្រ​ការ​ប្រកាន់​យក​ធម៌​អហិង្សា គាំទ្រ​ដំណោះស្រាយ​របស់​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គាំទ្រ​រូបមន្ត​រៀបចំ​សមាសភាព គ.ជ.ប គាំទ្រ​ការ​កែ​ទម្រង់​ស្ថាប័ន​រដ្ឋ​សភា ជំរុញ​ឲ្យ​តំណាងរាស្ត្រ​ចុះ​មូលដ្ឋាន​ឲ្យ​បាន​ច្រើន ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​គោលការណ៍ ៧​ចំណុច​របស់​ខ្លួន​ទៅ​អនុវត្ត និង​ចុង​ក្រោយ​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ធានា​យុត្តិធម៌​សង្គម ការពារ​បូរណភាព​ទឹក​ដី​ជា​ដើម។

​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា រូប​លោក​មក​ចូល​រួម​ពិធី​នេះ ដើម្បី​ស្វែង​យល់​ពី​គោល​ជំហរ​របស់​ថ្នាក់​ដឹកនាំ​បក្ស។ លោក​បន្ត​ថា លោក​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​គណបក្ស និង​ព្រម​ធ្វើ​តាម​ការ​សម្រេច​គ្រប់​យ៉ាង​របស់​មេ​បក្ស​ទាំង​អស់៖ «សំឡេង»។

​ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ព្រៃវែង ម្នាក់ មាន​ប្រសាសន៍​ថា លោក សម រង្ស៉ី និង​លោក កឹម សុខា ធ្លាប់​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​តាម​រយៈ​វិទ្យុ​ថា លោក​នឹង​ចូល​អនុវត្ត​តាម​សេចក្ដី​សម្រេច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​ពេល​ដែល​បើក​សន្និបាត​រួច​រាល់ ហើយ​ដល់​ពេល​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ក៏​ស្រាប់តែ​សម្រេច​តែម្ដង។ លោក​បន្ត​ថា មុន​ដំបូង​លោក​មិន​សូវ​ទុក​ចិត្ត​មេ​ដឹក​នាំ​បក្ស​ឡើយ ប៉ុន្តែ​ដោយ​ស្ដាប់​ហេតុផល​រួច​ហើយ ទើប​លោក​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លះៗ​ឡើង​វិញ។

លោក​បញ្ជាក់​ថា សន្និបាត​នេះ​គួរ​ណាស់​តែ​មាន​វេទិកា​សួរ​ឆ្លើយ​ស្វែង​រក​ពី​ចំណុច​អសកម្ម​ក្នុង​បក្ស និង សម្រេច​ដោយ​ការបោះឆ្នោត​ជា​សម្ងាត់​ទើប​សមស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ៖ «សំឡេង»។

​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​១ របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ឡើង​នៅ​សួរ​ច្បារ​វត្ត​បទុមវតី មាន​ចម្ងាយ​ប្រមាណ​ជិត ១​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មាន​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ពី​នាយកដ្ឋាន​អង្គរក្ស។ គ្មាន​ឡើយ​ការ​រារាំង ហើយ​ក៏​មិន​សូវ​មាន​ភ្នាក់ងារ​រដ្ឋាភិបាល​ដាក់​បង្កប់​ដូច​ក្នុង​ពិធី​ជួបជុំ​មុនៗ​ដែរ។ នៅ​ខាង​ក្រៅ​ពិធី​មាន​តែ​កម្លាំង​នគរបាល​ចរាចរណ៍​បួន​ដប់​នាក់​ប៉ុណ្ណោះ ដែល​បាន​ដាក់​ពង្រាយ​សម្រួល​សណ្ដាប់ធ្នាប់។ ខាង​ក្រៅ​ពិធី​ធូរ​រលុង​មែន ប៉ុន្តែ​នៅ​ក្នុង​ពិធី​មិន​ស្រួល​ចូល​ឡើយ។ ក្រុម​សន្តិសុខ​ថ្មីៗ​របស់​គណបក្ស​ជា​ច្រើន​នាក់ រៀបចំ​សណ្ដាប់ធ្នាប់​តឹង​គួរ​សម រហូត​ដល់​អ្នក​កាសែត​ខ្លះ​ពិបាក​ថត​រូប​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង ព្រោះ​តែ​ទើស​សន្តិសុខ​ទាំង​នោះ​ទៀត​ផង។

សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​មក​ធ្វើ​សន្និបាត​លើក​ទី​១​នេះ ក៏​មិន​ពិបាក​លក់​ស្រូវ លក់​មាន់ លក់​ឆ្កែ​ធ្វើ​សោហ៊ុយ​ដូច​កាល​ពលរដ្ឋ​មក​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែរ។ អ្នក​ចូល​រួម​ភាគ​ច្រើន​ត្រូវ​បក្ស​ចេញ​ថ្លៃ​ធ្វើ​ដំណើរ ហូប​ចុក ស្នាក់នៅ ហើយ​អ្នក​ខ្លះ​ឡើង​កាលីប​រហូត​ដល់​សម្រាក​នៅ​សណ្ឋាគារ​ទៀត។ មិន​តែប៉ុណ្ណោះ រោង​សម្រាប់​ទទួល​អ្នក​ចូល​រួម​ក៏​មាន​សភាព​ល្អ​ខុស​ពី​ពេល​មុនៗ​ដែរ អ្នក​ចូល​រួម​ទាំង​អស់​មាន​កៅអី​អង្គុយ​ស្រួលបួល និង​មាន​ដំបូល​ជ្រក​ស្អាត មាន​កង្ហារ​បក់​យ៉ាង​ត្រជាក់ និង​មាន​អេក្រង់​វីដេអូ​ផ្សាយ​ផ្ទាល់ ដែល​អាច​មើល​ឃើញ​មុខ​មេ​បក្ស​បាន​យ៉ាង​ស្រួល។

មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០​នាក់​ដែល​វិទ្យុ​អាស៊ីសេរី​ជួប​សម្ភាសន៍​ប្រាប់​ថា ទិដ្ឋភាព​ជួបជុំ​លើក​នេះ​ពិត​ជា​គួរ​ឲ្យ​អបអរ ហើយ​ពួកគាត់​គាំទ្រ​ការ​សម្រេច​របស់​ថ្នាក់ដឹកនាំ​បក្ស។ ប៉ុន្តែ​អ្នក​ទាំង​នោះ​ភាគ​ច្រើន​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការងារ​ឲ្យ​បាន​តម្លាភាព​ជាង​នេះ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ទៀត​ប្រាប់​ថា រូប​គាត់​ចង់​ឲ្យ​គណបក្ស​បង្ហាញ​បេក្ខភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​អង្គ​សន្និបាត​តែម្ដង ព្រោះ​ថា ការ​បង្ហាញ​នេះ​អាច​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជួយ​សម្រេច​ចិត្ត​ផង។

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​ថា សូម​ឲ្យ​មាន​ការ​អត់ធ្មត់​ជា​មុន​សិន ព្រោះ​ថា ពលរដ្ឋ​នឹង​ដឹង​ពី​សមាសភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ពី​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ លោក​ថា រឿង​សមាសភាព គ.ជ.ប គឺ​​ភ្លាមៗ​មិន​ទាន់​អាច​បង្ហាញ​ជា​សាធារណៈ​បាន​ទេ៖ «សំឡេង»។

​ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធ្វើ​ការ​កែ​ទម្រង់​ផ្ទៃ​ក្នុង​របស់​ខ្លួន​ឲ្យ​មាន​ប្រជាធិបតេយ្យ​ជាង​នេះ។ លោក​បន្ត​ថា បើ​សិន​ជា​មន្ត្រី​ថ្នាក់​ក្រោម​អាច​ចូល​រួម​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នោះ​ពិត​ជា​ប្រសើរ​ជាង​នេះ។ លោក​គិត​ថា គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​ជ្រើសរើស​សមាជិក គ.ជ.ប ដូចជា​ជ្រើសរើស​តំណាងរាស្ត្រ​ផង​ក៏​អាច​ថា​បាន៖ «សំឡេង»។

​មហា​សន្និបាត​របស់​បក្ស​ប្រឆាំង​លើក​នេះ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ។ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តែង​ស្រែក​ថា មាន​សម្ដេច​គឺ​មាន​ការ​អភិវឌ្ឍន៍ ឬ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ទើប​មាន​ថ្ងៃ​នេះ​ជាដើម។ ចំណែក​ឯ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​វិញ​ស្រែក​ព្រមៗ​គ្នា​ថា ជយោ​លោក សម រង្ស៉ី! ជយោ​លោក កឹម សុខា! មាន​គណបក្ស​សង្គ្រោះ​ជាតិ ទើប​មាន​លទ្ធិប្រជាធិបតេយ្យ។ តន្ត្រី​របស់​បក្ស​សង្គ្រោះ​ជាតិ ក៏​និពន្ធ​ចម្រៀង​បែប​ទំយើ​មេដឹកនាំ​របស់​ខ្លួន​ទៀត​ផង៖ «សំឡេង»។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី នឹង​ចូល​ទៅ​ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដើម្បី​ទទួល​សុពលភាព​តំណាងរាស្ត្រ ហើយ​គណបក្ស​នេះ​ក៏​នឹង​ប្រកាស​សមាសភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ខ្លួន​ជ្រើស​តាំង​នៅ​ថ្ងៃ​ដំណាល​គ្នា​ដែរ។ បន្ទាប់​មក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង ហើយ​ពេល​នោះ​ហើយ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រំពឹង​ថា ទីលាន​ប្រជាធិបតេយ្យ​នឹង​ត្រូវ​បើក​ឡើង​វិញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។