ពលរដ្ឋ​នៅ​កំពង់ស្ពឺ​ព្រមាន​ឈប់​គាំទ្រ​បក្ស​ប្រឆាំង​បើ​មិន​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ស្វែង​រក​ការ​បញ្ចប់​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ តែ​នៅ​មិន​ទាន់​អាច​សម្រេច​ពី​គោល​បំណង​ធំ​នៅ​ឡើយ។

0:00 / 0:00

ស្រប​ពេល​ជាមួយ​គ្នា​នេះ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ព្រមាន​មេ​ដឹក​នាំ​របស់​ខ្លួន​ថា បើ​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហ៊ាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​កាន់​អំណាច​មុន​ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​អំពី​ភាព​មិន​ប្រក្រតី​នោះ គណបក្ស​នេះ​នឹង​លែង​មាន​អ្នក​គាំទ្រ​ត​ទៅ​ទៀត​ហើយ។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខេត្ត​កំពង់ស្ពឺ ព្រមាន​នឹង​ងាក​ចេញ​លែង​គាំទ្រ​ពី​បក្ស​មួយ​នេះ ក្នុង​អាណត្តិ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខៗ​ទៀត ប្រសិន​គណបក្ស​ជំទាស់​ដែល​ទទួល​បាន​ការ​គាំទ្រ​ក្នុង​នីតិកាល​ទី​ប្រាំ​នេះ ព្រមព្រៀង​ណា​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដោយ​ពុំ​បាន​រក​យុត្តិធម៌​ជា​មុន​ទេ។

ពលរដ្ឋ​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោកស្រី សួស ម៉ាលី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បាត់​បង់​ជំនឿ​ចិត្ត​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​អាណត្តិ​បន្តបន្ទាប់​ទៀត ប្រសិន​បើ​បក្ស​នេះ​សម្រេច​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ជាមួយ​គណបក្ស​គ្រប់គ្រង​អំណាច ដោយ​ពុំ​បាន​រក​យុត្តិធម៌​ឲ្យ​ឃើញ​ស​ខ្មៅ​ជា​មុន​ទេ។ លោកស្រី​បន្ត​ថា អ្វី​ដែល​ពលរដ្ឋ​លះ​បង់​ទាំង​ពេល​វេលា និង​ថវិកា​ផ្ទាល់​ខ្លួន ចូល​រួម​បាតុកម្ម​ម្ដង​ជា​ពីរ​ដង ប្រឆាំង​លទ្ធផល​ឆ្នោត​នេះ គឺ​បំណង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ប៉ុណ្ណោះ។

គិត​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ស្វះស្វែង​រក​ច្រក​ចេញ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ តែ​មិន​បាន​សម្រេច​ជាច្រើន​លើក​រួច​មក​ហើយ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា មក​នោះ។

ទន្ទឹម​នឹង​នេះ ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រែងត្រយឹង ព្រមាន​ថា នឹង​កៀរគរ​អ្នក​ផ្សេង​ទៀត មិន​ឲ្យ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ទៀត​ឡើយ បើ​ជំហរ​របស់​មេ​ដឹក​នាំ​របស់​គណបក្ស​ជំទាស់​នៅ​ពេល​នេះ មាន​ភាព​ទន់​ជ្រាយ​នោះ។ លើស​ពី​នេះ ពួក​គេ​អំពាវនាវ​ឲ្យ​មេ​ដឹក​នាំ​សហជីព សមាគម និង​មន្ត្រី​រាជការ ស៊ីវិល បន្ត​ធ្វើ​បាតុកម្ម​អហិង្សា​បន្ត​ទៀត។

បើ​ទោះ​ជា​បែប​ណា លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា ជំហរ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត គឺ​នៅ​ដូច​ដើម ដូច​ការ​សន្យា​របស់​ខ្លួន​ជាមួយ​ប្រជាពលរដ្ឋ។ ចំណែក​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​កាន់​អំណាច នឹង​ពុំ​មាន​សោះ​ឡើយ។

លោក ហង្ស ពុទ្ធា នាយក​អង្គការ និចហ្វិក (NICFEC) យល់​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​បាន​ក្លាយ​ជា​បង្គោល​ឈរ​ក្នុង​ចន្លោះ​កណ្ដាល​នៃ​បញ្ហា គឺ​ទី​មួយ សម្ពាធ​ពី​ម្ចាស់​ឆ្នោត និង​ទី​ពីរ ត្រូវ​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល។ លោក​គិត​ថា គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ពិត​ជា​មាន​ភាព​ផុយ​ស្រួយ​នៃ​ការ​បាក់​ទឹក​ចិត្ត​ពី​ម្ចាស់​ឆ្នោត បើ​ជំហរ​មិន​រឹងមាំ​ទេ​នោះ។

ការ​ចរចា​ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​ក្នុង​សប្ដាហ៍​ខាង​មុខ​នេះ ទំនង​មិន​អាច​ខិត​ជិត​គ្នា​បាន​ទេ។ អ្វី​ដែល​ភាគី​ទាំង​ពីរ​នៅ​មិន​អាច​ទម្លាយ​វិបត្តិ​នយោបាយ​នៅ​ពេល​នេះ​បាន គឺ​កម្មវត្ថុ​នៃ​ការ​ចរចា មាន​កម្មវិធី​ដាច់​ដោយ​ឡែក​ពី​គ្នា។ នេះ​ជា​មូលហេតុ​ដែល​កិច្ច​សន្ទនា​មិន​អាច​ចុះ​សម្រុង​នឹង​គ្នា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។