តំណាងគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរី លោក អៀម អឿន មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសស្រុកបរកែវ និងស្រុកអូរយ៉ាដាវ កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា បានដកហូតញត្តិហើយដាក់កងកម្លាំងរារាំងមិនឲ្យប្រជាពលរដ្ឋចូលរួមផ្តិតមេដៃ និងកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិឲ្យចូលខ្លូននៅកាន់ប៉ុស្តិ៍ប៉ូលិសនៅថ្ងៃច័ន្ទ ទី២១ ខែតុលា ក្នុងរឿងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ។
លោកបន្តថា មន្ត្រីប៉ូលិសអះអាងថា នេះជាបញ្ជារបស់អាជ្ញាធរស្រុក ហាមមិនឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រមូលស្នាមមេដៃដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន៖ «ជាគោលការណ៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយដល់គេទៅហាមឃាត់អ៊ីចឹងវាមិនដឹងទៅរំលោភសិទ្ធិដល់កម្រិតណា យើងរកលេខដាក់អត់បាន។ បើសិនយើងមិនធ្វើអ៊ីចឹង យើងហៅគាត់មកទីលានប្រជាធិបតេយ្យ ប្រជាពលរដ្ឋគាត់អត់មានពេលវេលាមកទេ»។
សមត្ថកិច្ចប៉ូលិសដែលពាក់ព័ន្ធរារាំងសកម្មភាពប្រមូលស្នាមមេដៃ រួមមានឃុំកិចុង ឃុំស៊ឺង ឃុំកក់ ក្នុងស្រុកបរកែវ និងសមត្ថកិច្ចឃុំយ៉ាសោម ក្នុងស្រុកអូរយ៉ាដាវ។
ឆ្លើយតបសេចក្តីអះអាងនេះ នាយនគរបាលប៉ុស្តិ៍ឃុំស៊ឺង លោក លេង ហេង មានប្រសាសន៍បញ្ជាក់ថា លោកបានចុះល្បាតនៅមូលដ្ឋាន ហើយបានឃើញមានសកម្មភាពប្រមូលស្នាមមេដៃប្រជាពលរដ្ឋដោយមិនបានជូនដំណឹងមកអាជ្ញាធរមូលដ្ឋាន ហេតុនេះលោកសម្រេចឲ្យផ្អាកសកម្មភាពនេះដើម្បីសុំការសម្រេចពីអាជ្ញាធរស្រុក។
លោកបន្តថា ការប្រមូលស្នាមមេដៃប្រជាពលរដ្ឋនេះ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិឃុំ៖ «ថាឲ្យគាត់ធ្វើបែបបទសិន កុំឲ្យវាកើតចលាចល។ យើងត្រូវដកទុកសិន ចាំឆ្លងយោបល់»។
ទាក់ទិនករណីនេះដែរ មន្ត្រីផ្នែកអង្កេតសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក មាន ព្រហ្មមុនី មានប្រសាសន៍បញ្ជាក់ថា ប៉ូលិសមូលដ្ឋានពិតជាបានដាក់កងកម្លាំងរារាំងមិនឲ្យប្រជាពលរដ្ឋចូលរួមផ្តិតមេដៃគាំទ្រញត្តិនោះមែន។
លោកបន្តថា នេះជាការគំរាមកំហែងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋក្នុងវិស័យនយោបាយ៖ «មានសន្តិសុខភូមិ មានប៉ូលិស ឈរនៅចាំហ្នឹង ហើយខ្ញុំសួរគាត់ថា អត់ឲ្យធ្វើទេ កាលណាអត់លិខិតអនុញ្ញាតពីថ្នាក់លើមក។ គាត់សួរទៅអភិបាលស្រុក គឺហាមដាច់ខាត គឺអត់ឲ្យបន្តប្រមូលស្នាមមេដៃទេ»។
ទោះជាយ៉ាងនេះក៏ដោយ ស្នងការប៉ូលិសខេត្តរតនគិរី លោក រ៉ាយ រ៉ៃ បដិសេធថា អាជ្ញាធរប៉ូលិសមិនបានគំរាមកំហែងសិទ្ធិបញ្ចេញមតិពលរដ្ឋនោះទេ ក៏ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ មិនបានជូនដំណឹងស្តីពីសកម្មភាពប្រមូលស្នាមមេដៃជូនអាជ្ញាធរបានដឹង ហេតុនេះមន្ត្រីមានសមត្ថកិច្ចត្រូវតែហាមឃាត់ និងកោះអញ្ជើញសកម្មជនមកសាកសួរបំភ្លឺពីបញ្ហានេះ។
លោក រ៉ាយ រ៉ៃ៖ «បើយើងទៅតាមសាធារណៈ តាមផ្ទះ ចំការ ផ្ទះស្រែរបស់គេ។ ទី១ របៀបយើងមកគាបសង្កត់គាត់ផ្តិតមេដៃ។ ទី២ របៀបថាយើងទៅលួងលោមចិត្តគាត់អ៊ីចឹងណា! វាខុសៗតែប៉ុណ្ណឹង។ បើគាត់ផ្តិតមេដៃនៅទីស្នាក់ការមានស្អី»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបើកយុទ្ធនាការប្រមូលស្នាមមេដៃប្រជាពលរដ្ឋអ្នកគាំទ្រញត្តិគណបក្សសង្គ្រោះជាតិ តាំងពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៣ ខែតុលា ដើម្បីដង្ហែញត្តិនេះដាក់ជូនមន្ត្រីការិយាល័យតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញ និងមន្ត្រីស្ថានទូតបណ្តាប្រទេសធំមួយចំនូននៅកម្ពុជា ខណៈពេលគណបក្សនេះគ្រោងធ្វើបាតុកម្មអហិង្សាលើកទី៣ ចាប់ពីវេលាម៉ោង ៧ព្រឹក ដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា នាទីលានប្រជាធិបតេយ្យ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ប្រជាពលរដ្ឋប្រមាណ ២លាននាក់បានផ្តិតមេដៃគាំទ្រញត្តិនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
