អនុរដ្ឋមន្ត្រីក្រសួងការបរទេសចក្រភពអង់គ្លេស លោក ហ៊ូហ្គោ ស្វៃវអ៍ (Hugo Swire) កំពុងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី ៣០ ដល់ ៣១ ខែមករានេះ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រីនឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង និងមេដឹកនាំបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាគ្នាអំពីបញ្ហានយោបាយបច្ចុប្បន្ននេះ ក្រៅពីពិភាក្សាលើបញ្ហាផ្សេងៗទៀត។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ លោក សុន ឆ័យ អះអាងនៅថ្ងៃទី៣០ មករា ថា លោកនិងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ នឹងសុំឲ្យលោក ហ៊ូហ្គោ ស្វៃវអ៍ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យមានការឆ្នោតដោយសេរីនិងយុត្តិធម៌ និងគោរពសិទ្ធិមនុស្សដែលលោកថា បញ្ហាទាំងនេះហើយដែលបានធ្វើមានបញ្ហា និងជម្លោះរ៉ាំរ៉ៃនៅក្នុងសង្គមខ្មែរមកទល់ពេលនេះ។
លោក សុន ឆ័យ អះអាងថា៖ «ថ្នាក់ដឹកនាំរបស់យើងមិនបានអូសបន្លាយពេលហួសកំណត់ទេក្នុងការរៀបចំដោះស្រាយ (បញ្ហាជាប់គាំងនយោបាយ) ទេ។ តែបក្សប្រជាជននៅតែមិនព្រមបោះឆ្នោតឡើងវិញ។ យើងមិនមានអីលាក់លៀមអីទេ...»។
ឆ្លើយតបទៅនឹងសំណើរបស់មន្ត្រីបក្សសង្គ្រោះជាតិនេះ មន្ត្រីតំណាងរដ្ឋាភិបាលគឺរដ្ឋលេខាធិការ និងមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាមានភាពចាស់ទុំនយោបាយច្រើនណាស់ហើយ មិនចាំបាច់ពឹងពាក់បរទេសឲ្យមកជួយដោះស្រាយទំនាស់ផ្ទៃក្នុងកម្ពុជាទេ។
លោក ផៃ ស៊ីផាន បន្តថា៖ «នេះជាទំនាស់នៃលទ្ធផលបោះឆ្នោត មិនមែនជាទំនាស់នយោបាយទេ កម្ពុជាមានយន្តការដោះស្រាយទំនាស់ដោយខ្លួនឯងបាន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
