តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥៥រូប បានធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ដែលជាការបោះជំហានឆ្ពោះទៅចូលប្រជុំសភា នៅថ្ងៃទី៨ ខែសីហា ខាងមុខ។ មេបក្សនេះថ្លែងប្រាប់សារព័ត៌មានថា ការព្រមព្រៀងចូលសភា គឺដោយសារការទាមទារបានជោគជ័យហើយ។
យ៉ាងណា ក្រុមអ្នកវិភាគសង្កេតឃើញថា គណបក្សនេះហាក់ពុំបានសម្រេចតាមការទាមទារទាំងស្រុងនៅឡើយ គិតមកដល់ពេលដែលចូលទៅធ្វើការក្នុងសភា ដើម្បីបង្គ្រប់សំឡេងពហុបក្សក្នុងស្ថាប័ននេះ។
ការឈានមួយជំហានថ្មីនេះ គណបក្សសង្គ្រោះជាតិ រំពឹងថា ការចូលទៅតស៊ូមតិនៅក្នុងរដ្ឋសភា ក្នុងនាមជាតំណាងរាស្ត្រការពារផលប្រយោជន៍ជនរងគ្រោះម្តង។ ប៉ុន្តែប្រការនេះ បានបង្កឲ្យមានការរិះគន់ និងរំឭកឲ្យឃើញពីពាក្យសន្យាមួយចំនួនរបស់អ្នកដឹកនាំគណបក្សពីសំណាក់អ្នកគាំទ្រផងដែរ។
សម្រែកទាមទារអោយផ្ដល់យុត្តិធម៌ក្នុងការបោះឆ្នោតហាក់នៅថ្មីៗនៅឡើយនៅក្នុងអារម្មណ៍សាធារណជន ជាពិសេសក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្ដេជ្ញាជាក់លាក់ និងជាច្រើនលើកច្រើនសាណាស់ក្នុងរយៈពេលជិតមួយឆ្នាំ នៃការទាមទាររបស់គណបក្សនេះ មិនថាក្នុងមហាបាតុកម្ម សមាជមហាជន ក្នុងសន្និសីទកាសែត និងតាមប្រព័ន្ធផ្សព្វផ្សាយនានា៖ «មិនអាចទទួលយកបានទេបងប្អូន ស៊ីស្រស់ៗណាស់ បាទលេងស៊ីលើគោក បាទអត់លេងសើចទេ ដូច្នេះហើយយើងចាំមើលៗមើ តើគេរកយុត្តិធម៌អោយយើងអត់ណាស់បងប្អូនណាស់ បើរកយុត្តិធម៌អោយយើង ខ្មែររួបរួមគ្នា ដើម្បីកសាងប្រទេសជាមួយគ្នា។ ប្រសិនណាមិនរកយុត្តិធម៌ យើងប្រជារាស្ត្ររកយុត្តិធម៌ដោយខ្លួនឯង»។
ក្នុងគោលដៅសម្រេចការទាមទារនោះ ពេលខ្លះមេដឹកនាំបក្សនេះហ៊ានរហូតដល់ប្រកាសថា ពុំមានឥទ្ធិពលអំណាច ឬទឹកប្រាក់ណាមួយអាចគាបសង្កត់បានឡើយ៖ «សង្គ្រោះជាតិនេះសម្លុតអត់ខ្លាច ទិញអត់លក់ បំបែកមិនបាន ដូច្នេះគាំងហើយ»។
ការអះអាងហាក់ពុំបានប្រែប្រួលទេ រហូតដល់ពេលដែលមានកិច្ចព្រមព្រៀងបញ្ចប់ភាពជាប់គាំងនយោបាយ កាលពីថ្ងៃទី២២ ខែកក្កដា នោះក៏ដោយ។ ខុសប្លែកពីការប្ដេជ្ញានេះ ការទាមទារសម្រាប់ប្រយោជន៍ជាតិ ដែលគណបក្សនេះសន្យាថាធ្វើអោយបាន ហាក់សម្រេចបានតិចតួច ប៉ុន្តែគណបក្សនេះទំនងបានផលប្រយោជន៍ដល់សមាជិកបក្សនេះច្រើនជាង។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លទ្ធផលដែលជាគោលសំខាន់ៗពីដំបូងៗរបស់គណបក្សសង្គ្រោះជាតិ នៅក្រោយការបោះឆ្នោត គឺស្ទើរតែមិនបានទទួលជោគជ័យសោះ។ ប៉ុន្តែក្រោយមក គឺនៅពេលមានការបត់បែន គណបក្សនេះបានទទួលផលប្រយោជន៍ខ្លះ។
នៅក្នុងសមាជមហាជនមួយលើកជាពីរលើករបស់គណបក្សសង្គ្រោះជាតិ បានចងក្រងសេចក្ដីសម្រេចមួយចំនួន ដែលត្រូវគណបក្សសង្គ្រោះជាតិ យកជាគោលសម្រាប់ទាមទារជាមួយគណបក្សប្រជាជន។ ចំណុចទាំងនោះរួមមាន ទាមទារអោយស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតដោយស្ថាប័នឯករាជ្យ កំណត់ការបោះឆ្នោតឡើងវិញ អោយ គ.ជ.ប ជាស្ថាប័នឯករាជ្យ ទាមទារអោយមានវិទ្យុ ទូរទស្សន៍សម្រាប់គណបក្ស។
លោក អ៊ូ វីរៈ ក៏សង្កេតឃើញដែរថា គណបក្សនេះទទួលបានប្រយោជន៍បន្តិចបន្តួចដែរ នៅក្រោយពេលដែលមានការផ្លាស់ប្ដូរចំណុចទាមទារមួយចំនួន៖ «នៅពេលដែលគាត់ដូរហើយ គាត់ហើយ គឺគាត់បានខ្លះដែរ ទាក់ទងរឿង គ.ជ.ប ឯករាជ្យ និងការកែប្រែលក្ខន្តិកៈផ្ទៃក្នុងនៃសភា ចឹងគាត់បានខ្លះដែរ មិនមែនថាអត់បានទេ ប៉ុន្តែអ្វីដែលគាត់បាន មិនខុសពីអ្វីដែលគាត់បានហ្នឹង គឺមិនខុសពីអ្វីដែលគណបក្សប្រជាជនកម្ពុជា យល់ព្រមតាំងពីបោះឆ្នោតហើយភ្លាមម្ល៉េះ ប្រសិនបើគណបក្សសង្គ្រោះជាតិ ចង់បានតែប៉ុណ្ណឹង គាត់មិនចាំបាច់រយៈពេល១ឆ្នាំ ដើម្បីបានប៉ុណ្ណឹងទេ»។
នៅខាងក្រៅគោលការណ៍ទាមទារដែលមានចែងលើក្រដាស ឬការទាមទារដែលប្រកាសជាសាធារណៈ គណបក្សសង្គ្រោះជាតិ បានព្យាយាមស្វែងរកតុល្យភាពអំណាចក្នុងសភា និងសម្របសម្រួលមួយចំនួនដែលផ្ដើមពីការគាបសង្កត់ផ្នែកនយោបាយ។
អ្នកវិភាគការអភិវឌ្ឍសង្គម លោក កែម ឡី មើលឃើញថា ការទាមទារដើម្បីប្រយោជន៍ជាតិ ប្រយោជន៍ម្ចាស់ឆ្នោត ភាគច្រើនបានប្ដូរទៅជាប្រយោជន៍បុគ្គល៖ «អ្វីដែលគាត់មិនអាចសម្រេចបានហ្នឹង វាលើសលប់ ពីព្រោះអ្វីដែលមិនអាចសម្រេចបាន គឺជាគោលការណ៍គ្រឹះសម្រាប់ធ្វើយ៉ាងម៉េចអោយប្រទេសមានយុត្តិធម៌ ធ្វើម៉េចអោយប្រទេសដើរទៅល្អ ធ្វើម៉េចអោយប្រជាពលរដ្ឋមានការឈឺចាប់តិចបំផុត ហើយអ្វីដែលគាត់សម្រេចបាន គឺគាត់គ្រាន់តែបានផលប្រយោជន៍បុគ្គល ផលប្រយោជន៍ជាតិសឹងតែសូន្យ គណបក្សប្រជាជន មិនចង់ ទោះបីជាគណបក្សសង្គ្រោះជាតិ រុញយ៉ាងណាក៏ដោយ គឺមិនអាចដូចគាត់អះអាងទេ»។
យ៉ាងណា នៅក្នុងកិច្ចព្រមព្រៀងដោះស្រាយភាពទាល់ច្រកនយោបាយរវាងគណបក្សនយោបាយទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា បានបង្ហាញថា គណបក្សសង្គ្រោះជាតិ ទទួលបានលទ្ធផលតិចតួចដែរ មានដូចជា ការដាក់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ និងការព្រមព្រៀងជ្រើសរើសសមាសភាព គ.ជ.ប និងធ្វើអោយស្ថាប័នជាតិសំខាន់ៗមួយចំនួនមានឯករាជ្យភាព ជាដើម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងនៅក្រោយពេលចេញពីស្បថនៅក្នុងព្រះបរមរាជវាំងថា អភ័យឯកសិទ្ធិសភានៅពេលនេះនឹងជួយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អោយមានសិទ្ធិអំណាចគេចផុតពីការគំរាមកំហែងតាមរយៈប្រព័ន្ធតុលាការ៖ «ហើយយើងមានអភ័យឯកសិទ្ធិពេញលេញ។ ថ្ងៃនេះយើងអាចធ្វើការតស៊ូ ដោយអហិង្សាតទៀតដោយអត់មានប្រព័ន្ធតុលាការណា យកមកគំរាមយើង ដើម្បីអោយយើងហ្នឹងភ័យខ្លាចអីទៀតទេ»។
ចំពោះ លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វិញ លោកមើលឃើញថា មូលហេតុដែលធ្វើអោយការទាមទារមិនបានជោគជ័យចំណុចសំខាន់ គឺដោយសារគណបក្សនេះពុំមានយុទ្ធសាស្ត្រច្បាស់លាស់នៅឡើយ៖ «គាត់គួរតែគិតហើយចាត់នូវអ្វីៗទាំងអស់ដែលគាត់ចង់បាន ជាធាតុសំខាន់ៗទាំងអស់ រួចហើយទៅគាត់រុញច្រើនកន្លែង បានន័យថា រុញទាមទារអោយបានច្រើន ហើយចរចាលើហ្នឹងវិញ គាត់បានច្រើន ប៉ុន្តែបើគាត់រុញតែមួយពេល គណបក្សប្រជាជនអត់ព្រមហ្នឹង គឺមានតែឈ្លោះគ្នាទេ។ ក្នុងករណីចរចាតាំងពីឆ្នាំមុនម៉ោ យកការកែទម្រង់ស្ថាប័នជាគោល ប្រហែលជាគណបក្សសង្គ្រោះជាតិ បានច្រើនជាង ព្រោះពេលនោះហាក់ដូចជាមានកម្លាំង គាត់មានកម្លាំងខ្លាំង»។
មិនខុសគ្នានេះ លោក កែម ឡី មើលឃើញដែរថា ដោយសារពុំមានយុទ្ធសាស្ត្ររឹងមាំផង ដោយសារបារម្ភនឹងតំណាងរាស្ត្រត្រូវជាប់ពន្ធនាគារ ការចុះទន់ខ្សោយនៃសន្ទុះអ្នកគាំទ្រ ការធ្លាក់ទឹកចិត្តនៃក្រុមអ្នកតំណាងរាស្ត្រ ជាដើម ជាមូលហេតុនៃការទទួលបានលទ្ធផលតិចតួច៖ «ទាំងការចាប់ដាក់ពន្ធនាគារ ទាំងគំរាមកំហែងបម្រុងនឹងចាប់សមាជិករបស់គាត់ចឹង គាត់អត់មានជម្រើស ទី២ គឺដោយសារគាត់រាងធុញទ្រាន់នឹងស្ថានភាពហ្នឹង គាត់ក៏រាងចាស់ៗទៅហើយ ហើយគាត់ដូចជាខ្លាចផង សម រង្ស៊ី កឹម សុខ ដូចចាប់ផ្ដើមខ្លាច។ រឿងទី៣ សមាជិកសមាជិកាមួយចំនួន ដែលគាត់ក្រីក្រនិយាយរួមទៅ គាត់អត់មានប្រាក់ខែប្រាក់អីយូរ»។
ក្នុងហេតុផលនេះនៅក្រោយហេតុការណ៍អំពើហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដា មន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ ត្រូវចាប់ឃុំខ្លួន។ ចំណែកអនុប្រធានបក្សនេះ គឺលោក កឹម សុខា ក៏ត្រូវតុលាការកោះហៅ ដោយប្រឈមនឹងមានទោសក្នុងបទព្រហ្មទណ្ឌ។ បញ្ហានោះជំរុញអោយគណបក្សសង្គ្រោះជាតិ វិលទៅរកតុចរចាជាថ្មី។ ចំណែកនៅក្រោយការឃាត់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិ ៣នាក់ អ្នកតំណាងរាស្ត្របានចូលស្បថ។
អ្នកវិភាគសង្គម លោក កែម ឡី ថ្លែងថា ពិតមែនថាមានលទ្ធផលទាំងនេះ ក៏គណបក្សសង្គ្រោះជាតិ នឹងជួបបញ្ហាជាច្រើនទៀតដែលអាចចោទឡើង។
ក្រៅពីមិនអាចសម្រេចគោលដៅតាមការទាមទារ គណបក្សសង្គ្រោះជាតិ ត្រូវមើលឃើញថា បានងាកចេញពីការសន្យាដែលថា គណបក្សនេះគោរពតាមឆន្ទៈរបស់ម្ចាស់ឆ្នោត។ ត្រង់នេះ លោក កែម ឡី ផ្ដល់អនុសាសន៍ថា គណបក្សសង្គ្រោះជាតិ ត្រូវបំពេញកិច្ចការជាច្រើនទៀតទើបអាចធានាបានថា គណបក្សនេះអាចរក្សាប្រជាប្រិយភាព៖ «ជួយគាំទ្រជួយដោះស្រាយក្នុងសភាផង នៅក្រៅសភាផង ត្រូវពង្រឹងប្រព័ន្ធគណបក្សហ្នឹង គាត់នៅខ្វះច្រើនណាស់ ជាពិសេសប្រព័ន្ធទិន្នន័យលទ្ធផលសន្លឹកឆ្នោត ប្រព័ន្ធរៀបចំអោយមានអ្នកអង្កេតការណ៍គណបក្សអាជីព អ្នកអង្កេតការណ៍គណបក្សនៅតាមការិយាល័យអីអស់ហ្នឹង គឺគាត់ប្រហោងច្រើន។ សមាជិករបស់គាត់ត្រូវតែសកម្ម ដើម្បីអោយប្រជាពលរដ្ឋទាំងនោះក្នុងប្រទេសក្រៅប្រទេស ពិនិត្យឈ្មោះបោះឆ្នោតតាមដានការបោះឆ្នោតហ្នឹងអោយបានមាំ។ គាត់ត្រូវផ្លាស់ប្ដូរអកប្បកិរិយានយោបាយអោយទន់ភ្លន់ អោយមានប្រជាធិបតេយ្យ ហើយបើកចំហ។ គាត់ត្រូវចងប្រព័ន្ធសង្គមមួយដែលអាចអោយរៀបចំបេក្ខភាពតំណាងរាស្ត្រសម្រាប់ឆ្នាំ២០១៨ អោយហើយ»។
ចំណែក លោក អ៊ូ វីរៈ មើលឃើញថា ការមិនអាចសម្រេចតាមការទាមទារពេលនេះ គណបក្សសង្គ្រោះជាតិ ត្រូវចាប់ផ្ដើមរៀបចំយុទ្ធសាស្ត្រថ្មីៗទៀតសម្រាប់គណបក្ស ដើម្បីទទួលបានជោគជ័យក្នុងអនាគត។
ពិតមែនថាមានចំណុចជាច្រើនដែលខ្លួនមិនអាចធ្វើបានជោគជ័យ គណបក្សសង្គ្រោះជាតិ បន្ថែមការសន្យាមួយចំនួនទៀត ដូចជា ការមិនបណ្ដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសស្រេចនឹងចិត្ត ដោយប្រើប្រាស់មធ្យោបាយសភា គ.ជ.ប ត្រូវជាស្ថាប័នឯករាជ្យ។ ក្នុងការសន្យាថ្មីនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវនាវអោយពលរដ្ឋជាម្ចាស់ឆ្នោត រង់ចាំតាមដានការងាររបស់គណបក្សនេះសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
