បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​រៀបចំ​ធ្វើ​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​នៅ​ថ្ងៃ​ទី​២៧​កក្កដា

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​រៀបចំ​ធ្វើ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ កក្កដា។ សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​នេះ​មាន​សមាជិក​ថ្នាក់​ដឹក​នាំ ចាប់​ពី​ថ្នាក់​ឃុំ ស្រុក ខេត្ត និង​ថ្នាក់​ជាតិ​ប្រមាណ ៥.០០០​នាក់​ចូលរួម។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កក្កដា ថា សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​អំពី​វិធានការ និង​មធ្យោបាយ ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា បច្ចុប្បន្ន រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ​សំខាន់ ពីព្រោះ​នៅ​ក្រោយ​ពេល​ចប់​ការ​ពិភាក្សា​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ នឹង​ចេញ​សេចក្តី​សម្រេច​ចិត្ត​នយោបាយ ទាក់ទង​នឹង​ទិសដៅ​សកម្មភាព​របស់​គណបក្ស​ទៅ​អនាគត៖ «ទី​១​យើង​ធ្វើ​របាយការណ៍​សកម្មភាព​២​ឆ្នាំ​កន្លង​មក គិត​ចាប់​តាំង​ពី​បង្កើត​គណបក្ស​មក។ ទី​២ យើង​លើក​ទិសដៅ​ទៅ​មុខ​ទៀត ថា​តើ​យើង​ធ្វើ​អី​ទៀត? ជាពិសេស​ការ​ជាប់​គាំង​នយោបាយ ថា​តើ​បើ​គ្មាន​ការ​ដោះស្រាយ​ទេ តើ​យើង​ធ្វើ​អី? ក្នុង​របៀបវារៈ​ទី​៣ មាន​សេចក្តី​សម្រេច​ចិត្ត​របស់​សន្និបាត តើ​យើង​ត្រូវ​ធ្វើ​អី?»

នៅ​ក្នុង​ថ្ងៃ​ទី​៩ កក្កដា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ បញ្ជាក់​អំពី​គម្រោង​ធ្វើ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ ដោយ​មាន​ថ្នាក់​ដឹក​នាំ​គណបក្ស​គ្រប់​លំដាប់​ថ្នាក់​ចូលរួម​ប្រមាណ ៥.០០០​នាក់ ហើយ​គណបក្ស​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ជួយ​ឧបត្ថម្ភ​ថវិកា​ទៅ​តាម​សមានចិត្ត និង​លទ្ធភាព សម្រាប់​ចំណាយ​លើ​ដំណើរ​ការ​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ នា​ពេល​ខាង​មុខ​នេះ។ តាម​ការ​គណនា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ប្រាក់​ចំណាយ​សរុប​ជិត ៥​ម៉ឺន​ដុល្លារ ដើម្បី​ចំណាយ​លើ​ការ​ស្នាក់នៅ​មធ្យោបាយ​ធ្វើ​ដំណើរ និង​គ្រឿង​ឧបភោគ​បរិភោគ ការ​រៀបចំ​វេទិកា និង​ចំណាយ​ផ្សេងៗ។

លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លង​មក​រាល់​ការ​អំពាវនាវ​របស់​គណបក្ស​រក​ថវិកា​ពី​សំណាក់​សប្បុរសជន និង​ប្រជាពលរដ្ឋ ដើម្បី​ចំណាយ​លើ​សកម្មភាព​គណបក្ស តែង​តែ​បាន​ទទួល​ការ​គាំទ្រ​ជានិច្ច៖ «ពេល​យើង​មាន​កម្មវិធី​ម្តងៗ គឺ​យើង​អត់​ខ្វះ​ទេ ដូច​ជា​បាតុកម្ម ដូច​ជា​កម្មវិធី​ប្រជុំ អត់​ដែល​ខ្វះ​ទេ គឺ​សកម្មជន​នៅ​ក្រៅ​ប្រទេស​គេ​ចាំ​តែ​ជួយ»

ចំពោះ​ការ​ជាប់​គាំង​នយោបាយ​បច្ចុប្បន្ន លោក កឹម សុខា មាន​ប្រសាសន៍​ថា បើ​នៅ​មាន​ការ​ជួប​ចរចា​រវាង​តំណាង​គណបក្ស​នយោបាយ​ទាំង​ពីរ លោក​មាន​ជំនឿ​ថា ការ​ដោះស្រាយ​នៅ​តែ​អាច​ទៅ​រួច។

ទាក់ទង​ការ​គ្រោង​រៀបចំ​សន្និបាត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៧ កក្កដា នៅ​រាជធានី​ភ្នំពេញ នេះ លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ សាលា​រាជធានី​មិន​ទាន់​បាន​ទទួល​ការ​ជូន​ដំណឹង និង​ការ​សុំ​អនុញ្ញាត​ជា​ផ្លូវ​ការ ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ៖ «បើ​សិន​ជា​គាត់​ធ្វើ​ត្រូវ​តែ​សុំ​ច្បាប់។ មិន​មែន​តែ​គណបក្ស​សង្គ្រោះ​ជាតិ ឯណា សូម្បី​តែ​គណបក្ស​ប្រជាជន​កម្ពុជា គាត់​ធ្វើ​មិទ្ទីង ឬ​ការ​អបអរ​សាទរ​អី​មួយ​នៅ​ស្នាក់​ការ​គណបក្ស ក៏​គាត់​សុំ​ច្បាប់​មក​សាលា​ក្រុង​ដែរ»

គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​គណបក្ស​ប្រឆាំង​ធំ​នៅ​កម្ពុជា កើត​ឡើង​ដោយ​ការ​ចូលរួម​គ្នា​ពី​អ្នក​ដឹក​នាំ និង​សមាជិក​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ប្រជាពលរដ្ឋ​ដែល​បោះ​ឆ្នោត។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល ៥៥​អាសនៈ ក្នុង​ចំណោម​កៅអី ១២៣​អាសនៈ​នៃ​រដ្ឋសភា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល ៦៨​អាសនៈ។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ និង​បាន​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។