គណបក្សសង្គ្រោះជាតិ គ្រោងនឹងដាក់ញត្តិទៅបណ្ដាប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបណ្ដាប្រទេសជាសមាជិកអាស៊ាន នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ ដើម្បីសុំអន្តរាគមន៍ធ្វើយ៉ាងណាអោយប្រធាន និងអនុប្រធានគណបក្សដែលកំពុងមានទោស និងជាប់បណ្ដឹងបានចូលរួមក្នុងដំណើរការបោះឆ្នោត។ មន្ត្រីនាំពាក្យគណបក្សកាន់អំណាចហៅការដាក់ញត្តិនេះថា ហាក់ជារឿងអត់ប្រយោជន៍។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាចចាត់ទុកគម្រោងការដាក់ញត្តិរបស់គណបក្សប្រឆាំងថា ជាសិទ្ធិរបស់គណបក្សនេះ ប៉ុន្តែក៏ជាវិធានការដែលបង្ហាញថា គណបក្សនេះកំពុងទាល់ច្រក។
អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ប្រទេសទាំង១៨ ដែលម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏មិនខុសពីប្រទេសជាសមាជិកអាស៊ានដែរ គឺពុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ៖ «ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបណ្ដាប្រទេសក្នុងសមាគមអាស៊ានពុំមានភារកិច្ច និងតួនាទីដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ប្រទេសនានានៅលើពិភពលោក ដែលសមាជិកអង្គការសហប្រជាជាតិ ឬសមាជិកអាស៊ានទេ ពីព្រោះក្នុងហ្នឹងជាទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឬក៏សមាគមអាស៊ានហ្នឹង គឺទាក់ទងតែជាមួយរដ្ឋាភិបាលបណ្ដាប្រទេសមិនទាក់ទងនឹងគណបក្សនយោបាយទេ»។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនៅពេលនេះ បន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង នៅព្រឹកថ្ងៃទី២ ខែកញ្ញា វាយតម្លៃថា ស្ថានភាពតានតឹងផ្នែកនយោបាយ និងការធ្វើទុក្ខបុកម្នេញបក្សប្រឆាំងនៅពេលនេះ កំពុងរុញច្រានដំណើរការបោះឆ្នោតនៅកម្ពុជា អោយឃ្លាតឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ៖ «កាលណាគេនិយាយពីបរិយាកាសដែរហ្នឹង គឺគេនិយាយអំពីអត់មានការចាប់ចង អត់មានការចោទប្រកាន់ អត់មានការចាប់អ្នកនយោបាយដាក់គុក អត់មានការរារាំងមេដឹកនាំគណបក្សនយោបាយ មិនអោយមកចូលរួមក្នុងយុទ្ធនាការ។ បើសិនជាបរិយាកាសមួយមេដឹកនាំគណបក្សនយោបាយធំៗ ដែលជាគូប្រកួតដែលមានកម្លាំងប្រហាក់ប្រហែលគ្នាមិនអាចមកចូលរួមការចុះឈ្មោះបាន មិនអាចមកចូលរួមធ្វើយុទ្ធនាការបាន មិនអាចធ្វើសកម្មភាពនយោបាយបាន គេមិនអាចថា ការបោះឆ្នោតហ្នឹង សេរី ត្រឹមត្រូវ និងយុត្តិធម៌បានទេ»។
មកដល់ពេលនេះមានមន្រ្តី និងសកម្មជនគណបក្សប្រឆាំងចំនួន ១៩នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដែលសំណុំរឿងទាំងនោះត្រូវបក្សនេះ និងអ្នកសង្កេតការណ៍សិទ្ធិមនុស្សចាត់ទុកថា ជារឿងនយោបាយច្រើនជាង។ ចំណែកប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី កំពុងបន្តនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចពីការចាប់ខ្លួនក្នុងសំណុំរឿងមួយចំនួនដែរ រីឯអនុប្រធានគណបក្ស គឺលោក កឹម សុខា ក៏កំពុងឃុំខ្លួនឯងក្នុងទីស្នាក់ការបក្ស បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងបណ្ដឹងសំណុំរឿងសញ្ចារកម្ម។
បើទោះជាយ៉ាងណា មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បន្តច្រានចោលការលើកឡើងដែលថា ស្ថានការណ៍នយោបាយនៅកម្ពុជា តានតឹង ឬគណបក្សកាន់អំណាចធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងជាដើម។ លោកអះអាងថា គណបក្សសង្គ្រោះជាតិ ត្រូវហ៊ានទទួលខុសត្រូវចំពោះសកម្មភាពល្មើសច្បាប់នៃមន្ត្រីជាន់ខ្ពស់របស់ខ្លួនរួមនឹងសកម្មជនផ្សេងទៀត។
ចំពោះអ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា សំណើរបស់គណបក្សប្រឆាំងនៅពេលនេះ ត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់បណ្ដាប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកថា មានចំណុចមួយចំនួនដែលប្រទេសទាំងនេះអាចមានសិទ្ធិមានវិធានការ ជាពិសេសក្នុងផ្នែកសិទ្ធិមនុស្ស៖ «គឺអាចទៅតវ៉ាសុំអោយប្រទេសណាមួយ ជាពិសេសប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្សហ្នឹង ជាពិសេសទៅទៀត ពីប្រទេសដែលសហប្រធានបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីស»។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បង្កើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានការចូលរួមពីភាគីជម្លោះខ្មែរចំនួន៤ និងប្រទេសជាហត្ថលេខីចំនួន១៨ ជាសាក្សី។ កិច្ចព្រមព្រៀងនេះធានារៀបចំអោយមានសន្តិភាព ព្រមទាំងការដកកងទ័ពបរទេស (វៀតណាម) ចេញពីកម្ពុជា ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យតាមរយៈការរៀបចំការបោះឆ្នោតសភាធម្មនុញ្ញ និងការពារកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
