គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃ​១០ ធ្នូ

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​យក​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ខាង​មុខ ដើម្បី​ប្រមូល​ផ្ដុំ​​សមាជិក​គាំទ្រ​ទូទាំង​ប្រទេស ធ្វើ​មហា​បាតុកម្ម​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​ស្វែង​រក​យុត្តិធម៌​លើ​​លទ្ធផល​បោះ​ឆ្នោត។

0:00 / 0:00

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​វិច្ឆិកា ថា មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ១០​ធ្នូ ខាង​មុខ មិន​ទាន់​កំណត់​ទីតាំង​ប្រមូល​​​ផ្តុំ​ឲ្យ​ពិត​ប្រាកដ​ទេ។

លោក​ថា ទីតាំង​ប្រមូល​ផ្តុំ​អាច​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ឬ​អាច​ជ្រើស​យក​ទីប្រជុំជន​ខេត្ត​ណា​មួយ​ដើម្បី​រៀបចំ ព្រោះ​ក្រុម​ការងារ​គណបក្ស​កំពុង​ពិគ្រោះ​យោបល់។

លោក កឹម សុខា ​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ប្រមូល​ផ្ដុំ​សមាជិក​គាំទ្រ​ជា​ថ្មី​នេះ គឺ​ដើម្បី​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស និង​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត ជា​ពិសេស​ដើម្បី​រក​យុត្តិធម៌​ជូន​កម្មករ​រោងចក្រ អែស.អិល (SL) និង​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​បាញ់​ឲ្យ​ស្លាប់ និង​រង​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា។

លោក កឹម សុខា៖ «ក្នុង​ថ្មីៗ​នេះ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ អាជ្ញាធរ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង បាន​ប្រើ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ​បំផុត​ទៅ​លើ​កម្មករ សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល​មិន​ដឹង​ខ្លួន និង​វ៉ៃ​ព្រះសង្ឃ​ជាដើម។ អំពើ​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា គណបក្ស​ប្រជាជន​មិន​គោរព​កិច្ច​សន្យា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង នៅ​តែ​ប្រើ​គំនិត​ចាស់​ដដែល មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ។ ដូច្នេះ​យើង​មិន​អាច​ទៅ​ចរចា ឬ​ទៅ​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ បើ​សិន​ណា​មិន​រក​យុត្តិធម៌ មិន​រក​ការ​ពិត ហើយ​ទុក​ឲ្យ​ប្រជារាស្ត្រ​រង​គ្រោះ​យ៉ាង​សាហាវ​ព្រៃ​ផ្សៃ​នេះ​ត​ទៅ​ទៀត»

​គម្រោង​ដឹក​នាំ​មហា​បាតុកម្ម​ជា​ថ្មី​របស់​គណបក្ស​ប្រឆាំង កើត​មាន​បន្ទាប់​ពី​ជំនួប​ចរចា​រវាង​មន្ត្រី​គណបក្ស​សង្គ្រោះ​​​​​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា លើ​វិវាទ​បោះ​ឆ្នោត​ត្រូវ​បរាជ័យ​ជា​បន្ត​បន្ទាប់​រួច​មក។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ជាម យៀប និង​លោក ព្រំ សុខា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​សមាជិក​ដឹកនាំ​ជំនួប​ចរចា​លើ​វិវាទ​នយោបាយ​រវាង​គណបក្ស​ប្រជាជន និង​បក្ស​សង្គ្រោះ​ជាតិ​បាន​​​ទេ នៅ​ថ្ងៃ​ច័ន្ទ។ ប៉ុន្តែ​កន្លង​មក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា ទ្វារ​ចរចា​លើ​វិវាទ​បោះ​ឆ្នោត ឬ​វិវាទ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បញ្ចប់​ទេ និង​រង់ចាំ​គណបក្ស​ប្រឆាំង​មក​ធ្វើ​ការងារ​រួម​គ្នា។

លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ។ លោក​បាន​ចាត់​ទុក​គម្រោង​យក​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ផ្តុំ​មហាជន​​ធ្វើ​បាតុកម្ម​ជា​ថ្មី​ អាច​ជា​ការ​ដាក់​សម្ពាធ​នយោបាយ​មួយ​ដល់​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។ ទោះ​យ៉ាង​ណា អ្នក​វិភាគ​រូប​នេះ​មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​ហាក់​មិន​មាន​កម្មវិធី​នយោបាយ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ម្ដង​ទាមទារ​យក​តំណែង​ប្រធាន​សភា ឬ​តំណែង​នេះ​តំណែង​នោះ ប៉ុន្តែ​ក្រោយ​មក​ច្រាន​ចោល៖ «ចុង​ក្រោយ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​ប្រែប្រួល​ដែល​គិត​ស្មាន​មិន​ដល់​នូវ​គំហុក​នយោបាយ​នៃ​ការ​ទទួល​ស្គាល់​របស់​គណបក្ស​ប្រជាជន។ អ៊ីចឹង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តែ​រក ឬ​ក៏​គួរ​តែ​រក​យុត្តិសាស្ត្រ​នយោបាយ​ណា​មួយ​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ។ យើង​កុំ​ចង់​រុញ​ប្រទេស​ជាតិ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​វិបត្តិ​ជ្រៅ​មួយ​ដែល​ឈាន​ដល់​បង្ហូរ​ឈាម​គ្នា ឬ​ក៏​បែក​បាក់​កាន់​តែ​ជ្រៅ​ទៅ គឺ​ជា​អត់​មាន​ទៅ​សង្ឃឹម​នរណា ហើយ​ឈប់​ទៅ​សង្ឃឹម​មហា​អំណាច គ្រប់​ភាគី​ទាំង​សង​ខាង។ ការ​ដែល​និយាយ​របស់​ខ្ញុំ​នេះ មិន​សំដៅ​ទៅ​លើ​ភាគី​ណា​ទេ»

លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច ដែល​ជា​សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ខេមរៈ​ផង​នោះ ផ្ដល់​វិភាគ​ទៅ​អ្នក​ជយោបាយ​ដែល​ឈ្នះ​អាសនៈ​សភា​នីតិកាល​ទី​៥​ទាំង​ពីរ គួរ​បញ្ចប់​វិវាទ​នយោបាយ​ត​ទៅ​ទៀត និង​រួម​គ្នា​ដឹក​នាំ​អភិវឌ្ឍន៍​ប្រទេស​ប្រសើរ​ជាង​ពាក់​មុខ​យក្ស​ដាក់​គ្នា ដែល​នាំ​ឲ្យ​ប្រទេស​ជាតិ​អន្តរាយ។

អ្នក​វិភាគ​រូប​នេះ​ព្រួយ​បារម្ភ​ថា បើ​សិន​ជា​អ្នក​នយោបាយ​ខ្មែរ​បន្ត​ឈ្មោះ​គ្នា ឬ​​អាត្មា​និយម​តែ​រៀងៗ​ខ្លួន​ដូច​សព្វ​ថ្ងៃ​នេះ អាច​នាំ​ឲ្យ​ជម្លោះ​ផ្ទៃ​ក្នុង​រីក​រាល​ដាល​ធ្ងន់ធ្ងរ និង​ប្រទេស​ជាតិ​ជួប​វិបត្តិ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​អនាគត។

ទោះ​ជា​បែប​ណា រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​វិច្ឆិកា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​កំណត់​ថ្ងៃ​ជួប​ចរចា​ជា​ថ្មី​ទេ បន្ទាប់​ពី​ជំនួប​ចុង​ក្រោយ​រវាង​ក្រុម​ការងារ​បច្ចេកទេស ឬ​ជំនាញ​គណបក្ស​ទាំង​ពីរ​មិន​បាន​ទទួល​លទ្ធផល​កាល​ពី​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា រួច​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។