បក​ប្រឆាំង​គ្រោង​ស្នើ​គ.ជ.ប​ករណី​សាលា​ក្រុង​បិទ​ផ្លូវ​មួយ​ចំនួន​មិន​ឲ្យ​ហែ​ក្បួន​ឃោសនា

0:00 / 0:00

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​កំពុង​រៀបចំ​ដាក់​លិខិត​ជា​ផ្លូវការ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដើម្បី​សុំ​តវ៉ា​រឿង​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​នៅ​តាម​ដង​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។ ចំណែក​មន្ត្រី គ.ជ.ប បញ្ជាក់​ថា នឹង​ពិគ្រោះ​យោបល់​ឡើង​វិញ​ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​ចេញ​បម្រាម​របស់​សាលា​ក្រុង​ដែល​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ គឺ​ប្រៀប​បាន​នឹង​ការ​រារាំង​មិន​ឲ្យ​គណបក្ស​នយោបាយ​ចេញ​ឃោសនា​បោះឆ្នោត ហើយ​ជា​ទង្វើ​មួយ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដែរ។

ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​កិច្ច​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ សម្រាប់​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៩ ឧសភា ថា ទីតាំង​សាធារណៈ​ដែល​សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន ដូច​នៅ​តាម​ផ្លូវ សួនច្បារ និង​ផ្សារ ជាដើម គឺ​សុទ្ធតែ​ជា​ទីកន្លែង​ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស​ច្រើន ហើយ​ងាយ​ស្រួល​សម្រាប់​គណបក្ស​នយោបាយ​ចេញ​ឃោសនា​ផ្សព្វផ្សាយ​គោល​នយោបាយ​ទៅ​ដល់​ប្រជាពលរដ្ឋ។

អ្នកស្រី​បន្ថែម​ថា ខាង​គណបក្ស​ប្រឆាំង​នឹង​ដាក់​លិខិត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឲ្យ​បាន​មុន​ថ្ងៃ​ឃោសនា​បោះឆ្នោត​ខាង​មុខ ដើម្បី​គិត​ពិចារណា​ឡើង​វិញ​ចំពោះ​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ៖ « កន្លែង​សំខាន់ៗ​មាន​មនុស្ស​អ៊ូអរ​ដែល​គណបក្ស​នយោបាយ​អាច​ផ្ញើ​សារ​ទៅ​កាន់​ពលរដ្ឋ​ទាំងនោះ សឹងតែ​អស់​ទៅ​ហើយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ អ៊ីចឹង​មក​ដល់​ពេល​នេះ មិន​ដឹង​ថា គ . . ប សម្រេច​បែប​ណា ? ព្រោះ​ការ​ចេញ​បម្រាម​បែប​នេះ គឺ​ហាក់​បី​ដូចជា​ការ​រារាំង​មិន​ឲ្យ​ឃោសនា »

កាល​ពី​ពេល​ថ្មីៗ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​តាម​ផ្លូវ ដូចជា​មហាវិថី​ព្រះ​នរោត្តម សហព័ន្ធ​រុស្ស៊ី ព្រះមុនីវង្ស ព្រះសីហនុ ម៉ៅសេទុង ផ្លូវ​ទេពផន វិថី​សុធារស សុរាម្រិត និង​ផ្លូវ​ជុំវិញ​ព្រះបរមរាជវាំង។ ចំណែក​កន្លែង​សាធារណៈ​ដូចជា​នៅ​ផ្លូវ​ជុំវិញ​ផ្សា​ធំ​ថ្មី អូរឫស្សី អូឡាំពិក ទួលទំពូង ផ្សារ​ដេប៉ូ ដើម​គ សួន​មុខ​វាំង វាល​ព្រះ​មេរុ ផ្នែក​នៃ​សួនច្បារ​មុខ​វត្ត​បទុមវតី ទីធ្លា​រូប​សំណាក​លោក​យាយ​ពេញ និង​សួនច្បារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បកស្រាយ​ថា បម្រាម​របស់​សាលា​ក្រុង គឺ​ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការ​កកស្ទះ​ចរាចរណ៍​ប៉ុណ្ណោះ ព្រោះ​កន្លង​ទៅ ពលរដ្ឋ និង​អាជីវករ​ធ្លាប់​ត្អូញត្អែរ និង​តវ៉ា​នៅ​ពេល​គណបក្ស​ខ្លះ​បាន​ទៅ​ឃោសនា និង​ចែក​ប័ណ្ណ​ឃោសនា​ដល់​ក្នុង​ផ្សារ ព្រម​ទាំង​បិទ​ផ្សាយ​ប័ណ្ណ​ឃោសនា​តាម​របង​ផ្ទះ សាលា​រៀន និង​មន្ទីរពេទ្យ ដែល​មិន​គោរព​តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ។ លោក​បន្ត​ថា បម្រាម​បែប​នេះ​ក៏​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ជាន់​សកម្មភាព​គ្នា ប្រសិន​បើ​មាន​ក្បួន​រថយន្ត​គណៈប្រតិភូ​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​នោះ៖ « ផ្លូវ​នៅ​រាជធានី​ភ្នំពេញ មាន​គណៈប្រតិភូ​ចុះ​ឡើង ដូច្នោះ​ត្រូវ​ការពារ​សន្តិសុខ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​គណៈប្រតិភូ​បរទេស​ជាន់​ខ្ពស់​ជាន់​ទាប​ឆ្លង​កាត់​ផ្លូវ​ហ្នឹង »

លោក ទេព នីថា បន្ត​ថា ការ​ចេញ​បម្រាម​បែប​នេះ មិន​មែន​មាន​តែ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ គឺ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស។ លោក​បញ្ជាក់​ថា គ.ជ.ប នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​រាជធានី​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ពិនិត្យ​ឡើង​វិញ​ចំពោះ​ទីតាំង​ណា​ដែល​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ក្បួន ថ្វីត្បិតតែ​មិន​បាន​ដក​បម្រាម​ទាំងស្រុង​ក្ដី។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សមាគម និង​អង្គការ​សង្គម​ស៊ីវិល​នៃ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣៨ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៩ ឧសភា ដោយ​យល់​ឃើញ​ថា ការ​ចេញ​បម្រាម​របស់​សាលា​រាជធានី បិទ​ផ្លូវ​មួយ​ចំនួន​មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន ក្រោម​ហេតុផល​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​សម​ហេតុផល​ឡើយ ព្រោះ​ទីតាំង​ទាំងនោះ គឺ​ជា​កន្លែង​ប្រមូល​ផ្ដុំ​ដោយ​ប្រជាពលរដ្ឋ​ជា​អ្នក​បោះឆ្នោត។

ក្រុម​អង្គការ​ទាំងនេះ​បន្ត​ថា ទង្វើ​ដដែល​នេះ​ក៏​មិន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ធានា​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​ដែរ។ ម្យ៉ាង​វិញ ការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​រយៈពេល ១៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា គឺ​កាត់​បន្ថយ​ការ​ហែ​ក្បួន​មក​ត្រឹម​ចំនួន​ពីរ​ដង​ក្នុង​មួយ​គណបក្ស​នយោបាយ ហើយ​បើ​កាត់​បន្ថយ​ទីធ្លា​សាធារណៈ និង​ផ្លូវ​មួយ​ចំនួន នឹង​ធ្វើ​ឲ្យ​ការ​អនុវត្ត​សិទ្ធិ​ប្រមូល​ផ្ដុំ និង​ហែ​ក្បួន​កាន់​តែ​ធ្លាក់​ចុះ​ថែម​ទៀត។

នៅ​អំឡុង​ឃោសនា​បោះឆ្នោត​ខាង​មុខ រដ្ឋាភិបាល​បាន​សម្រេច​ដាក់​ពង្រាយ​នគរបាល​ចំនួន ៧​នាក់​ក្នុង​មួយ​ឃុំ-សង្កាត់ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ហើយ​នគរបាល កង​រាជ​អាវុធហត្ថ និង​កង​យោធពល​ខេមរភូមិន្ទ​ចំនួន ២០​នាក់ នឹង​ត្រៀម​អន្តរាគមន៍​នៅ​តាម​ក្រុង ស្រុក និង​ខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។