ស្របពេលដែលរដ្ឋាភិបាល កំពុងដាក់ការគាបសង្កត់ទៅលើមេដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ សំខាន់ៗនៅឯទីក្រុងភ្នំពេញ នៅតាមបណ្ដាខេត្តខ្លះនៃភាគឧត្តរជាប់ព្រំដែនកម្ពុជា-ថៃ ក៏មានការស្អប់ទៅលើសកម្មភាពនៃគណបក្សប្រឆាំងមួយនេះដែរ។
កាលពីថ្ងៃទី២៩ ខែឧសភា កន្លងទៅ ស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ ចំនួន ៣ផ្ទាំងដែលគេដាក់តាំងនៅតាមចិញ្ចើមផ្លូវសាធារណៈនៃសង្កាត់បន្សាយរក្ស ក្រុងសំរោង ត្រូវបុរស ២នាក់ ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សកាន់អំណាចបានទៅដកបំផ្លាញ។
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តឧត្តរមានជ័យ បានជួបពិភាក្សាគ្នាដើម្បីរៀបចំពាក្យបណ្ដឹងប្រឆាំងនឹងបុរស ២នាក់ ដែលគេអះអាងថា ជាមេភូមិអូរបាត់ដាវ និងមេភូមិត្រពាំងត្រាវនៃសង្កាត់បន្សាយរក្ស និងជាជនដៃដល់ក្នុងការដកបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ជនទាំងពីរនាក់នោះថា ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ហើយក៏ជាអ្នកទទួលបញ្ជាពីមន្ត្រីសង្កាត់បន្សាយរក្ស ឱ្យទៅបំផ្លាញស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ ដែរ។
សកម្មជននៃគណបក្សសង្គ្រោះជាតិ សង្កាត់បន្សាយរក្ស គឺលោក ម៉ក់ វាន់វុទ្ធី។ លោកអះអាងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា ថា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ លោកបានយកស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ចំនួន ៣ផ្ទាំង ទៅដាក់នៅជិតផ្ទះសកម្មជនរបស់ខ្លួន និងតាមចិញ្ចើមផ្លូវសាធារណៈក្នុងភូមិអូរបាត់ដាវ និងភូមិត្រពាំងត្រាវ។ ស្រាប់តែនៅថ្ងៃទី២៩ ខែឧសភា មានបុរស ២នាក់ឈ្មោះ ភួង ភឿន ជាមេភូមិអូរបាត់ដាវ និងឈ្មោះ ម៉ោន គឹមយ៉ាន ជាមេភូមិត្រពាំងត្រាវ បានទៅដកបំផ្លាញស្លាកសញ្ញាទាំងនោះចំនួន ២ផ្ទាំង ចំណែក ១ផ្ទាំងផ្សេងទៀតបានបាត់មិនដឹងទៅណា។
លោក ម៉ក់ វ៉ាន់វុទ្ធី បានចោទប្រកាន់ថា បុរសទាំងពីរនាក់ដែលទៅដកបំផ្លាញស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិនោះ គឺធ្វើតាមបញ្ជារបស់ចៅសង្កាត់បន្សាយរក្ស៖ «ខ្ញុំព្រួយបារម្ភពីរឿងប្រជាធិបតេយ្យសិទ្ធិគណបក្ស គេឱ្យបង្កើតគណបក្សអីមកយើងត្រូវលើកស្លាកដល់លើកអត់បាន»។
ទោះយ៉ាងណាចៅសង្កាត់បន្សាយរក្ស លោក ហែម សេដា បានច្រានចោលដាច់អហង្ការ ដោយថា គណបក្សសង្គ្រោះជាតិ ដែលទៅដាក់ស្លាកសញ្ញាតាមទីសាធារណៈនោះ គឺមិនបានប្រាប់ឱ្យរូបលោកដឹងឡើយ ហើយលោកក៏មិនពាក់ព័ន្ធនឹងការបំផ្លាញដូចការចោទប្រកាន់ទេ៖ «លោកគួរតែយល់ថា គេធ្វើអ្វីមួយគេគួរតែគិត ហើយការគិតនោះគឺគេធ្វើខ្លួនឯង គេដកខ្លួនឯងឯខ្ញុំមិនដឹងរឿងទេ»។
លោក ហែម សេដា ក៏មិនបានពន្យល់ឱ្យក្បោះក្បាយថា តើបុរស ២នាក់ ដែលគេស្គាល់ថា ជាមេភូមិអូរបាត់ដាវ និងមេភូមិត្រពាំងត្រាវ នោះ ពិតជាលោកបញ្ជាឱ្យទៅដកស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិមែន ឬក៏យ៉ាងណាទេ។
ចំណែកអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ អាជ្ញាធរសង្កាត់បន្សាយរក្ស នៅមិនទាន់រាយការណ៍ជុំវិញរឿងមានអ្នកទៅបំផ្លាញស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិ ឱ្យលោកដឹងនៅឡើយទេ៖ «ចាំមើលខ្ញុំឱ្យគេស្រាវជ្រាវមើលទៅមើល៍ តើករណីហ្នឹងយ៉ាងម៉េចខ្លះ? ប៉ុន្តែការឡើងស្លាករបស់គណបក្សទាំងអស់ហ្នឹង គឺតម្រូវឱ្យមានការសុំច្បាប់»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យដឹងថា តាមការស្រាវជ្រាវ គឺតាំងពីចុងឆ្នាំ២០១៥ គណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅអាជ្ញាធរក្រុងសំរោង ស្ដីពីការលើកស្លាកសញ្ញាគណបក្សជាបន្តបន្ទាប់នៅក្នុងទឹកដីសង្កាត់បន្សាយរក្ស មិនមែនការលើកស្លាកទាំងនោះមិនមានច្បាប់ទម្លាប់ដូចអាជ្ញាធរយល់ឃើញឡើយ។
នេះជាលើកទី២ហើយ ដែលស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅក្នុងសង្កាត់បន្សាយរក្ស ត្រូវបានគេបំផ្លាញ ហើយអាជ្ញាធរហាក់មិនខ្នះខ្នែងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងជនដៃដល់ទាំងនោះទេ។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ស្លាកគណបក្សសង្គ្រោះជាតិ ១ផ្ទាំង នៅភូមិសំបួរ នៃសង្កាត់បន្សាយរក្ស ដែរ ត្រូវគេដុតបំផ្លាញ ហើយគណបក្សសង្គ្រោះជាតិ បានប្ដឹងទៅប៉ូលិសប៉ុស្តិ៍ ប៉ុន្តែសមត្ថកិច្ចមិនបានខ្នះខ្នែង និងចាត់វិធានការផ្លូវច្បាប់ឡើយ។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មានប្រសាសន៍ថា ជាធម្មតាការដាក់តាំងស្លាកសញ្ញាគណបក្សនយោបាយនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ ឬក៏កន្លែងពាណិជ្ជកម្មឯកជនជាដើម ប្រសិនបើម្ចាស់កន្លែងមិនសប្បាយចិត្ត គឺគេអាចដកចេញបាន។ លោក គល់ បញ្ញា កំពុងចង់ដឹងពីមូលហេតុពិតប្រាកដនៃការដកស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នោះ ថាតើបណ្ដាលមកពីអ្វី?
លោក គល់ បញ្ញា ចាត់ទុកថា ប្រសិនបើករណីដកស្លាកសញ្ញារបស់គណបក្សប្រឆាំងនោះ មិនមានមូលហេតុពិតប្រាកដ គឺជនដៃដល់អាចនឹងជាប់ពាក់ព័ន្ធទៅដល់ករណីព្រហ្មទណ្ឌ៖ «យកល្អការដកហ្នឹងវាគួរតែមានលិខិតអីទៅណែនាំគណបក្សឱ្យដកចេញដោយខ្លួនឯង ជាជាងមេឃុំបញ្ជាមនុស្សឱ្យទៅដក ដែលធ្វើឱ្យមានការយល់ច្រឡំថាប្រើអំណាចគាបសង្កត់»។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា សង្កេតឃើញថា ចាប់តាំងតែពីមន្ត្រីរដ្ឋាភិបាលបានដាក់ការគាបសង្កត់ទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ ២រូប មានលោក សម រង្ស៊ី និងលោក កឹម សុខា មក គឺនៅតាមបណ្ដាខេត្តនានា គេនៅមិនទាន់សូវឭថាមានសកម្មភាពទម្លាក់ស្លាកគណបក្សប្រឆាំងដែលជាសញ្ញាគាបសង្កត់ចំពោះសកម្មជននៃគណបក្សនេះកើតមានច្រើនទេ ក៏ប៉ុន្តែចំពោះករណីគំរាមកំហែង និងការបំភិតបំភ័យផ្នែកនយោបាយវិញ គឺគេទទួលបានករណីខ្លះៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
