បក្ស​សង្គ្រោះ​ជាតិ​ចូល​ស្បថ​ទាំង​ស្រពេចស្រពិល

បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ ៥៥​រូប បាន​សម្រេច​ចិត្ត​ចូល​ស្បថ​ក្នុង​វាំង​នៅ​រសៀល​ថ្ងៃ​ទី​៥ សីហា នេះ នៅ​ពេល​បក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​យល់​ព្រម​លើ​ចំណុច​ខ្លះ ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ស្នើ​ឡើង​ដោយ​បក្ស​សង្គ្រោះ​ជាតិ។

ក៏ប៉ុន្តែ បក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ចរចា​ជាមួយ​បក្ស​ប្រជាជន បន្ត​ទៀត បន្ទាប់​ពី​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សច្ចាប្រណិធាន និង​ចូល​រដ្ឋសភា ហើយ​រំពឹង​ថា ការ​ស្នើ​របស់​បក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​បក្ស​ប្រជាជន ទទួល​យល់​ព្រម​ជាក់​ជា​មិន​ខាន នេះ​បើ​តាម​លិខិត​របស់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ផ្ញើ​ទៅ លោក ស ខេង ថ្ងៃ​ទី​៤ សីហា។

ចំណុច​សំខាន់​ពីរ​ដែល​បក្ស​ប្រជាជន មិន​យល់​ព្រម​នោះ គឺ​ទាក់ទង​នឹង​ស្វ័យភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​ការ​បន្ថែម​ខ្លឹមសារ​ទាក់ទង​ការ​ជ្រើស​រើស​សមាជិក​ថ្មី​ជំនួស នៅ​ពេល​បាត់​បង់​សមាជិក​ភាព​តាម​រូបមន្ត ៤-៤-១ ស្រប​តាម​បញ្ញត្តិ​នៃ​មាត្រា ១៥១​ថ្មី នៃ​សេចក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​បក្ស​សង្គ្រោះ​ជាតិ បាន​ទាមទារ។

ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​ប្រើ​ពាក្យ​ថា «ជឿ​ជាក់» ហើយ​បាន​ចាត់​ទុក​ថា ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន «អាច» ទទួល​យក​បាន ចំពោះ​ដំណាក់​កាល​មុន​ពេល​ចូល​សភា ដោយ​សរសេរ​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ ជឿ​ជាក់​ថា នីតិវិធី​នៃ​ការ​ជ្រើស​រើស​នេះ​នឹង​ធានា​រក្សា​សមាសភាព គ.ជ.ប តាម​រូបមន្ត ៤-៤-១ ស្រប​តាម​បញ្ញត្តិ​នៃ​មាត្រា ១៥១​ថ្មី នៃ​សេចក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ...»

ទោះ​យ៉ាង​ណា នៅ​ប៉ុន្មាន​ម៉ោង​មុន​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះ​ជាតិ​ចូល​សច្ចា​ប្រណិធាន លោក សម រង្ស៊ី បាន​ប្រកាស​ជំហរ​ដាច់​ខាត​ជា​ថ្មី​ម្ដង​ទៀត តាម​គេហទំព័រ​បក្ស​សង្គ្រោះ​ជាតិ ថា លោក​មិន​ក្បត់​ឆន្ទៈ​រាស្ត្រ​ដែល​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ទេ៕

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។