គណបក្សសង្គ្រោះជាតិ នឹងសាកល្បងការធ្វើបាតុកម្មជាលើកទី១ នៅល្ងាចថ្ងៃអាទិត្យ ទី១ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមជាង ១ពាន់នាក់ ស្របពេលកម្លាំងសមត្ថកិច្ចក៏ត្រៀមហ្វឹកហាត់បំប៉នសមត្ថភាពរក្សាសុវត្ថិភាព។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍នៅរសៀលថ្ងៃសៅរ៍ ទី៣១ ខែសីហា ថា ការសាកល្បងនោះគ្រាន់តែជាការជួបប្រជុំ នឹងចាប់ផ្ដើមពីម៉ោង៤ បន្តរហូតដល់ម៉ោង ៧យប់។ លោកបន្តថា គឺជាការរៀនពីរបៀបអង្គុយស្ងៀមស្ងាត់ស្មិងស្មាធិ៍ដោយសន្តិវិធី និងពេលយប់មានបញ្ចាំងវីដេអូរឿងការតស៊ូរំដោះប្រទេសរបស់វីរជនជនជាតិឥណ្ឌា លោក មហាត្មៈគន្ធី ដែលពុំធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឡើយ៖ «តាមខ្ញុំយល់ដូចជាពុំមានបញ្ហាអីទេ ព្រោះមិនជាអីទេ គ្រាន់តែយើងសាកល្បងហ្វឹកហ្វឺនស្មិងស្មាធិ៍អីចឹងទេបាទ»។
ការត្រៀមរៀបចំរបស់គណបក្សសង្គ្រោះជាតិ នេះ នឹងធ្វើជាលើកទី២ នៅថ្ងៃទី៤ ខែកញ្ញា។
សេចក្ដីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៣០ ខែសីហា បានបញ្ជាក់ថា បាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី៧ ខែកញ្ញា គឺមានសណ្ឋានមិនខុសគ្នាពីការប្រមូលផ្ដុំនៃអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដើម្បីទទួលស្វាគមន៍ដំណើរវិលចូលស្រុកវិញរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែកក្កដា។ ដែលសកម្មភាពនោះ គណបក្សសង្គ្រោះជាតិ ពុំបានមើលឃើញថាបានធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬធ្វើអោយមានហិង្សាកើតឡើងឡើយ។
នាយកទីចាត់ការរដ្ឋបាលនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ យល់ព្រមអោយគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មអហិង្សា ប៉ុន្តែមិនអនុញ្ញាតអោយធ្វើការហាត់សមណាមួយឡើយ។ យ៉ាងណា ក៏គណបក្សសង្គ្រោះជាតិ ត្រូវរង់ចាំការសម្រេចពីក្រសួងមហាផ្ទៃ បន្តទៀត៖ «អត់មានការហាត់រៀនហាត់សមយុទ្ធអីហ្នឹងអត់មានទេ គឺគាត់ស្នើសុំធ្វើបាតុកម្មអហិង្សា ដោយមានការធ្វើសមាធិអីសង្រួមអីរបស់គាត់អីចឹងទៅ។ គួរយល់ពីគោលការណ៍សុំការឯកភាពគោលការណ៍ពីក្រសួងមហាផ្ទៃ ជាមុនសិន»។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចេញផ្សាយនៅព្រឹកថ្ងៃទី៣១ ខែសីហា អោយដឹងថា នឹងមានការប្រមូលផ្ដុំកម្លាំងមួយចំនួននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ យ៉ាងណា ពុំមានព័ត៌មានពីចំនួនកម្លាំងសមត្ថកិច្ចដែលជួបប្រជុំនោះ ថានឹងមានចំនួនប៉ុន្មានជាក់លាក់ឡើយ គឺគ្រាន់តែបញ្ជាក់ថា ជាការហ្វឹកហាត់បំប៉នបន្ថែមមុខជំនាញស្ដីពីការងាររក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈសម្រាប់រាជធានីភ្នំពេញ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោក សុខ ទូច មានប្រសាសន៍ថា នេះជាការបង្ហាញសាច់ដុំដាក់គ្នារវាងគណបក្សនយោបាយធំៗទាំង២ ដែលពុំមានចេតនាពិតប្រាកដក្នុងការដោះស្រាយបញ្ហានយោបាយនៅពេលនេះឡើយ៖ «ការបង្ហាញកម្លាំងដាក់គ្នា វាគ្រាន់តែធ្វើអោយប្រជាជនបាត់ជំនឿលើអ្នកនយោបាយ ធ្វើអោយបរទេសគេមិនគាំទ្រអ្នកនយោបាយខ្មែរ ហើយប្រព័ន្ធច្បាប់នៅកម្ពុជា នៅតែអន់ថយ ធ្វើអោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ ត្រូវបានជីកកប់ទាំងស្រុង។ ការប្រើប្រាស់កម្លាំងដោះស្រាយ វាបង្ហាញនៅទិដ្ឋភាពមិនទៅឆ្ងាយ ពូកែបានតែគ្នាឯង ប្រើប្រាស់កម្លាំងតែទៅលើគ្នាឯង ឯបរទេសវិញ គេគំរាមគេថាអីសុខចិត្តរកដំណោះស្រាយដោយសន្តិវិធី»។
ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃសុក្រ បានអំពាវនាវអោយពលរដ្ឋទាំងអស់បន្តរក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូរនៃជាតិយើង។ ក្នុងនោះបញ្ជាក់ទៀតថា កម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ និងមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលដែលប្រជាជាតិយើងគោរពទាំងអស់គ្នា។ ការដោះស្រាយបញ្ហានានារបស់ជាតិ គួរផ្អែកលើរដ្ឋធម្មនុញ្ញ និងប្រគល់តួនាទីទៅស្ថាប័នមានសមត្ថកិច្ច ដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
