គណបក្សសង្គ្រោះជាតិ ចេញសេចក្ដីជូនដំណឹងបញ្ជាក់សាឡើងវិញដល់សាធារណជននៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ ថា គណបក្សនេះនឹងនៅតែរៀបចំធ្វើមហាបាតុកម្មអហិង្សា នៅថ្ងៃទី៧ ខែកញ្ញា នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ប៉ុន្តែមានការដូរវិធីសាស្ត្រក្នុងការតវ៉ានោះខ្លះ។
ទាក់ទងនឹងការធ្វើមហាបាតុកម្មនេះដែរ ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែត នៅថ្ងៃទី២ ខែកញ្ញា ថា គណបក្សនឹងបង្វែរការរៀបចំ និងស្មារតីនៃបាតុកម្មអហិង្សា ទៅជាពិធីបួងសួងដើម្បីសន្តិភាព។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍បញ្ជាក់បន្ថែមថា ការធ្វើពិធីស្មិងស្មាធិ៍បួងសួងនេះ គឺជាផ្នែកមួយនៃកម្មវិធីដែលគណបក្សបម្រុងយកទៅអ្នកចូលរួមនៅក្នុងការជួបជុំធ្វើមហាបាតុកម្មនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានពន្យល់ថា ការធ្វើមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ គឺជាការធ្វើបាតុកម្មតវ៉ាអហិង្សា ដោយវិធីប្រើអារម្មណ៍ ជាជាងការតវ៉ាដោយប្រើកាយវិការ និងពាក្យសំដី។
លោក សម រង្ស៊ី ថ្លែងថា គម្រោងធ្វើមហាបាតុកម្មដោយអហិង្សាតាមវិធីស្មិងស្មាធិ៍បួងសួង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣ ចាប់ពីម៉ោង ៨ ដល់ម៉ោង ១១ ថ្ងៃត្រង់ ជាបដិវត្តន៍ធំមួយដើម្បីផ្លាស់ប្ដូរទម្លាប់ហិង្សា ដែលអ្នកចូលរួមនឹងប្រកាន់វិន័យតឹងរ៉ឹង ចៀសវាងអំពើហិង្សា ដោយមិនកាន់អាវុធ កាំបិត ឬដំបងឡើយ។ ប៉ុន្តែអាចកាន់ទៀនធូប ឬផ្កាបាន និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។
លោក កឹម សុខា មានប្រសាសន៍ថា ភាគីណាដែលប្រើអំពើហិង្សា គឺជាការរំលោភលើសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលត្រូវធានាដោយច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។