មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា​ទទួល​បាន​ប្លង់​ដី​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ

ដោយ សេក បណ្ឌិត
2016-01-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទូរទស្សន៍​សង្គ្រោះ​ជាតិ ៨៥៥
គេហទំព័រ​របស់​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ។
Screenshot from cnrptv.com

ប្រជាពលរដ្ឋ កំពុង​ទន្ទឹង​រង់ចាំ​វត្តមាន​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សង្ឃឹម​ថា ទូរទស្សន៍​ថ្មី​មួយ​នេះ នឹង​ផ្សាយ​ព័ត៌មាន​គ្រប់​ជ្រុង និង​មាន​តម្លាភាព។ ទាក់ទង​បញ្ហា​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ដំណើរ​ការ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ ជិត​ឈាន​ដល់​ការ​សាងសង់​អង់តែន​ផ្សាយ​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ប្លង់​ដី​ទំហំ​ជាង ១​ពាន់​ម៉ែត្រ​ការ៉េ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​មក​ដល់​ដៃ​ខ្លួន​ហើយ​សម្រាប់​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ។

តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ កាល​ពី​ថ្ងៃ​ទី​១៩ មករា បញ្ជាក់​ថា ឥឡូវ​នេះ គណបក្ស​បាន​ទទួល​ប្លង់​ដី​ហើយ និង​កំពុង​រៀបចំ​ឯកសារ​ដាក់​បង់​ពន្ធ​ដី​នោះ ដើម្បី​ទទួល​សិទ្ធិ​កាន់​កាប់​ជា​ផ្លូវ​ការ។ លោក​បន្ត​ថា នៅ​មួយ​ដំណាក់​កាល​ទៀត បន្ទាប់​ពី​បង់​ពន្ធ​ដី​ហើយ នឹង​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាធរ​ដែនដី ដើម្បី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ផ្សាយ​បន្ត​ទៀត៖ «បើ​គេ​ឲ្យ ព្រម​ឲ្យ យើង​បង់​ពន្ធ​ចាត់​ទុក​គេ​ព្រម​ឲ្យ​ហើយ បាន​ន័យ​ថា យើង​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​នោះ​ហើយ ប៉ុន្តែ​នៅ​មាន​ពេលវេលា​ត​ទៅ​ទៀត គឺ​នៅ​ពេល​ផ្ទេរ​សិទ្ធិ​មក​ឲ្យ​អ្នក​ទិញ​បាន​ហើយ បាន​យើង​យក​ប្លង់​ដី​កម្មសិទ្ធិ​ហ្នឹង​ភ្ជាប់​ជាមួយ​ប្លង់​បង្គោល​អង់តែន សុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ម្តង​ទៀត»

ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា ការ​សុំ​ច្បាប់​សាងសង់​អង់តែន​នេះ នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុណ្ណា​នោះ​ទេ។

មន្ត្រី​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា ក្រុម​ការងារ​រៀបចំ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ កំពុង​ខិតខំ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​លឿន ទៅ​តាម​សំណើ​របស់​មហា​ជន​ទូទៅ ដែល​កំពុង​ចង់​ឃើញ​វត្តមាន​ទូរទស្សន៍​ថ្មី​មួយ​នេះ។

ផ្ទៃដី​ទំហំ​ជាង ១​ពាន់​ម៉ែត្រ​ការ៉េ​សម្រាប់​សាងសង់​ស្ថានីយ​ទូរទស្សន៍​នោះ មាន​តម្លៃ​ជិត ១១​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​សាងសង់​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ។

មន្ត្រី​ទទួល​បន្ទុក​ទូរទស្សន៍​ព្រះអាទិត្យ របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គម្រោង​ការ​បង្កើត​ទូរទស្សន៍​នេះ អាច​ត្រូវ​ការ​ទឹក​ប្រាក់​សម្រាប់​ជំហាន​ដំបូង​ប្រមាណ ១​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​លើ​អចលនទ្រព្យ គឺ​ដី​សម្រាប់​សង់​ស្ថានីយ​ទូរទស្សន៍​នេះ​រួច ក៏​នៅ​មាន​ភាព​ស្មុគស្មាញ​ខ្លះ​ទៀត ដូចជា ត្រូវ​សុំ​ច្បាប់​សាងសង់ និង​សុំ​ហ្វ្រេកង់ (Frequency) ផ្សាយ ជាដើម។

ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ទន្ទឹង​រង់ចាំ​វត្តមាន​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង​មួយ​នេះ​ជាច្រើន​ខែ​មក​ហើយ។ ពួក​គាត់​សង្ឃឹម​ថា ទូរទស្សន៍​ថ្មី​នេះ​នឹង​ផ្សាយ​ព័ត៌មាន​ពិត បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជាតិ​បាន​ដឹង និង​ជួយ​ដោះស្រាយ៖ «ប្រសិន​បង្កើត​ទូរទស្សន៍​មួយ​មិន​ថា​របស់​ជាតិ ឬ​គណបក្ស​ប្រឆាំង​ទេ តែង​តែ​មាន​ទស្សនវិស័យ​ក្នុង​ការ​អប់រំ​ខុសៗ​គ្នា។ អ៊ីចឹង​ខ្ញុំ​គិត​ថា មាន​អ្នក​រិះគន់ និង​អ្នក​ដែល​កំពុង​ធ្វើ។ អ៊ីចឹង​ខ្ញុំ​គិត​ថា ប្រទេស​ជាតិ​នឹង​រីក​ចម្រើន។ ទូរទស្សន៍​ផ្សេងៗ​គេ​ផ្សាយ​លាក់​បាំង​អត់​ផ្សាយ​ត្រឹម​ត្រង់​ផង​ហ្នឹង។ ទូរទស្សន៍​ហ្នឹង​ខ្ញុំ​ឮ​ថា ចង់​បង្កើត​យូរ​ហើយ ប៉ុន្តែ​នៅ​តែ​អត់​ឃើញ ចង់​ដឹង​ពី​ការ​ពិត ដូច​ថា​ខាង​ហ្នឹង​អាច​ផ្សាយ​ច្បាស់​ជាង មិន​តែ​ខ្ញុំ​ចង់​ឃើញ​ទេ មាន​អ្នក​ផ្សេង​ច្រើន​ទៀត ក៏​គេ​ចង់​ឃើញ​ទូរទស្សន៍​នេះ​ផ្សាយ​ដែរ»

បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ទូរទស្សន៍​ចំនួន ១៦​ស្ថានីយ​កំពុង​ដំណើរ​ការ ហើយ​និង​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កាប បូក​រួម​ទាំង​ផ្កាយ​រណប​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង។ ប៉ុន្តែ​ជា​រឿយៗ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែង​រិះគន់​ថា ការ​ផ្សាយ​របស់​ស្ថានីយ​ទាំង​នោះ មាន​ភាព​លម្អៀង ព្រោះ​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​រួម​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀបចំ​គម្រោង ដោយ​ស្នើ​បង្កើត​ទូរទស្សន៍​ឈ្មោះ​ថា ទូរទស្សន៍​ព្រះអាទិត្យ ដើម្បី​មាន​លទ្ធភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

When I watch RFA news for CNRP television it sounds good for all Khmer people,but I don't think will happen because West is West East is East.Two lines are parallel will never meet a point.A rail road track one is one side other one is other side.

Jan 21, 2016 12:36 AM

អ្នក​អាន​អនាមិក

>. បក្សសង្គ្រោះជាតិ ជាឆ្អឹង ទទឹង ក របស់វៀតណាម ក្នុងការយកកម្ពុជា មកត្រួតត្រា ដូចប្រទេស លាវ !

Jan 20, 2016 08:28 PM

អ្នក​អាន​អនាមិក

They did the right thing. They beginning to act like they are serving the people. This is how the fair and just government should operate, treats everyone equally.

Jan 20, 2016 03:56 PM

អ្នក​អាន​អនាមិក

ស្តាប់ទៅទំនងដែររួមទាំងរូបខ្ញុំដែរគឺចង់ណាស់ ចង់បានសច្ចយុត្តិធរ​​​សង្គមណាស់ តែអញ្ចេះគ្រាន់ថាចេញរួតអត់តាប៉ុណ្ណឹងទេ ចូរអ្នក​ចាំ​ថា​ចោរពិតជាស្អប់ព្រះអាទិត្យ និងពន្លឺព្រះច័ន្ទណាស់ ហើយមនុស្សខិល​ខូចក៏ស្អប់ប៉ូលីសដែរ អញ្ចឹងខ្ញុំយល់ថាលោកឯងដេកចាំដាំចេកទៅ គេមិនដែលទៅច្របាច់កកូនចៅគេ ទៅផ្កាប់ឆ្នាំបាយខ្លួនឯង ទុកឲ្យ​​​ពួកលោកឯងចេញរួចទេ គេនិងរករឿង និងរុំខាន ទាល់តែពួក​លោក​ដាច់ខ្យ់ដោយខ្លួនឯង ហើយក៏ទៅចូលបុណ្យ យំស្រណោះតាម៉ាម៉ោង​រួចបាត់ទៅហើយ កុំទៅសង្ឃឹមអត់ទៅរួចទេទាន និងចូរលោក​ចាំថា​សច្ចធរគឺគ្មានទេសម្រាប់មនុស្សពាលទេបាទ។

Jan 20, 2016 06:33 AM

អ្នក​អាន​អនាមិក

សូមជំរាប រឿងច្បាប់ ធ្វើមិនយូរ ទេ អោយតែគេ ចង់ ធ្វើ បានភ្លាម !
ក្រែងតែ មាន គំនាប នយោបាយ នៅពីក្រោយ !

Jan 20, 2016 03:51 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល