មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា​ទទួល​បាន​ប្លង់​ដី​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ

0:00 / 0:00

ប្រជាពលរដ្ឋ កំពុង​ទន្ទឹង​រង់ចាំ​វត្តមាន​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សង្ឃឹម​ថា ទូរទស្សន៍​ថ្មី​មួយ​នេះ នឹង​ផ្សាយ​ព័ត៌មាន​គ្រប់​ជ្រុង និង​មាន​តម្លាភាព។ ទាក់ទង​បញ្ហា​នេះ មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា ដំណើរ​ការ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ ជិត​ឈាន​ដល់​ការ​សាងសង់​អង់តែន​ផ្សាយ​ហើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ប្លង់​ដី​ទំហំ​ជាង ១​ពាន់​ម៉ែត្រ​ការ៉េ​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​មក​ដល់​ដៃ​ខ្លួន​ហើយ​សម្រាប់​សាងសង់​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ។

តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ កាល​ពី​ថ្ងៃ​ទី​១៩ មករា បញ្ជាក់​ថា ឥឡូវ​នេះ គណបក្ស​បាន​ទទួល​ប្លង់​ដី​ហើយ និង​កំពុង​រៀបចំ​ឯកសារ​ដាក់​បង់​ពន្ធ​ដី​នោះ ដើម្បី​ទទួល​សិទ្ធិ​កាន់​កាប់​ជា​ផ្លូវ​ការ។ លោក​បន្ត​ថា នៅ​មួយ​ដំណាក់​កាល​ទៀត បន្ទាប់​ពី​បង់​ពន្ធ​ដី​ហើយ នឹង​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាធរ​ដែនដី ដើម្បី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ផ្សាយ​បន្ត​ទៀត៖ «បើ​គេ​ឲ្យ ព្រម​ឲ្យ យើង​បង់​ពន្ធ​ចាត់​ទុក​គេ​ព្រម​ឲ្យ​ហើយ បាន​ន័យ​ថា យើង​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​នោះ​ហើយ ប៉ុន្តែ​នៅ​មាន​ពេលវេលា​ត​ទៅ​ទៀត គឺ​នៅ​ពេល​ផ្ទេរ​សិទ្ធិ​មក​ឲ្យ​អ្នក​ទិញ​បាន​ហើយ បាន​យើង​យក​ប្លង់​ដី​កម្មសិទ្ធិ​ហ្នឹង​ភ្ជាប់​ជាមួយ​ប្លង់​បង្គោល​អង់តែន សុំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ម្តង​ទៀត»

ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា ការ​សុំ​ច្បាប់​សាងសង់​អង់តែន​នេះ នឹង​ត្រូវ​ចំណាយ​ពេល​ប៉ុណ្ណា​នោះ​ទេ។

មន្ត្រី​គណបក្ស​ប្រឆាំង​ឲ្យ​ដឹង​ថា ក្រុម​ការងារ​រៀបចំ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ កំពុង​ខិតខំ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​លឿន ទៅ​តាម​សំណើ​របស់​មហា​ជន​ទូទៅ ដែល​កំពុង​ចង់​ឃើញ​វត្តមាន​ទូរទស្សន៍​ថ្មី​មួយ​នេះ។

ផ្ទៃដី​ទំហំ​ជាង ១​ពាន់​ម៉ែត្រ​ការ៉េ​សម្រាប់​សាងសង់​ស្ថានីយ​ទូរទស្សន៍​នោះ មាន​តម្លៃ​ជិត ១១​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​សាងសង់​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ។

មន្ត្រី​ទទួល​បន្ទុក​ទូរទស្សន៍​ព្រះអាទិត្យ របស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គម្រោង​ការ​បង្កើត​ទូរទស្សន៍​នេះ អាច​ត្រូវ​ការ​ទឹក​ប្រាក់​សម្រាប់​ជំហាន​ដំបូង​ប្រមាណ ១​លាន ៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​លើ​អចលនទ្រព្យ គឺ​ដី​សម្រាប់​សង់​ស្ថានីយ​ទូរទស្សន៍​នេះ​រួច ក៏​នៅ​មាន​ភាព​ស្មុគស្មាញ​ខ្លះ​ទៀត ដូចជា ត្រូវ​សុំ​ច្បាប់​សាងសង់ និង​សុំ​ហ្វ្រេកង់ (Frequency) ផ្សាយ ជាដើម។

ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​ទន្ទឹង​រង់ចាំ​វត្តមាន​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង​មួយ​នេះ​ជាច្រើន​ខែ​មក​ហើយ។ ពួក​គាត់​សង្ឃឹម​ថា ទូរទស្សន៍​ថ្មី​នេះ​នឹង​ផ្សាយ​ព័ត៌មាន​ពិត បង្ហាញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជាតិ​បាន​ដឹង និង​ជួយ​ដោះស្រាយ៖ «ប្រសិន​បង្កើត​ទូរទស្សន៍​មួយ​មិន​ថា​របស់​ជាតិ ឬ​គណបក្ស​ប្រឆាំង​ទេ តែង​តែ​មាន​ទស្សនវិស័យ​ក្នុង​ការ​អប់រំ​ខុសៗ​គ្នា។ អ៊ីចឹង​ខ្ញុំ​គិត​ថា មាន​អ្នក​រិះគន់ និង​អ្នក​ដែល​កំពុង​ធ្វើ។ អ៊ីចឹង​ខ្ញុំ​គិត​ថា ប្រទេស​ជាតិ​នឹង​រីក​ចម្រើន។ ទូរទស្សន៍​ផ្សេងៗ​គេ​ផ្សាយ​លាក់​បាំង​អត់​ផ្សាយ​ត្រឹម​ត្រង់​ផង​ហ្នឹង។ ទូរទស្សន៍​ហ្នឹង​ខ្ញុំ​ឮ​ថា ចង់​បង្កើត​យូរ​ហើយ ប៉ុន្តែ​នៅ​តែ​អត់​ឃើញ ចង់​ដឹង​ពី​ការ​ពិត ដូច​ថា​ខាង​ហ្នឹង​អាច​ផ្សាយ​ច្បាស់​ជាង មិន​តែ​ខ្ញុំ​ចង់​ឃើញ​ទេ មាន​អ្នក​ផ្សេង​ច្រើន​ទៀត ក៏​គេ​ចង់​ឃើញ​ទូរទស្សន៍​នេះ​ផ្សាយ​ដែរ»

បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ទូរទស្សន៍​ចំនួន ១៦​ស្ថានីយ​កំពុង​ដំណើរ​ការ ហើយ​និង​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កាប បូក​រួម​ទាំង​ផ្កាយ​រណប​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង។ ប៉ុន្តែ​ជា​រឿយៗ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែង​រិះគន់​ថា ការ​ផ្សាយ​របស់​ស្ថានីយ​ទាំង​នោះ មាន​ភាព​លម្អៀង ព្រោះ​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច។

ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​រួម​រវាង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រៀបចំ​គម្រោង ដោយ​ស្នើ​បង្កើត​ទូរទស្សន៍​ឈ្មោះ​ថា ទូរទស្សន៍​ព្រះអាទិត្យ ដើម្បី​មាន​លទ្ធភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។