លោក កឹម សុខា ទាមទារ​តុលាការ​ខេត្ត​កំពត​ដោះ​លែង​សកម្មជន​ចំនួន​៨​នាក់

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា បើ​សកម្មជន​របស់​ខ្លួន​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មិន​ត្រូវ​បាន​ដោះ​លែង​មក​វិញ​ទេ ការ​ជាប់​គាំង​ផ្នែក​នយោបាយ នឹង​មិន​ត្រូវ​បាន​ដោះស្រាយ ឬ​ការ​ចរចា​ណា​មួយ នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ។

0:00 / 0:00

ការ​ព្រមាន​នេះ បន្ទាប់​ពី​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ មក​ពី​តំបន់​ខុសៗ​គ្នា​នៅ​ខេត្ត​កំពត ចំនួន ៨​នាក់ ត្រូវ​បាន​តុលាការ​នៃ​ខេត្ត​មួយ​នេះ​សម្រេច​ឃុំ​ខ្លួន​មុន​បោះ​ឆ្នោត​អាណត្តិ​ទី​៥។ ប៉ុន្តែ ម្នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា កន្លង​ទៅ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា ចាត់​ទុក​ថា ការ​មិន​អើពើ​ក្នុង​ការ​ដោះ​លែង​សកម្មជន​របស់​ខ្លួន​ចំនួន ៧​នាក់​បន្ថែម​ទៀត នៅ​ខេត្ត​កំពត ឲ្យ​មាន​សេរីភាព​ឡើង​វិញ គឺ​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ទម្លាយ​ភាព​ទាល់ច្រក​ផ្នែក​នយោបាយ ដែល​កំពុង​ជាប់​គាំង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​នេះ​បាន​ទេ។

នេះ​ជា​ការ​ព្រមាន​ដ៏​កម្រ​អំពី​សកម្មជន​ដែល​ជាប់​ពន្ធនាគារ​របស់ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី១៩ សីហា នៅ​ស្រុក​ឈូក ខេត្ត​កំពត ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​រួច។ លោក កឹម សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រោយ​កិច្ច​ពិភាក្សា​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ប្រហែល ៦០០​នាក់ ថា លោក​នឹង​តតាំង​ករណី​នេះ​ទៅ​ដៃគូ​សន្ទនា និង​អន្តរជាតិ ប្រឆាំង​ការ​ចាប់​ខ្លួន ដែល​លោក​ហៅ​ថា ធ្វើ​ឡើង​ខុស​នីតិវិធី និង​រើសអើង​ផ្នែក​នយោបាយ។ ហើយ​ដំណើរ​ដែល​ឈាន​ទៅ​រក​កិច្ច​ចរចា​ណា​មួយ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​នេះ នឹង​មិន​អាច​កើត​ឡើង​បាន​ឡើយ ប្រសិន​បើ​រក​ឃើញ​ថា អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​តែ​មិន​ត្រូវ​បាន​ដោះ​លែង​វិញ​ទេ​នោះ។

លោក កឹម សុខា៖ «យើង​នៅ​តែ​រក​មេធាវី​ដើម្បី​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ ទន្ទឹម​នឹង​ធ្វើ​ការ​តាម​ផ្លូវ​ច្បាប់​នេះ ក៏​យើង​ប្រាប់​ទៅ​អង្គទូត និង​សហគមន៍​អន្តរជាតិ ដើម្បី​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា កុំ​ប្រើប្រាស់​នូវ​តុលាការ ដើម្បី​គំរាម​ទៅ​សកម្មជន​នយោបាយ នេះ​គឺ​អយុត្តិធម៌។ ទី​បី មុន​នឹង​មាន​ដំណោះស្រាយ​នយោបាយ ដើម្បី​រៀប​ចំ​ដំណើរ​ការ​សភា ឬ​រដ្ឋាភិបាល គឺ​យើង​ខ្ញុំ​នឹង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​អស់​នោះ​ជា​មុន​សិន»

កាល​ពី​ចុង​ខែ​កក្កដា កន្លង​ទៅ​នេះ សកម្មជន​របស់​បក្ស​ប្រឆាំង​ចំនួន ៨​នាក់ ក្នុង​ចំណោម​នោះ ម្នាក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន មក​ពី​តំបន់​ផ្សេងៗ​គ្នា។ ការ​ចាប់​ខ្លួន​នេះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ខុសៗ​គ្នា មាន​ជាអាទិ៍ ដឹក​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត គំរាម​ថា​នឹង​សម្លាប់​ដែល​បញ្ជា​ដោយ​មាន​លក្ខខណ្ឌ អំពើ​សេពសន្ថវៈ និង​សិប្បកម្ម​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត ហើយ​អ្នក​ទាំង​នោះ​កំពុង​រង់ចាំ​ការ​ដោះស្រាយ​នៅ​ឡើយ។

ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពត លោក ជុំ សំបាន អះអាង​ថា ករណី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើប​សួរ។ ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ នឹង​ត្រូវ​លើក​យក​ទៅ​ជំនុំ​ជម្រះ៖ «ទាក់ទិន​នឹង​រឿង​ជម្រះ​ពេល​ណា ខ្ញុំ​មិន​ទាន់​ដឹង ព្រោះ​នៅ​ក្នុង​ដំណាក់​កាល​ស៊ើបសួរ ខាង​ចៅក្រម​ស៊ើប​សួរ​នោះ​ណា។ ហើយ​គាត់​ស៊ើប​សួរ​ចប់​ពេល​ណា ជម្រះ​ពេល​នោះ​ហើយ»

អ្នក​ស្រាវជ្រាវ​របស់​អង្គការ​លីកាដូ (Licadho) ប្រចាំ​តំបន់ លោក យន់ ផល្លី គិត​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង​គួរ​ត្រូវ​បាន​ដោះ​លែង។ លោក​ចាត់​ទុក​ថា ព្រោះ​នេះ គឺ​ជា​ទំនាស់​នយោបាយ។ ហេតុ​នេះ អ្នក​គាំទ្រ​បក្ស​ប្រឆាំង គួរ​ត្រូវ​បាន​ផ្ដល់​សេរីភាព​ពេញលេញ ដោយ​ពុំ​ទាមទារ​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ​អ្វី​ឡើយ៖ «ការ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​ខាង​សង្គម​ស៊ីវិល​យើង​ខ្ញុំ​ឃើញ​ថា វា​មិន​គប្បី​នឹង​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ។ ហើយ​មាន​ការ​ចាប់ ឬ​ក៏​ដាក់​ទៅ​ការ​ឃុំឃាំង​ទេ ព្រោះ​ថា​បទ​ល្មើស​នេះ វា​ជា​បទ​ល្មើស​មជ្ឈិម។ អ៊ីចឹង យើង​អាច​និយាយ​ថា សម្រប​សម្រួល ឬ​ក៏​មាន​ការ​ពិន័យ​អី​ផ្សេងៗ​ទាក់ទិន​បទ​ល្មើស​ព្រៃ​ឈើ​បាទ»

អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​ការ​បោះ​ឆ្នោត រក​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា នៅ​តែ​ពុំ​ទាន់​ទទួល​បាន​សិទ្ធិ​ដោយ​សេរី ក្នុង​វិស័យ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។