លិខិតចុះថ្ងៃទី៦ ខែធ្នូ របស់គណបក្សសង្គ្រោះជាតិ បានសរសេរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលមានម្ចាស់គណនីឈ្មោះ លោក ផែង វណ្ណៈ បានសរសេរលើទំព័ររបស់ខ្លួនថា ទុក ៧គ្រាប់ឲ្យ កឹម សុខា។ គ្រាប់ទី១ បាញ់យកដៃឆ្វេង គ្រាប់ទី២ បាញ់យកដៃស្ដាំ គ្រាប់ទី៣ បាញ់ជើងឆ្វេង គ្រាប់ទី៤ បាញ់ជើងស្ដាំ គ្រាប់ទី៥ បាញ់ពោះ គ្រាប់ទី៦ បាញ់បេះដូង និងគ្រាប់ទី៧ បាញ់ឲ្យចំក្បាល កឹម សុខា។
លិខិតឲ្យដឹងបន្តថា ការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកនេះ គឺជាការគំរាមកំហែងអាយុជីវិត លោក កឹម សុខា និងជាការគំរាមដល់អ្នកនយោបាយផ្សេងទៀត។ ហេតុនេះ ស្នើឲ្យក្រសួងមហាផ្ទៃ ចាត់វិធានការស៊ើបអង្កេតការគំរាមកំហែងនេះ ដើម្បីវែកមុខជនល្មើសយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន និងទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទៅ។ ជាពិសេស អាយុជីវិតរបស់ លោក កឹម សុខា។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំការឆ្លើយតបចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិ នោះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
