បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រៀម​ថវិកា​ជួយ​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយ​ទឹក​ជំនន់

ប្រជាពលរដ្ឋ​កម្ពុជា ជាង ១​លាន ៥​សែន​នាក់ នៅ​ទូទាំង​ប្រទេស បាន​ជំពាក់​បំណុល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ពិសេស​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ ដែល​ពួក​គាត់​គ្មាន​លទ្ធភាព​បង្វិល​សង​ទៅ​ធនាគារ​វិញ ហើយ​កំពុង​ប្រឈម​នឹង​ការ​រឹបអូស​ដីធ្លី​ផ្ទះ​សម្បែង។ ទាក់ទង​នឹង​បញ្ហា​នេះ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំង​នោះ ពន្យារ​ពេល​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​សង​រំលោះ​ទៅ​ធនាគារ​វិញ។

0:00 / 0:00

បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថ្មី​ត្រៀម​កញ្ចប់​ថវិកា​ជាតិ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់ ជៀសវាង​កុំ​ឲ្យ​ពួក​គាត់​ខ្ចី​បុល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ការ​ប្រាក់​ខ្ពស់។

បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែលើ នា​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ថា ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន​គ្រួសារ ស្មើ​នឹង​ជាង ១​លាន ៥​សែន​នាក់ កំពុង​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១៣ នេះ។ អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា ថវិកា​ជាតិ គឺ​ជា​ថវិកា​របស់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា។ ដូច្នេះ រដ្ឋាភិបាល​ថ្មី​ត្រូវ​អនុម័ត​ថវិកា​មួយ​កញ្ចប់​សម្រាប់​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់។

អ្នកស្រី មូរ សុខហួរ បាន​អះអាង​ថា ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់​នោះ បាន​ខ្ចី​បុល​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន ៣៧​ស្ថាប័ន នៅ​ទូទាំង​ប្រទេស។ អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​បាន​ជួប​ខាង​សមាគម​មីក្រូហិរញ្ញវត្ថុ និង​បាន​សំណូម​ពរ​បី​ចំណុច គឺ​ទី​១ សុំ​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្អាក​ការ​ទារ​បំណុល​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​បំណុល​ក្នុង​រយៈពេល ៦​ខែ។ ទី​២ សុំ​ឲ្យ​បញ្ចុះ​ការ​ប្រាក់​ឲ្យ​នៅ​ទាប​ជាង ១% ក្នុង​រយៈពេល ១២​ខែ​ទៅ​មុខ និង​ទី​៣ សុំ​កុំ​ឲ្យ​រឹបអូស​ផ្ទះ​សម្បែង ឬ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ជំពាក់​បំណុល​នោះ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​ថា លោក​បាន​ជួប​អ្នកស្រី មូរ សុខហួរ អំពី​បញ្ហា​នេះ​ដែរ។ លោក​អះអាង​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មាន​ទិស​ដៅ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​ការ​ផ្ដល់​ប្រាក់​កម្ចី​នេះ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ដើម​ទុន​ប្រកប​អាជីវកម្ម​ផ្សេងៗ ហើយ​សំណូម​ពរ​របស់ អ្នកស្រី មូរ សុខហួរ នេះ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ក៏​គិតគូរ​អំពី​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មិន​អាច​ធ្វើ​តាម​សំណូម​ពរ​នេះ​បាន​ទេ។

លោក ប៊ុន មុនី បញ្ជាក់​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្ដល់​ទុន​ជាង​ ១.២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​ប្រជាពលរដ្ឋ​ខ្ចី​ជាង ១​លាន ៥​សែន​នាក់​នៅ​ទូទាំង​ប្រទេស។ ប្រជាពលរដ្ឋ​ម្នាក់​ខ្ចី​គិត​ជា​មធ្យម​ប្រមាណ ៨០០​ដុល្លារ។ ចំពោះ​ការ​ប្រាក់ អាស្រ័យ​លើ​ការ​ខ្ចី​ច្រើន ឬ​តិច គឺ​ចន្លោះ​ពី ១% ទៅ ២,៥% ក្នុង​មួយ​ខែ។

អ្នកស្រី មូរ សុខហួរ បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ខ្លាំង​ជាង​គេ ហើយ​គ្មាន​លទ្ធភាព​សង​រំលោះ​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នោះ មាន​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ជាដើម។ ពួក​គាត់​ទាំង​នោះ មាន​អ្នក​ខ្លះ​ខ្ចី​យក​មក​ធ្វើ​បុណ្យ​សព ធ្វើ​ចម្ការ និង​ខ្ចី​យក​មក​ព្យាបាល​ជំងឺ។ល។ អ្នកស្រី​បញ្ជាក់​ថា បញ្ហា​ទឹក​ជំនន់​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្រោម​ភាព​ក្រីក្រ​កាន់​តែ​ច្រើន​ថែម​ទៀត។

របាយការណ៍​របស់​ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង។

ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ មាន​ន័យ​ថា ពួក​គាត់​មិន​អាច​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ផ្សេង​ទៀត ងាយ​នឹង​ធ្លាក់​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ដែរ ប្រសិន​បើ​កម្ពុជា មាន​វិបត្តិ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដូច​ជា ទំនិញ​កាន់​តែ​ឡើង​ថ្លៃ និង​គ្រោះ​ថ្នាក់​ធម្មជាតិ​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។