ថ្លែងទៅកាន់អ្នកគាំទ្រប្រមាណជាង ១ពាន់នាក់នៅទីរួមខេត្តតាកែវ ប្រធានគណបក្សសង្គ្រោះជាតិ ប្រកាសជំហរមិនរាថយថា គណបក្សប្រឆាំងមួយនេះនឹងកៀរគរអ្នកគាំទ្រធ្វើបាតុកម្មដ៏ធំពុំធ្លាប់មានប្រឆាំងនឹងលទ្ធផលឆ្នោតបណ្ដោះអាសន្ន ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សម រង្ស៊ី និយាយនៅថ្ងៃទី៦ សីហា ថា លោកនឹងពុំមានជំនឿសោះឡើយចំពោះការរកយុត្តិធម៌របស់ គ.ជ.ប សម្រាប់គណបក្សសង្គ្រោះជាតិ ដែលលោកអះអាងថា បានឈ្នះការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះ។
លោក សម រង្ស៊ី ដែលនៅពេលនេះមិនទាន់ត្រូវបានផ្ដល់អភ័យឯកសិទ្ធិតំណាងរាស្ត្រនៅឡើយផងនោះ បន្តថា យន្តការដែលនឹងត្រូវប្រើប្រាស់ដើម្បីដណ្ដើមជ័យជំនះនេះពីគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកវិញ គឺត្រូវពឹងអន្តរជាតិ និងជម្រើសចុងក្រោយ គឺចលនាមហាបាតុកម្មប៉ុណ្ណោះ។ លោកគិតថា នេះជាទីចុងក្រោយសម្រាប់ស្រោចស្រង់ប្រទេសជាតិ ហើយជំហរនេះនឹងមិនថយក្រោយឡើយ។
ចំណែកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិវិញនិយាយថា បើទោះជាមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា នៅខេត្តតាកែវ ប្រើគ្រប់មធ្យោបាយដើម្បីលួចបន្លំសន្លឹកឆ្នោតយ៉ាងណាក្តី ក៏ប៉ុន្តែលោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែដណ្ដើមជោគជ័យ គឺស្មើនឹងគណបក្សប្រជាជនកម្ពុជា។
អ្នកសម្របសម្រួលមកពីអង្គការលីកាដូ (Licadho) ប្រចាំខេត្តកំពត លោក យន់ ផល្លី ដែលចុះឃ្លាំមើលការជួបជុំនេះ និយាយថា កិច្ចសន្ទនារបស់មេបក្សប្រឆាំងនៅពេលនេះពុំមានការរារាំងណាមួយពីអាជ្ញាធរមូលដ្ឋានទេ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីមន្ត្រី គ.ជ.ប ពាក់ព័ន្ធនឹងបញ្ហានេះ នៅថ្ងៃទី៦ សីហា បានទេ ដោយទូរស័ព្ទពុំមានអ្នកទទួល។
នៅចំពោះមុខអ្នកគាំទ្របក្សប្រឆាំងជាង ១ពាន់នាក់ លោក សម រង្ស៊ី ពុំបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការធ្វើបាតុកម្មនេះឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីគិតថា អ្វីដែលជាការសម្រេចចិត្តរបស់មេដឹកនាំបក្សប្រឆាំងនៅពេលនេះ នឹងទាញទម្លាក់ឲ្យកម្ពុជា ជួបវិបត្តិដែលពិបាកនឹងរកច្រកចេញ។ លោកបន្តថា យុទ្ធនាការរបស់លោក សម រង្ស៊ី គឺជាចរន្តផ្ទុយពីសង្គមប្រជាធិបតេយ្យ។
លោក ហង្ស ពុទ្ធា នាយកអង្គការនិចហ្វិក (NICFEC) ឲ្យដឹងថា បាតុកម្មនេះអាចនឹងមានបាតុកម្មប្រឆាំងតបវិញ។ ហេតុនេះលោកគឺថា វាជាការបារម្ភចំពោះសុវត្ថិភាពនិងសន្តិសុខ។ លោកបន្តថា បើទោះជាបែបណា ការធ្វើបាតុកម្មនេះគឺជាទាមទារសិទ្ធិដែលបក្សប្រឆាំងចាត់ទុកថា លទ្ធផលឆ្នោតពុំមានតម្លាភាពនិងយុត្តិធម៌។
កាលពីដើមខែសីហា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានព្រមានថា នឹងមានបាតុកម្មប្រឆាំងតប បើសិនបក្សប្រឆាំងនៅបន្តជំហរធ្វើបែបនេះ ហើយទាមទារឲ្យពលរដ្ឋ ជាពិសេសអ្នករស់នៅរាជធានីភ្នំពេញ គួរស្ថិតនៅឲ្យឆ្ងាយពីបាតុកម្មនេះ។

១-ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ១ម៉ឺននាក់ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅល្ងាចថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៣។

២-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិលើកដៃជាសញ្ញាលេខ ៧ ស្រលាញ់បក្សសង្គ្រោះជាតិ។

៣-លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពេលជួបជាមួយអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យ។

៤-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិលើកដៃជាសញ្ញាលេខ៧។

៥-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិសម្រុកទៅស្វាគមន៍លោក សម រង្ស៊ី។

៦-លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ពេលចុះជួបជាមួយអ្នកគាំទ្របក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យ។

៧-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិសម្រុកទៅស្វាគមន៍លោក កឹម សុខា។

៨-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍ថ្នាក់ដឹកនាំគណបក្ស។

៩-លោក សម រង្ស៊ី និងលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យ។

១០-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិកំពុងថតរូបនៅពេលជួបជុំគ្នា។

១១-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើននៅស្ដាប់ការថ្លែងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា។

១២-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិលើកដៃស្វាគមន៍ថ្នាក់ដឹកនាំគណបក្ស។

១៣-លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅល្ងាចថ្ងៃទី៦ ខែសីហា ទៅទីលានប្រជាធិបតេយ្យ។

១៤-ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង ១ម៉ឺននាក់ ស្ដាប់ការថ្លែងរបស់លោកសម រង្ស៊ី និងលោក កឹម សុខា។

១៥-អ្នកគាំទ្រគណបក្សសង្គ្រោះជាតិលើកដៃជាសញ្ញាលេខ ៧ ស្រលាញ់បក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី និង លោក កឹម សុខា ថ្លែងអំណរគុណអ្នកគាំទ្រនៅទីលានប្រជាធិបេតយ្យ
បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានជួបអ្នកគាំទ្រនៅខេត្តតាកែវ រួចមក នៅល្ងាចថ្ងៃដដែលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក៏បានជួបអ្នកគាំទ្រនាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ផងដែរ។
ពលរដ្ឋនៅរាជធានីភ្នំពេញ ប្រមាណជាង១ម៉ឺននាក់ ចូលរួមពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណម្ចាស់ឆ្នោតរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣។
ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យ នារាជធានីភ្នំពេញ ថា គណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោតពិតៗ មិនអាចប្រកែកបានទេ។ លោកថា ជ័យជម្នះនេះ គឺបានមកពីការចូលរួមគាំទ្រយ៉ាងផុលផុសរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ឱ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំប្រទេសពីគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន។
លោក សម រង្ស៊ី ថ្លែងថា នៅពេលនេះគណបក្សប្រជាជនកម្ពុជា មិនអាចនៅក្រាញអំណាចបានទេ ព្រោះតែចលនារបស់ពលរដ្ឋលែងចាញ់ការគំរាមកំហែង និងការបន្លាច ហើយម្យ៉ាងទៀត ដោយសារតែគណបក្សប្រឆាំងរួបរួមគ្នា។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមរបស់លោក ឡេង ម៉ាលី ដែលបានទៅយកព័ត៌មាននៅទីលានប្រជាធិបតេយ្យតាមការសាកសួររបស់លោក ជី វិតា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។