គណបក្សសង្គ្រោះជាតិ រង់ចាំចម្លើយពីគណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ថ្ងៃចរចាជាថ្មី។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែមិថុនា ថា គណបក្សប្រជាជនកម្ពុជា មិនទាន់ផ្តល់ចម្លើយតបជុំវិញកាលបរិច្ឆេទជំនួបជាថ្មីទៀត រវាងក្រុមបច្ចេកទេស ឬក៏ថ្នាក់ដឹកនាំកំពូលនៃភាគីទាំងពីរនៅឡើយ។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា ជំហររបស់គណបក្សប្រជាជនកម្ពុជា ផ្ទុយនឹងប្រសាសន៍របស់ លោក ហ៊ុន សែន ដែលថ្លែងថា យល់ព្រមដាក់ស្ថាប័ននេះទៅក្នុងរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ គណបក្សសង្គ្រោះជាតិ នៅតែស្វាគមន៍ការជជែកគ្នាជាថ្មី ដើម្បីដោះស្រាយវិបត្តិនយោបាយនេះ៖ «យើងអត់ទាន់បានព័ត៌មានពីការចរចាហ្នឹងដែរ មិនដឹងថាមានជំនួបកំពូល ឬអត់ ពីព្រោះយើងមិនទាន់កំណត់កិច្ចព្រមព្រៀងសំខាន់ៗនៅឡើយ»។
មន្ត្រីបច្ចេកទេសរបស់គណបក្សទាំងពីរ បានជួបពិភាក្សាគ្នាកាលពីថ្ងៃទី១២ ខែមិថុនា។ ចំណុចដែលខ្វែងគំនិតគ្នានោះ នៅត្រង់កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត។ បក្សកាន់អំណាចព្រមដាក់ស្ថាប័ននេះចូលក្នុងរដ្ឋធម្មនុញ្ញ ហើយទាមទារឲ្យមានការគាំទ្រពីសមាជិកសភាភាគច្រើនដាច់ខាត និងកំណត់ចំនួនសមាជិកយ៉ាងតិចណាស់ ៩នាក់។
ចំណែកបក្សប្រឆាំងទាមទារឲ្យដាក់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ ឬបានន័យថា ស្ថាប័នមួយនេះត្រូវទទួលការទុកចិត្តពីសមាជិកសភាចំនួន ២ភាគ៣ នៃសមាជិកទាំងអស់ ហើយត្រូវមានសមាជិកចំនួន ៩នាក់។ មន្ត្រីគណបក្សសង្គ្រោះជាតិ ព្រមានថា បើគណបក្សកាន់អំណាចនៅតែមិនព្រមដោះស្រាយបញ្ហានេះ បក្សប្រឆាំងនឹងបន្តនៅក្រៅសភា ហើយនឹងបន្តដឹកនាំបាតុកម្មជាថ្មីទៀតនៅថ្ងៃណាមួយមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
