យុវជន​បក្ស​សង្គ្រោះ​ជាតិ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ជួយ​រក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជូន​ពលរដ្ឋ

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​ក្រុម​ការងារ​ដើម្បី​ជួយ​ស្វែង​រក​ឈ្មោះ​ជូន​ប្រជាពលរដ្ឋ ដែល​រក​មិន​ឃើញ​ឈ្មោះ ឬ​បាត់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ ឆ្នាំ​២០១២ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ការ​បង្កើត​ក្រុម​ការងារ​ស្វែង​រក​ឈ្មោះ​ពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត​នេះ កើត​ឡើង​ក្រោយ​ពេល គ.ជ.ប បាន​បិទ​គេហទំព័រ​ស្វែង​រក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​កក្កដា ត​ទៅ។

0:00 / 0:00

ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៥០​នាក់ បាន​ប្រើ​ជំនាញ​កុំព្យូទ័រ​របស់​ខ្លួន ដើម្បី​ស្វែង​រក​ឈ្មោះ​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា​ដែល​បាត់ ឬ​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ ថ្ងៃ​ទី២៨ ខែ​កក្កដា។

យុវជន​បក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០១១ ៨៤ ៣០ ៣០ លេខ ០៧៧ ៥៣ ៧៦ ៥៣ លេខ ០៨១ ៤២ ៤២ ០៧ លេខ ០៧០ ៣០ ៣០ ៤០ លេខ ០៦០ ៧១៣ ៧៧៧ លេខ ០៦៦ ៧១៣ ៧៧៧ លេខ ០៦៧ ៧១៣ ៧៧៧ ឬ លេខ ០៦៨ ៧១៣ ៧៧៧។

ការ​បង្កើត​ក្រុម​ការងារ​ជួយ​រក​ឈ្មោះ​ពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត ផ្ដើម​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កើត​មាន​បន្ទាប់​ពី គ.ជ.ប ត្រៀម​បិទ​គេហទំព័រ​ស្វែង​រក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​អាសយដ្ឋាន Voterlist.org.kh របស់​ខ្លួន​មិន​ឲ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា រហូត​ទៅ។

បន្ថែម​លើ​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គ.ជ.ប មិន​គួរ​បិទ​គេហទំព័រ​ស្វែង​រក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​របស់​ខ្លួន​នៅ​ពេល​នេះ​ទេ។ លោក​រិះគន់​ថា ការ​បិទ​គេហទំព័រ​ស្វែង​រក​ឈ្មោះ​របស់ គ.ជ.ប ពេល​នេះ។ លោក​ស្នើ​ដល់ គ.ជ.ប ត្រូវ​បើក​គេហទំព័រ​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត​របស់​ខ្លួន​ឡើង​វិញ ព្រោះ​ការ​បិទ​នេះ​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី៥ ជិត​ចូល​មក​ដល់៖ «មាន​ទូរស័ព្ទ​មក​មាន​បាត់​ឈ្មោះ​ច្រើន។ ទោះ​ជា​បាត់​ឈ្មោះ​រក​មិន​ឃើញ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ក៏ដោយ ក៏​បងប្អូន​ត្រូវ​អញ្ជើញ​ទៅ​ការិយាល័យ​បោះឆ្នោត ដើម្បី​ទៅ​រក​នៅ​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ទៀត។ ហើយ​ខ្ញុំ​សូម​អំពាវនាវ​ផង​ដែរ។ ហើយ​សុំ​កុំ​ឲ្យ គ.ជ.ប ហ្នឹង​បិទ​គេហទំព័រ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៧ និង​ថ្ងៃ​ទី២៨ ព្រោះ​ថ្ងៃ​ហ្នឹង​ជា​ថ្ងៃ​សំខាន់។ ថ្ងៃ​ហ្នឹង​ជា​ថ្ងៃ​បោះឆ្នោត បែរ​ជា​ថ្ងៃ​ត្រូវ​រក​ឈ្មោះ​បោះឆ្នោត​ទៅ​ជា​បិទ​គេហទំព័រ​ទៅ​វិញ​ជា​ចម្លែក​មែន​ទែន»

យ៉ាង​ណា​ក៏ដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ថ្លែង​បដិសេធ​ថា ស្ថាប័ន​ខ្លួន​មិន​អាច​បើក​គេហទំព័រ​ស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត ដែល គ.ជ.ប ប្រកាស​បិទ​នេះ​បាន​ទេ។ ប៉ុន្តែ លោក​ថា ប្រជាពលរដ្ឋ​នៅ​អាច​បន្ត​ស្វែង​រក​ឈ្មោះ ឬ​សួរនាំ​លើ​បញ្ហា​ផ្សេងៗ ទាក់ទង​ការ​បោះឆ្នោត​ដោយ​ទូរស័ព្ទ​មក​មន្ត្រី គ.ជ.ប តាម​រយៈ​លេខ​ទូរស័ព្ទ​ចំនួន ៥​ខ្សែ មាន​ដូចជា៖ «ក្នុង​ករណី​ដែល​បងប្អូន​ត្រូវ​ការ​រក​ឈ្មោះ អាច​ទូរស័ព្ទ​ទៅ​លេខ មាន​ក្បាល ០១១/០១៦/០៨១/០៨៦ និង ០៩៩ ហើយ​លេខ​ខាង​ចុង គឺ​ដូច​គ្នា មាន​លេខ ៩៨ ៧៧ ៦៦»

ទាក់ទិន​បញ្ហា​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏​បាន​ផ្ញើ​សារ​ជូន​កម្មករ​កម្មការិនី និង​ប្រជាពលរដ្ឋ ត្រូវ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ទាំងអស់​គ្នា​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា។ លោក​ថា ការ​បោះឆ្នោត​នេះ ពលរដ្ឋ​ត្រូវ​តាម​ឆន្ទៈ​រៀងៗ​ខ្លួន និង​មិន​ត្រូវ​ខ្លាច​ការ​គំរាម​កំហែង​ពី​បុគ្គល ឬ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ បើ​សិន​ជា​កម្មករ​កម្មការិនី ឬ​ប្រជាពលរដ្ឋ​មាន​ព័ត៌មាន​ផ្សេងៗ ទាក់ទង​ការងារ​បោះឆ្នោត ត្រូវ​ទាក់ទង​ទូរស័ព្ទ​មក​សហភាព​ការងារ​កម្ពុជា តាម​ទូរស័ព្ទ​លេខ ០១២ ៩៩៨ ៩០៦ ឬ ០៦០ ៧៩៩ ៨៨៨។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភា​អាណត្តិ​ទី៥ បញ្ចប់​នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា។ រីឯ​ការ​បោះឆ្នោត​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។