មន្ត្រី និងសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារព្រៃស ស្នើឲ្យមេដឹកនាំបក្សដែលមានអាសនៈក្នុងសភាទាំងពីរ ពន្លឿនជំនួបដោះស្រាយនយោបាយដើម្បីដោះលែងពួកគាត់។ សំណើនេះធ្វើឡើងតាមរយៈមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំងនោះ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ប្រកាសថា ពេលនេះនៅមិនទាន់អាចបន្តវប្បធម៌សន្ទនាទៀតបាននោះទេ។
ក្នុងជំនួបសួរសុខទុក្ខជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ នាពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី៤ ខែធ្នូ គឺមន្ត្រី និងសកម្មជនចំនួន ១៥នាក់ រំពឹងថា ការពន្លឿនការចរចានយោបាយអាចនឹងជួយពួកគេអោយចេញពីពន្ធនាគារបានឆាប់ដែរ។
លោក ម៉ៅ មុនីវណ្ណ ប្រាប់វិទ្យុអាស៊ីសេរី ថា កាអំពាវនាវនេះ ដោយសារមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារនោះ លើកឡើងថា ការចាប់ខ្លួនពួកគាត់ គឺធ្វើឡើងក្នុងទិដ្ឋភាពនយោបាយ៖ «រឿងនយោបាយវាទាក់ទងនឹងមេដឹកនាំនយោបាយ អ៊ីចឹងខ្ញុំមានជំនឿថា ទៅអនាគតមេដឹកនាំនយោបាយនឹងជួបគ្នាហើយដោះស្រាយបញ្ហានេះ ហើយតម្កល់នៅផលប្រយោជន៍ជាតិជាធំ ហើយគិតគូរពីរឿងបញ្ហាស្រុកទេសអោយមានការអភិវឌ្ឍចាប់ផ្ដើមពីការយោគយល់គ្នាពីខ្មែរនិងខ្មែរ»។
ទាក់ទិននឹងជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ត្រូវបានផ្អាកដោយគ្មានពេលកំណត់ឡើយ។ មិនពេលកំណត់ ដោយសារដៃគូវប្បធម៌សន្ទនាអនុវត្តពុំបានត្រឹមត្រូវទៅតាមសេចក្ដីថ្លែងការណ៍រួមរវាងគណបក្សទាំងពីរ៖ «ជួបគ្នា វាមិនអាចប្រព្រឹត្តទៅបាន ព្រោះមិនដឹងជជែករឿងអី ហើយបើជជែកមានតែអោយកៅអីអនុប្រធានទី១នៃរដ្ឋសភាទៅឯកឧត្ដម កឹម សុខា វិញ ហើយអ៊ីចឹងឯកឧត្ដម សម រង្ស៊ី ត្រឡប់មកវិញដោយគ្មានទោស ចុះតុលាការយកមុខទៅទុកនៅណា? បើយើងយកវប្បធម៌សន្ទនាមកជជែក ដើម្បីដោះស្រាយបញ្ហានេះ គឺវារំលោភទៅលើឆន្ទានុសិទ្ធិរបស់តុលាការ រំលោភទៅលើឯករាជ្យភាពតុលាការ ហើយវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ»។
ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា មួយរយៈចុងក្រោយនេះ ត្រូវបានមជ្ឈដ្ឋានអន្តរជាតិ និងអន្តរជាតិ រិះគន់ថា កាន់តែអាក្រក់ទៅ និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។ ហេតុការណ៍សំខាន់ៗទាំងនោះមានដូចជា ការតាមចាប់ខ្លួនលោក សម រង្ស៊ី ការដកតំណែង លោក កឹម សុខា អំពើហិង្សាលើអ្នកតំណាងរាស្ត្រ ការកាត់ទោសឲ្យជាប់ពន្ធនាគារចំពោះសកម្មជនបក្សប្រឆាំង និងការកាត់ទោសលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាបក្សប្រឆាំង។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ ថ្លែងថា អ្នកនយោបាយគួរតែបន្ទាន់ឥរិយាបថ ហើយជួបជជែកគ្នាដោះស្រាយបញ្ហាជាបន្ទាន់ ដើម្បីបម្រើផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជន៖ «កន្លែង ដែលល្អបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា ទាំងមូល គឺអ្នកនយោបាយគួរតែជជែកគ្នាអោយបានច្រើន ហើយអនុគ្រោះអោយគ្នាទៅវិញទៅមក ដើម្បីរកចំណុចរួមមួយក្នុងនាមខ្មែរនិងខ្មែរ»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះបញ្ជាក់ថា ស្ថានការណ៍ថ្មីៗនេះ គ្មានអ្វីប្លែក និងធ្ងន់ធ្ងរជាងពេលកន្លងមកនោះទេ ដូច្នេះគ្មានអ្វីដែលថា អ្នកនយោបាយដោះស្រាយមិនចេញឡើយ។លោកបន្ថែមថា ប្រសិនបើអ្នកនយោបាយខ្មែរនៅតែហែកហួរគ្នាផ្នែកនយោបាយ គឺនឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរបន្តរងគ្រោះ ប្រទេសជាតិខាតបង់ទាំងនយោបាយជាតិ និងអន្តរជាតិ ព្រមទាំងខាតបង់សេដ្ឋកិច្ច។ ចំណែកអ្នកដែលចំណេញពីជម្លោះនេះ គឺប្រទេសជិតខាងកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
