"រដ្ឋាភិបាល​ប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹមត្រូវ​និង​ពុករលួយ​ក្នុង​វិស័យ​នយោបាយ"

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​លើ​ប្រព័ន្ធ​បោះឆ្នោត រក​ឃើញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​រដ្ឋាភិបាល បាន​រំលោភ​អំណាច​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ផ្សេង​ទៀត។ ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​វិញ បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​អះអាង​ថា រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ប្រទេស មិន​បាន​ប្រព្រឹត្ត​ដូច​ការ​រក​ឃើញ​នេះ​ឡើយ។

អំពើ​ពុករលួយ ការ​ជ្រៀតជ្រែក​លើ​ប្រព័ន្ធ​តុលាការ ការ​ក្ដោប​អំណាច​ជា​ប្រព័ន្ធ និង​ប្រើប្រាស់​ធនធាន​រដ្ឋ​ដើម្បី​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ ទាំង​នេះ គឺ​ជា​ប្រធានបទ​ដ៏​មុត​ស្រួច ក្រោយ​ពី​ការ​អង្កេត​ដ៏​ម៉ត់ចត់​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​កិច្ចការ​លើ​ប្រព័ន្ធ​បោះឆ្នោត។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​នៅ​ក្នុង​វេទិកា​តុ​មូល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ មាន​ឡាន និង​បុគ្គលិក​ដ៏​ច្រើន​លើសលប់ ទាំង​ស៊ីវិល និង​យោធា​ផង ដើម្បី​ផលប្រយោជន៍​បក្ស ជាពិសេស បាន​បង្កើត​តួនាទី​សម្រាប់​ទី​ប្រឹក្សា​យ៉ាង​ស្អេកស្កះ ហើយ​ចំណាយ​លុយ​ដ៏​ច្រើន​ក្រាស់ក្រែល ដើម្បី​បំពេញ​មុខងារ​ទាំង​នេះ៖ «រៀបចំ​ចំនួន​រដ្ឋាភិបាល​ហ្នឹង សម្រាប់​បម្រើ​ខាង​ផល​ប្រយោជន៍​នយោបាយ។ ទីប្រឹក្សា រដ្ឋលេខាធិការ អនុ​រដ្ឋលេខាធិការ ច្រើន​ឥត​គណនា ហើយ​មើល​ទៅ​លុយ និង​ថវិកា​ជាតិ​របស់​យើង​ចំណាយ​ទៅ​លើ​តែ​រដ្ឋបាល​ទេ។ យើង​បាន​ដាក់​តិចតួច​ណាស់​សម្រាប់​កិច្ចការ​ការងារ​សង្គមកិច្ច។ ឧទាហរណ៍​ខាង​ជួយ​ប្រជាពលរដ្ឋ​រឿង​បញ្ហា​សុខភាព បញ្ហា​អប់រំ»

របាយការណ៍​ស្ដីពី​ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹមត្រូវ និង​អំពើ​ពុករលួយ​ទាក់ទង​នឹង​នយោបាយ​ដែល​ចេញ​ដោយ​អង្គការ​ខុមហ្វ្រែល កាល​ពី​ដើម​ឆ្នាំ​២០១៥​នេះ រក​ឃើញ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច បាន​ប្រើប្រាស់​កម្លាំង​យោធា​ដែល​ភាគ​ច្រើន គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ។ ក្នុង​នោះ ១៦​ករណី ស្មើ ៦៧​ភាគរយ ធ្វើ​សកម្មភាព​ក្នុង​ថ្ងៃ​ធ្វើ​ការ និង ៨​ករណី​ស្មើ ៣៣​ភាគរយ ជា​សកម្មភាព​ក្នុង​ថ្ងៃ​ឈប់​សម្រាក។

បើ​ទោះ​ជា​បែប​ណា មន្ត្រី​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល អង្គការ​ខុមហ្រ្វែល គួរ​ដាក់​បណ្ដឹង បើ​ពិត​ជា​រក​ឃើញ​ដូច្នេះ​មែន។

ចំណែក​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ថ្លែង​ថា ដោយសារ​ប្រទេស​កម្ពុជា នៅ​មាន​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ​នៅ​ឡើយ ទើប​ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ ធ្វើ​ដំណើរ​ទៅ​មុខ​ដូច​ចង្វាក់​នៃ​បទចម្រៀង​បូឡារ៉ូ ទៅ​មុខ​មក​ក្រោយ ដែល​មិន​អាច​​រក​កោះ​ត្រើយ​ពិត​ប្រាកដ​ឃើញ៖ «អ្វី​ដែល​ខ្ញុំ​ចង់​ជម្រាប​ដែរ ការ​សង្កេត​របស់​យើង។ យើង​ឃើញ​ថា ស្ថានភាព​ប្រជាធិបតេយ្យ និង​នយោបាយ​នៅ​ស្រុក​ខ្មែរ​យើង យើង​កំពុង​តែ​រាំ​ចង្វាក់ បូឡារ៉ូ រាល់​ថ្ងៃ។ ទៅ​មុខ​បី មក​ក្រោយ​បី ទៅ​តាម​ស្ថានភាព​អារម្មណ៍​របស់​អ្នក​នយោបាយ។ អារម្មណ៍​របស់​គាត់​ចង់​ឲ្យ​ទៅ​ទូលាយ​គាត់​ទៅ​អ៊ីចឹង​ទៅ។ រួច​ទៅ​គាត់​បិទ​ឲ្យ​ចង្អៀត​វិញ​ទៅ គាត់​បិទ​ឲ្យ​ចង្អៀត​វិញ​ទៅ»

វេទិកា​តុ​មូល​ដែល​និយាយ​អំពី ប្រជាធិបតេយ្យ​និង​ភាព​មិន​ប្រក្រតី​ខាង​នយោបាយ​នៅ​កម្ពុជា ដែល​រៀបចំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា មាន​អ្នក​ចូលរួម​ប្រមាណ ៥០​នាក់ ដែល​តំណាង​មក​ពី​អង្គទូត អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក និង​អ្នក​តំណាងរាស្ត្រ​គណបក្ស​នយោបាយ​ផង។

លោក នី ចរិយា មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) យល់​ឃើញ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មិន​ទាន់​អាច​ធានា​ឲ្យ​ប្រទេស​កម្ពុជា អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​បាន​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា តាម​រយៈ​គោល​នយោបាយ​ដាក់​កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ឲ្យ​ស្ថិត​ក្រោម​អំណាច​តែ​មួយ​របស់​រដ្ឋាភិបាល​នេះ​ហើយ គឺ​ជា​ជា​ដើមចម​ដ៏​ចម្បង​ដែល​បង្ហាញ​ថា កម្ពុជា​មិន​មែន​កំពុង​អនុវត្ត​តាម​គោលនយោបាយ​នៃ​លទ្ធិប្រជាធិបតេយ្យ​ពិត​ទេ៖ «ការ​គ្រប់គ្រង​អំណាច​ពីរ​ដែល​ជា​អំណាច​សំខាន់ ក្នុង​ការ​ទ្រទ្រង់​ប្រទេស​មួយ​ឲ្យ​ទៅ​ជា​ប្រទេស​ប្រជាធិបតេយ្យ​បាន គឺ​អំណាច​តុលាការ និង​អំណាច​កងកម្លាំង​ប្រដាប់​អាវុធ។ កង​កម្លាំង​ប្រដាប់​អាវុធ និង​តុលាការ​នេះ គឺ​ជា​សសរ​ទ្រូង​នៃ​លទ្ធិប្រជាធិបតេយ្យ ប្រសិន​បើ​ស្ថាប័ន​ទាំងពីរ​នេះ​ស្ថិត​នៅ​ឯករាជ្យ»

លោក ឈឹម ផលវរុណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ប្រសិន​បើ​អង្គការ​​សង្គម​ស៊ីវិល​ទាំង​នេះ រក​ឃើញ​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ធនធាន​រដ្ឋ និង​មាន​អំពើ​ពុករលួយ លោក​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល គួរ​ដាក់​បណ្ដឹង​ប្រឆាំង​សកម្មភាព​ទាំង​នេះ៖ «បើ​សិន​ជា​ការ​លើកឡើង​របស់​អង្គការ ខុមហ្រ្វែល អង្គការ​ដទៃ​ទៀត​គាត់​មាន​សុចរិត​ភាព​ចំពោះ​ពាក្យ​សម្ដី​របស់​ខ្លួន ​បាន​ន័យ​ថា ភាព​ស្មោះត្រង់។ ពួក​គាត់​ម៉េច​ក៏​មិន​ប្ដឹង ព្រោះ​ច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​ជា​រូបវន្ត ក៏​ដូច​ជា​នីតិ​បុគ្គល មាន​សិទ្ធិ​ប្ដឹង​ទៅ​លើ​បុគ្គល​ទាំង​ឡាយ​ណា យក​ថវិកា​រដ្ឋ និង​ឡាន​រដ្ឋ​ទៅ​ប្រើប្រាស់​ដើម្បី​ឃោសនា»

បើ​ទោះ​ជា​បែប​ណា របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​ខុមហ្វ្រែល កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ រក​ឃើញ​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​អំណាច​បាន​ប្រើប្រាស់​ធនធាន​រដ្ឋ​ដ៏​ច្រើន​លើសលប់ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ចន្លោះ​ពី​ខែ​កញ្ញា ដល់​ខែ​កក្កដា ឆ្នាំ​២០១៣ ចំនួន ៣៤៣​ករណី។ ក៏ប៉ុន្តែ​ចំនួន​នេះ បាន​ធ្លាក់​ចុះ​វិញ​កាល​ពី​ឆ្នាំ២០១៤។ ការ​ថយ​ចុះ​ដោយ​មិន​​មាន​មូលហេតុ​នេះ ត្រូវ​បាន​អង្គការ​ខុមហ្វ្រែល សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ចុះ​នៃ​អាសនៈ និង​បាត់បង់​ការ​គាំទ្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។