ខុមហ្វ្រែល មិនទាន់អាចប្រាប់ពីចំនួនករណីដែលបានរកឃើញនៅឡើយទេ។ ប៉ុន្តែខាង គ.ជ.ប បានរកឃើញថា គិតត្រឹមថ្ងៃច័ន្ទ ទី១ ខែកក្កដា ខ្លួនទទួលបានបណ្ដឹងចំនួន ១៦ករណីពីគណបក្សនយោបាយនៅក្នុងរយៈពេល ៤ថ្ងៃនៃថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតសភាអាណត្តិទី៥នេះ។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល នឹងបញ្ចេញរបាយការណ៍មួយនៅថ្ងៃព្រហស្បតិ៍ ទី៤ កក្កដា ខាងមុខនេះ ដើម្បីស្វែងរកករណីមិនប្រក្រតី ដែលបានកើតមានឡើងក្នុងអំឡុងពេលឃោសនាបោះឆ្នោត រាប់ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ កក្កដា។
របាយការណ៍នេះនឹងគ្របដណ្តប់លើ ២៤រាជធានីខេត្ត ដោយមានការរាយការណ៍ពីក្រុមអ្នកឃ្លាំមើលការបោះឆ្នោតរបស់ ខុមហ្វ្រែលផ្ទាល់ពីទីតាំងនៅតាមមូលដ្ឋាន។
ខុមហ្វ្រែល សង្ឃឹមថា របាយការណ៍នេះនឹងអាចឱ្យសាធារណជនបានដឹងពីភាពមិនប្រក្រតីនានារបស់សកម្មភាពគណបក្សនយោបាយ ដែលបានកើតមាននៅមុនពេលបោះឆ្នោតឈានចូលមកដល់នៅថ្ងៃទី២៨ កក្កដា ខាងមុខនេះ។
មន្ត្រីសម្របសម្រួលអង្គការខុមហ្វ្រែល អ្នកស្រី គង់ រ៉ាវីន បានឱ្យដឹងនៅថ្ងៃទី១ កក្កដា ថា ប្រសិនបើមានករណីធ្ងន់ធ្ងរណាមួយកើតឡើង អង្គការខុមហ្វ្រែលនឹងធ្វើសេចក្តីរាយការណ៍ជម្រាបដល់អាជ្ញាធរក្នុងមូលដ្ឋាន ឃុំ សង្កាត់ និង គ.ជ.ប ឱ្យបានដឹង ព្រមទាំងស្នើឱ្យធ្វើបទអន្តរាគមន៍លើករណីទាំងនោះ។
អ្នកស្រី គង់ រ៉ាវីន៖ «ព្រោះថា យើងអំឡុងពេលឃោសនានេះ យើងមានអ្នកអង្កេតការណ៍ឃោសនាបោះឆ្នោតតាមខេត្តទាំងអស់អ៊ីចឹង ហើយមួយទៀតខាងខុមហ្វ្រែល នឹងធ្វើអន្តរាគមន៍នៅពេលមានបញ្ហាកើតឡើង។ បញ្ហាធ្ងន់ធ្ងរអី អាចរាយការណ៍មកខុមហ្រ្វែលនឹងធ្វើអន្តរាគមន៍។ បញ្ហាទាក់ទងនឹងបញ្ហាគណបក្សនយោបាយដែលមានភាពមិនប្រក្រតីណាមួយនោះ យើងនឹងធ្វើលិខិតទៅគ.ជ.ប ដើម្បីគាត់ធ្វើការស៊ើបអង្កេត»។
អ្នកស្រីបន្តថា មកទល់ពេលនេះ ខុមហ្វ្រែល កំពុងធ្វើការបូកសរុបតួលេខដែលបានផ្តល់មកពីបណ្តាខេត្ត ហើយមិនអាចសន្និដ្ឋានបានទេថា មានភាពមិនប្រក្រតីចំនួនប៉ុន្មានករណីកើតឡើងនោះទេ។
ទាក់ទងរបាយការណ៍នេះដែរ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គិតត្រឹមថ្ងៃច័ន្ទ ទី១ ខែកក្កដា ស្ថាប័នបោះឆ្នោតទទួលបានបណ្ដឹងចំនួន ១៦ ពីគណបក្សនយោបាយនៅក្នុងរយៈពេល ៤ថ្ងៃ នៃថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតសភានីតិកាលទី៥។ លោកបន្តថា បណ្ដឹងភាគច្រើនទាក់ទងសកម្មភាពរំខានយុទ្ធនាការឃោសនារវាងគណបក្សនយោបាយមួយទៅគណបក្សនយោបាយមួយផ្សេងទៀតនៅតាមមូលដ្ឋាន តាមរាជធានី ខេត្តមួយចំនួន។
ទោះយ៉ាងណា លោក ទេព នីថា បញ្ជាក់ថា មិនទាន់កើតមានអំពើហិង្សាធ្ងន់ធ្ងរណាមួយកើតមាននៅក្នុងអំឡុងពេលគណបក្សនយោបាយបើកយុទ្ធនាការឃោសនាប៉ុន្មានថ្ងៃមកនេះទេ៖ «រហូតដល់ពេលនេះ យើងទទួលបានបណ្តឹងចំនួន ១៦ ហើយក្នុងនោះបណ្តឹង ៣ ត្រូវបានដោះស្រាយនៅថ្នាក់ឃុំ សង្កាត់ ហើយក្នុងនោះបណ្ដឹងមួយបានផ្ដល់បន្តមកថ្នាក់ខេត្ត និងបណ្តឹង ១០ទៀត កំពុងនៅឯឃុំសង្កាត់នៅឡើយទេ។ ភាគច្រើនទាក់ទងនឹងបណ្តឹងឃោសនាបោះឆ្នោត ដូចជាការចាក់មេក្រូរំខានគ្នា ការហែក្បួនហើយបិទសំឡេងមេក្រូ និងការលើកស្លាកសញ្ញាគណបក្ស ឬខិត្តប័ណ្ណឃោសនានៅកន្លែងមួយចំនួនដែលមិនសុំការអនុញ្ញាតពីអ្នកគ្រប់គ្រង»។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ មានរយៈពេល ៣០ថ្ងៃ គឺបានចាប់ផ្ដើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ មានគណបក្សនយោបាយចំនួន ៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង។ រីឯកាលបរិច្ឆេទនៃការបោះឆ្នោតសភានីតិកាលទី៥ នឹងធ្វើនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
មន្ត្រី គ.ជ.ប បានឲ្យដឹងថា មានឈ្មោះប្រជាពលរដ្ឋចំនួនមានជាង ៩លាននាក់ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ ដែលនឹងត្រូវអញ្ជើញឱ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នាពេលខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
