ភាពមិនប្រក្រតីដែល ខុមហ្វ្រែល រកឃើញមានដូចជា ការបំផ្លាញស្លាកគណបក្ស ការបំភិតបំភ័យ ការរំខានការឃោសនា ការប្រើឥទ្ធិពលរបស់គណៈគ្រប់គ្រងភូមិទៅលើអ្នកបោះឆ្នោត និងការចែកអំណោយជាដើម។
របាយការណ៍របស់ ខុមហ្វ្រែល ចេញផ្សាយនៅថ្ងៃទី១២ កក្កដា បានបង្ហាញថា ភាពមិនប្រក្រតីទាំងនោះមានដូចជា ការបំផ្លាញស្លាកគណបក្ស និងការហែកខិត្តប័ណ្ណមាន ២៩ករណី។ ការបំភិតបំភ័យ និងការគំរាមកំហែងមាន ១៨ករណី។ ការរំខានការឃោសនារបស់គណបក្សមាន ៧ករណី។ មេភូមិ អនុភូមិ និងអាជ្ញាធរដែនដីមិនមានអព្យាក្រឹតភាពមាន ៣៨ករណី។ មន្ត្រីរាជការ កងយោធពលខេមរភូមិន្ទ ចូលរួមសកម្មភាពការឃោសនាមាន ២៣ករណី និងការចែកអំណោយរបស់បក្សនយោបាយ បក្សប្រជាជនកម្ពុជា មាន ៥ករណី។
កញ្ញា គង់ រ៉ាវីន អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការ ខុមហ្វ្រែល ថ្លែងថា អំពើឃាតកម្ម និងការប្រើអំពើហិង្សាក្នុងរយៈពេលពីរសប្ដាហ៍នៃការឃោសនាបោះឆ្នោត មានការថយចុះជាងការបោះឆ្នោតនៅអាណត្តិមុនៗ។ តែកញ្ញាបន្តថា ការវាយតម្លៃចុងក្រោយនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ៖ «បើគិតការបោះឆ្នោតមុនៗ ខ្ញុំអត់អាចវាយតម្លៃបានទេ។ គ្រាន់តែថា បើយើងគិតពីចំនួនដូចថា ឃាតកម្ម អំពើហិង្សាអី វាថយចុះហើយ។ ចា៎! តែគ្រាន់តែថា អាហ្នឹងយើងធ្វើការវាយតម្លៃមែនទែនពេលដែលចប់ពេលឃោសនាហ្នឹង យើងអាចដឹង។ តែខ្ញុំអាចប្រាប់ថា ទាក់ទងនឹងហិង្សា ឬក៏ឃាតកម្មអី គឺថយចុះ»។
ទាក់ទងនឹងភាពមិនប្រក្រតីនៃដំណើរការឃោសនារកសំឡេងឆ្នោតនេះដែរ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ កក្កដា ថា រហូតមកដល់ពេលនេះ គ.ជ.ប បានទទួលបណ្ដឹងថ្នាក់ឃុំចំនួន ១៩០បណ្ដឹង ហើយបានដោះស្រាយបានចំនួន ១២៥បណ្ដឹង។ បណ្ដឹងថ្នាក់ខេត្តចំនួនជាង ២០បណ្ដឹង ដែលដោះស្រាយបាន ៦០% និងថ្នាក់ជាតិ ៤បណ្ដឹង ហើយដោះស្រាយបាន ៣បណ្ដឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
