ខុមហ្វ្រែល៖ ក្នុង​ឆមាស​ទី​២​នៃ​នីតិកាល​ទី​៥​តំណាងរាស្ត្រ​ចុះ​មូលដ្ឋាន​ច្រើន​ជាង​ឆ្នាំ​មុន

0:00 / 0:00

របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) បង្ហាញ​ថា ក្នុង​ឆមាស​ទី​២ នៃ​រដ្ឋសភា​នីតិកាល​ទី​៥ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​មូលដ្ឋាន​កើន​ឡើង​ធៀប​នឹង​ឆ្នាំ​មុន។ ការ​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​២៧ ខែ​សីហា ក្នុង​ការិយាល័យ​របស់​អង្គការ​ខុមហ្វ្រែល។

អង្គការ​ខុមហ្វ្រែល បង្ហាញ​លទ្ធផល​អង្កេត​របស់​ខ្លួន​ថា ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​មូលដ្ឋាន​ជាង ៥០០​លើក កើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​មូលដ្ឋាន​បាន ៨៥​លើក។

មន្ត្រី​អង្កេត​អង្គការ​ខុមហ្វ្រែល លោក ស៊ិន ទិត្យសីហា ថ្លែង​ថា តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា ៣៨​រូប ក្នុង​ចំណោម ៦៨​រូប ដែល​ជាប់​ឆ្នោត បាន​ចុះ​មូលដ្ឋាន មាន​ចែក​អំណោយ ស្តាប់​មតិ​ពលរដ្ឋ​ក្នុង​វេទិកា​សាធារណៈ​ជាដើម បាន ៨៥​លើក។ ចំណែក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន ៣២​រូប ក្នុង​ចំណោម ៥៥​រូប បាន​ចុះ​មូលដ្ឋាន​សួរ​សុខទុក្ខ​ចូល​រួម​វេទិកា​សាធារណៈ ទទួល​ពាក្យ​បណ្ដឹង​ពី​មូលដ្ឋាន​ជាដើម បាន ៥២៧​លើក។

លោក​បន្ត​ថា នៅ​ក្នុង​ការ​អនុម័ត​ច្បាប់ គឺ​មាន​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា តែ​មួយ​គត់ បាន​អនុម័ត​ដោយ​មិន​បាន​ពិភាក្សា​លើ​ខ្លឹមសារ​ច្បាប់។ ដោយ​ឡែក​ការ​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អ្នក​តំណាងរាស្ត្រ​បញ្ចេញ​មតិ ហាក់​ដូច​ដើរ​តួនាទី​ជា​អ្នក​ការពារ​ច្បាប់ មិន​មែន​ជា​អ្នក​ពិភាក្សា​អនុម័ត​ច្បាប់​ឡើយ។

លោក ស៊ិន ទិត្យសីហា៖ «ការ​ចេញ​លិខិត​អន្តរាគមន៍​របស់​តំណាងរាស្ត្រ​នៅ​ក្នុង​រយៈពេល​ហ្នឹង យើង​ឃើញ​មាន​តំណាងរាស្ត្រ​គាត់​ចេញ​លិខិត​ចំនួន ២២​ច្បាប់ ទៅ​រាជរដ្ឋាភិបាល​ហើយ​និង​ទៅ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋ​សភា ហើយ​នៅ​ក្នុង​ចំណោម​លិខិត ២២​ច្បាប់​យើង​ឃើញ​មាន​លិខិត ៤​ច្បាប់ មាន​ការ​ឆ្លើយ​តប​ពី​បណ្ដាញ​រដ្ឋាភិបាល​មក​វិញ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​លិខិត ៣​ច្បាប់ ដែល​ប្រធាន​រដ្ឋ​សភា​បដិសេធ​មិន​ចារ​បញ្ជូន​លិខិត​របស់​តំណាងរាស្ត្រ​ទេ។ នៅ​ក្នុង​ករណី​នេះ យើង​មើល​ឃើញ​ថា វា​ជា​ការ​ប្រើ​អំណាច​ក្នុង​នាម​ប្រធាន​រដ្ឋ​សភា​ហ្នឹង លើស​ដែន​កំណត់​នៃ​ច្បាប់»

បដិសេធ​ចំពោះ​របាយការណ៍​ខុមហ្វ្រែល នោះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួស យ៉ារ៉ា បញ្ជាក់​ថា ការ​អនុម័ត​ច្បាប់​នៅ​ក្នុង​រដ្ឋ​សភា​គឺ​ប្រជាធិបតេយ្យ។ តំណាងរាស្ត្រ​ម្នាក់ៗ​អាច​សម្ដែង​មតិ​គាំទ្រ ឬ​មិន​គាំទ្រ​ច្បាប់​នោះ។ ចំពោះ​របាយការណ៍​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​តិច​ជាង​គណបក្ស​ផ្សេង​នោះ គឺ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​គិត​ពី​លទ្ធផល​សម្រេច​បាន មិន​គិត​ពី​តួលេខ​ចុះ​ច្រើន​ដង ឬ​តិច​នោះ​ទេ។

លោក​បន្ត​ថា នៅ​ក្នុង​រដ្ឋសភា របៀប​ធ្វើ​ការងារ​រវាង​គណបក្ស​នីមួយៗ តាម​វប្បធម៌​សន្ទនា និង​ពិភាក្សា​គ្នា។ លោក​ថា ពេល​ខ្លះ​​មិន​គួរ​អង្គការ​ក្រៅ​រដ្ឋាភិបាល​លូក​ដៃ​ច្រើន​ទៅ​ក្នុង​ការងារ​របស់​គណបក្ស​ទេ៖ «ហើយ​ចំណែក​គណបក្ស​មួយ​ទៀត គាត់​រៀបចំ​ខ្លួន​ចុះ​ទៅ​ដើម្បី​ជា​ការ​ជួប​ប្រាស្រ័យ​ទាក់ទង ហើយ​បង្កើត​នូវ​បញ្ហា​ថ្មីៗ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន​បញ្ហា​ផែនទី បញ្ហា​រៃ​អង្គាស​ថវិកា​សម្រាប់​ទូរទស្សន៍។ អ៊ីចឹង​នេះ​ជា​រឿង​មួយ​មាន​សកម្មភាព​ខុស​គ្នា ពីព្រោះ​ឥឡូវ​នេះ​យើង​កំណត់​ឃើញ​ថា មិន​ទាន់​ដល់​ពេល​ឃោសនា​បោះ​ឆ្នោត​ទេ ប៉ុន្តែ​សកម្មភាព​របស់​អ្នក​តំណាងរាស្ត្រ​ភាគ​ច្រើន គឺ​ចុះ​ទៅ​ដើម្បី​ធ្វើ​កិច្ចការ​គណបក្ស និង​ឃោសនា​ច្រើន​ជាង​ធ្វើ​កិច្ចការ​ប្រាស្រ័យ​ទាក់ទង និង​ដោះស្រាយ​លទ្ធភាព​ជាមួយ​នឹង​អ្វី​ដែរ ដែល​ជា​ផល​លំបាក​របស់​រាស្ត្រ»

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា បាន​ជា​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​តំណាងរាស្ត្រ​បក្ស​នេះ​មិន​ចូល​រួម​អនុម័ត ដោយសារ​តែ​ច្បាប់​នោះ​មិន​ផ្ដល់​ផល​ចំណេញ​ទៅ​ដល់​ពលរដ្ឋ៖ «មុន​នឹង​លើកដៃ​អនុម័ត​ច្បាប់​ណា​មួយ គឺ​យើង​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ ហើយ​យើង​ធ្វើការ​ពិភាក្សា​ជាមួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​ច្បាប់​ដែល​មាន​សារសំខាន់ ដូចជា​ច្បាប់​អង្គការ ដែល​យើង​ជជែក​ជាមួយ​សង្គម​ស៊ីវិល។ តំណាង​សង្គម​ស៊ីវិល គេ​មិន​យល់​ស្រប​ទៅ​នឹង​ការ​ធ្វើ​ច្បាប់ ដោយសារ​ច្បាប់​នេះ​វា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បង្កើត​សមាគម ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​យល់​ស្រប​ដូច​គ្នា​ទៅ​នឹង​អង្គការ​សង្គម​ស៊ីវិល​អ៊ីចឹង​ដែរ ពីព្រោះ​យើង​ធ្វើ​ជា​តំណាង​ប្រជាពលរដ្ឋ ត្រូវ​តែ​ធ្វើ​អ្វីៗ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ»

​មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​អង្កេត​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បាន​ណែនាំ​ឲ្យ​អ្នក​បោះ​ឆ្នោត​ជួយ​ដាក់​ពិន្ទុ​ដល់​អ្នកតំណាងរាស្ត្រ​ទាំង​អស់ និង​អាច​ទិតៀន​តាម​រយៈ​កម្មវិធី​សំឡេង​ម្ចាស់​ឆ្នោត​ដែល​មាន​នៅ​ក្នុង​គេហទំព័រ (Website) របស់​អង្គការ​ខុមហ្វ្រែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។