ខួប​លើក​ទី​២០​នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា

ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ គឺ​មាន​រយៈ​ពេល ២០​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ប្រកាន់​យក​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ទី​២ ក៏​មាន​អាយុ​កាល ២០​ឆ្នាំ ហើយ​ដែរ។

0:00 / 0:00

ក្នុង​រយៈពេល ២០​ឆ្នាំ​មក​នេះ ដោយ​ដើរ​តាម​លំអាន​រដ្ឋធម្មនុញ្ញ កម្ពុជា​បាន​បង្កើត​ច្បាប់​ជា​ច្រើន​ដើម្បី​ធានា​ដឹក​នាំ​ប្រទេស​អោយ​មាន​ការ​អភិវឌ្ឍន៍។ យ៉ាង​ណា​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​ក៏​បាន​ឆ្លង​កាត់​ការ​កែប្រែ​ជា​ច្រើន​លើក​ច្រើន​គ្រា​ហើយ​ដែរ ហើយ​ក៏​ត្រូវ​រិះគន់​ថា បាន​ងាក​ឆ្ងាយ​ពី​ស្មារតី​ដើម​នៃ​ច្បាប់​នេះ។

មាត្រា​ដំបូង​នៃ​រដ្ឋធម្មនុញ្ញ​បាន​ប្រកាស​ថា កម្ពុជា​ជា​ព្រះរាជាណាចក្រ​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។

មាត្រា​ដំបូង​នេះ​គឺ​ស​អោយ​ឃើញ​ពី​គោល​បំណង​នៃ​ការ​បង្កើត​ច្បាប់​កំពូល​មួយ​នេះ ពោល​គឺ​គ្រប់​ក្រប​ខណ្ឌ​ច្បាប់​ដទៃ​ទៀត និង​រាល់​ការអនុវត្ត​ត្រូវ​ធានា​ថា បាន​គោរព​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ និង​មាន​ការ​ចូល​រួម​ពី​ច្រើន​ភាគី។

យ៉ាង​នេះ​ក្ដី​ក្នុង​រយៈ​ពេល ២០​ឆ្នាំ រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​កម្ពុជា បាន​ឆ្លង​កាត់​ការ​កែប្រែ​ចំនួន ៧​លើក ដែល​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​ទទួល​បាន​ការ​រិះ​គន់​ថា បាន​ធ្វើ​អោយ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ គឺ​ខុស​ប្លែក​គ្នា​ពី​គោល​ដៅ​ពិត​ប្រាកដ​នៃ​ស្មារតី​ដើម​របស់​ច្បាប់​កំពូល​មួយ​នេះ។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា វិសោធនកម្ម​សំខាន់ៗ​ចំនួន ២​លើក បាន​ធ្វើ​អោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​កាល​ដើម​ឡើយ​មាន​តួនាទី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ បាន​ប្រែក្លាយ​ជា​អ្នក​រាំង​ស្ទះ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​ទៅ​វិញ។ នោះ​គឺ​វិសោធនកម្ម​ក្នុង​ឆ្នាំ​២០០៤ និង​ឆ្នាំ​២០០៦។

ចាប់​តាំង​ឆ្នាំ​១៩៩៣ មក​ដល់​បច្ចុប្បន្ន​នេះ រដ្ឋធម្មនុញ្ញ​បាន​ឆ្លង​កាត់​វិសោធនកម្ម​ចំនួន ៧​លើក និង​ដាក់​បន្ថែម​មួយ​លើក។ លើក​ទី​១ ឆ្នាំ​១៩៩៤ ត្រង់​ចំណុច​ការ​ផ្ទេរ​សិទ្ធិ​របស់​ព្រះមហាក្សត្រ​ពេល​ទ្រង់​អវត្តមាន។ លើក​ទី​២ នៅ​ឆ្នាំ​១៩៩៩ ស្ដីពី​ការ​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា។ មួយ​លើក​ទៀត គឺ​ក្នុង​ឆ្នាំ​២០០១ គឺ​ព្រះមហាក្សត្រ​ទ្រង់​បង្កើត និង​ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ។ ចំណែក​ពីរ​លើក​ទៀត​ក្នុង​ឆ្នាំ​២០០៥ និង​២០០៦ គឺ​បាន​កែប្រែ​ត្រង់​ចំណុច​កូរ៉ុម​ប្រជុំ និង​សំឡេង​អនុម័ត​របស់​រដ្ឋសភា ព្រឹទ្ធសភា។ រី​ឯ​ការ​កែប្រែ​ក្នុង​ឆ្នាំ​២០០៨ គឺ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០០៤ គឺ​នៅ​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​ជាប់​គាំង​នយោបាយ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត ធម្មនុញ្ញ​បន្ថែម​ខ្លី​មួយ​មាន ៧​មាត្រា​ត្រូវ​អនុម័ត។ ធម្មនុញ្ញ​បន្ថែម​នោះ​គឺ​មាន​គោលដៅ​ធានា​អោយ​ស្ថាប័ន​ជាតិ មាន​ដំណើរការ​ជា​ប្រក្រតី។

លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ច្រើន​លើក​ច្រើន​គ្រា​មក​នេះ​បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​ការ​បង្កើត​រដ្ឋសភា​នីតិកាល​ទី​៥​នេះ។

កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ​១៩៤៧។ រដ្ឋធម្មនុញ្ញ​ទី​២ ត្រូវ​បង្កើត​នៅ​ក្នុង​ឆ្នាំ​១៩៧២ ដែល​កាល​ណោះ​បាន​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​ពី​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ទៅ​ជា​របប​សាធារណរដ្ឋ។ មក​ដល់​ឆ្នាំ​១៩៧៦ របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​មួយ​ទៀត ដោយ​ផ្លាស់​ប្ដូរ​ទៅ​ជា​របប​កុម្មុយនិស្ត។ ចំណែក​រដ្ឋធម្មនុញ្ញ​លើក​ទី​៤ បាន​បង្កើត​នៅ​ឆ្នាំ១៩៨១ គឺ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ឯ​រដ្ឋធម្មនុញ្ញ​លើក​ទី​៥ គឺ​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៨៩ ក្នុង​របប​រដ្ឋកម្ពុជា។ រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ​នេះ​គឺ​បង្កើត​ក្នុង​ឆ្នាំ​១៩៩៣ ចេញ​ពី​ការ​បោះ​ឆ្នោត នៅ​ក្រោយ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស។ បច្ចុប្បន្ន​រដ្ឋ​ធម្មនុញ្ញ​នេះ​មាន​ ១៥៨​មាត្រា និង ១៦​ជំពូក។

ប្រធាន​គណៈកម្មការ​នីតិកម្ម រដ្ឋសភា លោក ជាម យៀប មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ៤​អាណត្តិ​នៃ​រដ្ឋសភា​បាន​បង្កើត​ច្បាប់​ចំនួន ៤​ពាន់។ លោក​ថា គោលការណ៍​ប្រជាធិបតេយ្យ​គឺ​ការ​អនុវត្ត​ច្បាប់ ហេតុ​នេះ​ជា​ការ​ប្រសើរ​ដែល​បង្កើត​អោយ​មាន​ច្បាប់ បើ​ទោះ​ជា​ការ​អនុវត្ត​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ក៏​ដោយ។

មក​ដល់​ពេល​នេះ​អ្នក​នយោបាយ​នៅ​តែ​ប្រកាស​ជា​រឿយៗ​ថា គោរព​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​មាន​ចំណុច​មួយ​ចំនួន​ដែល​បង្ហាញ​ថា មាន​ការ​បំពាន​រដ្ឋធម្មនុញ្ញ។

លោក​បណ្ឌិត ហ៊ាង រិទ្ធី មាន​ប្រសាសន៍​ថា ធម្មនុញ្ញ​បន្ថែម​ដែល​ធានា​អោយ​មាន​ការ​បោះ​ឆ្នោត​កញ្ចប់​គឺ​បាន​វៀរចាក​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ការ​បង្កើត​រដ្ឋសភា​និង​រដ្ឋាភិបាល​ដែល​មាន​គណបក្ស​តែ​មួយ ត្រូវ​ចាត់​ទុក​ដែរ​ថា គឺ​បាន​វិល​ថយ​ក្រោយ​ទៅ​រក​អត្ថន័យ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​របប​រដ្ឋ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៨៩ ឬ​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ឆ្នាំ​១៩៨១។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ជាម យៀប បាន​ទម្លាក់​កំហុស​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​បង្កើត​ធម្មនុញ្ញ​បន្ថែម​ទៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ដែល​កាល​ណោះ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី។

កាល​ពី​ឆ្នាំ​២០០៤ លោក សម រង្ស៊ី បាន​ផ្ដួចផ្ដើម​គំនិត​ធម្មនុញ្ញ​បន្ថែម​បន្ទាប់ ត្រូវ​ទ្រង់ នរោត្តម រណឫទ្ធិ បោះបង់​ចោល​ក្នុង​ចំណង​ទ្វេ​ភាគី ហើយ​ទៅ​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន។

បើ​ទោះ​ជា​រដ្ឋធម្មនុញ្ញ​បាន​ឈាន​ដល់​ដំណាក់​កាល​នេះ​ក៏​ពិត​មែន ក៏​គេ​នៅ​តែ​អាច​កែខៃ តាម​រយៈ​ការ​ពិភាក្សា​រវាង​អ្នក​នយោបាយ​តម្កល់​សម្រាប់​ជាតិ ដោយ​ឈរ​លើ​គោល​ការណ៍​ប្រជាធិបតេយ្យ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។