បេក្ខជន​ឈរ​ឈ្មោះ​មេ​ឃុំ​បក្ស​ធំៗ​ពីរ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បង្ហាញ​ការ​ប្ដេជ្ញា​រៀង​ខ្លួន

0:00 / 0:00

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។ សកម្មជន​នៅ​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ខ្លួន​ធ្វើ​ជា​មេ​ឃុំ ឬ​ត្រូវ​បន្ត​កាន់​តំណែង​ជា​មេ​ឃុំ​នៅ​អាណត្តិ​ថ្មី។ ពួក​គេ​បង្ហាញ​ទស្សនៈ និង​ផែនការ​អភិវឌ្ឍន៍​ស្រដៀង​គ្នា ប៉ុន្តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខុស​គ្នា​ក្នុង​ការ​បំពេញ​ការងារ​ដើម្បី​ឆ្លើយតប​តម្រូវការ​ពលរដ្ឋ។

ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់ មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​ពី​គ្រប់​គណបក្ស​នយោបាយ​ដែល​ត្រូវ​ប្រជែង​គ្នា ឆ្លៀត​បញ្ចេញ​សារ​នយោបាយ ឬ​ផែនការ​អភិវឌ្ឍន៍​នានា​ដើម្បី​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​គាំទ្រ។

មេ​ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក នូ ខៀន មាន​ប្រសាសន៍​ថា បើ​ពលរដ្ឋ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត ឬ​ស្រឡាញ់​គាំទ្រ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទៀត លោក​នឹង​ធ្វើ​ជា​មេ​ឃុំ​ដើម្បី​អភិវឌ្ឍ​ស្ពាន និង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត បន្ថែម​លើ​សមិទ្ធផល​ជាច្រើន​ដែល​បាន​កសាង​ជាច្រើន​ឆ្នាំ​មក​នេះ។

ទោះ​ជា​យ៉ាង​ណា លោក​ថា​ការ​ស្ថាបនា​ស្ពាន ផ្លូវ និង​ប្រឡាយ​ទឹក មិន​ទាន់​ឆ្លើយតប​តម្រូវការ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​លោក​ទាំងស្រុង​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​ខិតខំ​ធ្វើ​បន្ត​ទៀត បើ​លោក​មាន​ឱកាស​ជាប់​ជា​មេ​ឃុំ​នៅ​អាណត្តិ​ទី​៤ ឬ​នៅ​អាណត្តិ​ក្រោយៗ​ទៀត៖ « ក្នុង​អាណត្តិ​ក្រោយ​នេះ បើ​ខ្ញុំ​ជាប់ ទី​មួយ​ខ្ញុំ​ត្រូវ​ស្ដារ​ប្រឡាយ​ទឹក ស្រះ​ទឹក ទំនប់​ទឹក ព្រោះ​នៅ​ឃុំ​ខ្ញុំ​ដល់​ពេល​រដូវ​ប្រាំង គឺ​ចប់​ហើយ អត់​មាន​ប្រភព​ណា​សម្រាប់​បូម​ទេ។ អ៊ីចឹង​គឺ​ត្រូវ​ការ​ស្ដារ​កន្លែង​ចាស់ៗ ដើម្បី​មាន​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ខ្ញុំ​ប្រើប្រាស់​ស្រែ​វស្សា​នៅ​ពេល​មាន​គ្រោះ​រាំង​ស្ងួត។ ខ្ញុំ​ប្ដេជ្ញា​ធ្វើ​អ្វី​ដែល​ពលរដ្ឋ​ត្រូវការ ហើយ​ទៅ​តាម​លទ្ធភាព​ដែល​ឃុំ​មាន មិន​អាច​គេ​ត្រូវការ​អា​នេះ យើង​ទៅ​ធ្វើ​អា​នោះ​បាន​ទេ ព្រោះ​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​ខ្លះ និង​កញ្ចប់​ថវិកា​បដិភាគ​របស់​ពលរដ្ឋ​ខ្លះ »

លោក​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦ ឃុំ​ស្រែថ្មី ធ្វើ​ផ្លូវ​លំ​ដី​ស​ប្រវែង​ជាង ៣៣​គីឡូម៉ែត្រ (៣៣.០៦៥​ម៉ែត្រ) ផ្លូវ​ក្រាល​ក្រួស​ក្រហម​ជាង ៤២​គីឡូម៉ែត្រ (៤២.១៥៦​ម៉ែត្រ) និង​ផ្លូវ​ក្រាល​កៅស៊ូ​ធ្វើ​បាន​ជាង ១៧​គីឡូម៉ែត្រ។ ប៉ុន្តែ​ផ្លូវ​ខ្លះ​ក្នុង​ចំណោម​នោះ នឹង​ត្រូវ​ជួសជុល ឬ​ធ្វើ​ឡើង​វិញ ព្រោះ​វា​ខូច​ដោយសារ​មាន​រថយន្ត​ដឹក​ថ្ម និង​ដី​ជាច្រើន​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ​បើក​កាត់​ផ្លូវ​មុខ​ផ្ទះ​អ្នក​ភូមិ​បង្ក​ឲ្យ​ផ្លូវ​ខូច និង​ហុយ​ដី​ប៉ះពាល់​ពលរដ្ឋ។

ចំណែក​ជំទប់​ទី​២ ឃុំ​ស្រែថ្មី មក​ពី​គណបក្ស​ប្រឆាំង លោក ផង់ ផាត ថ្លែង​ថា បើ​ពលរដ្ឋ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​លើ​រូប​លោក ហើយ​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ លោក​នឹង​មាន​ឱកាស​ធ្វើ​ជា​មេ​ឃុំ ព្រោះ​លោក​បាន​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ខាង​មុខ​នេះ។ ទិសដៅ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​លោក ក៏​មិន​ខុស​ពី​លោក​មេ​ឃុំ​ប៉ុន្មាន​ដែរ៖ « បើ​ខ្ញុំ​ជាប់​ជា​មេ​ឃុំ ខ្ញុំ​នឹង​ប្រឹងប្រែង​ជួយ​ប្រជាពលរដ្ឋ ទំនាក់ទំនង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ម៉េច​តាម​តម្រូវការ​របស់​ពលរដ្ឋ។ តម្រូវការ​ដូច​ថា​ផ្លូវ​ថ្នល់ អ៊ីចឹង​វា​អត់​ទាន់​គ្រប់​ពេញ​លក្ខណៈ​ទេ »

លោក​បន្ថែម​ថា ការ​អភិវឌ្ឍ​ក្នុង​ឃុំ​ស្រែថ្មី ភាគច្រើន​គឺ​លើ​ផ្លូវ​ថ្នល់ ចំណែក​ការ​ថែទាំ​ផ្លូវ​ដែល​បាន​ធ្វើ​រួច​នៅ​មាន​កម្រិត ហើយ​មាន​ពលរដ្ឋ ៣០% ទៅ ៤០% មិន​ទាន់​ពេញ​ចិត្ត​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ។

ឃុំ​ស្រែថ្មី មាន​ទឹក​ដី​រដ្ឋបាល​ជាប់​ក្រុង​កំពង់ឆ្នាំង ឋិត​នៅ​ភាគ​ខាង​លិច។ ឃុំ​នេះ​មាន​ភូមិ​ចំណុះ​ចំនួន ១២​ភូមិ មាន​ពលរដ្ឋ​រស់នៅ​ជាង ១​ម៉ឺន​នាក់។ កាល​ពី​អាណត្តិ​ទី​៣ ក្រុមប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​ទាំងអស់​មាន​ចំនួន ៧​រូប ក្នុង​នោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦​រូប និង​គណបក្ស សម រង្ស៊ី ១​រូប។ សម្រាប់​ការ​ប្រកួត​ប្រជែង​ឆ្នាំ​២០១៧ ខាង​មុខ មាន​បី​គណបក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ។ ឃុំ​នេះ​មាន​ពលរដ្ឋ​ភាគច្រើន​ប្រកប​មុខ​របរ​ធ្វើ​ស្រែ ឡើង​ត្នោត និង​ផលិត​សម្ភារ​ប្រើប្រាស់ ឬ​វត្ថុ​អនុស្សាវរីយ៍​ពី​ដី​ឥដ្ឋ។ បច្ចុប្បន្ន អ្នក​ភូមិ​កំពុង​រង​ផល​ប៉ះពាល់​ដោយ​ធូលី​ដី​ហុយ និង​សំឡេង​រំខាន​ដោយ​ឡាន​ដឹក​ថ្ម និង​ដឹក​ដី​ឆ្លង​កាត់​ភូមិ ព្រម​ទាំង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ត្រពាំងស្បូវ ឃុំ​ស្រែថ្មី លោកស្រី សួង រី មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​ហើយ​ដែល​អាជ្ញាធរ​បាន​សន្យា​ថា នឹង​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ជូន​ពលរដ្ឋ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​រងគ្រោះ​ដោយសារ​ធូលី​ដី​ហុយ​ពី​ផ្លូវ​ក្រួស​ក្រហម​នៅ​ពេល​ឡាន​បើក​កាត់​ម្ដង។ លោកស្រី​សង្ឃឹម​ថា ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​អាណត្តិ​ក្រោយៗ នឹង​លឿន​ជាង​ការ​អភិវឌ្ឍ​បច្ចុប្បន្ន ព្រោះ​ស្ថានភាព​ពលរដ្ឋ​កាន់​តែ​លំបាក៖ « ចង់​ឲ្យ​គេ​ធ្វើ​បាន​ស្រូត ឲ្យ​បាត់​ហុយ​ថា​ធ្វើ​ឲ្យៗ ឥឡូវ​រយាក​យូរ​ឆ្នាំ​ហើយ វា​អត់​បាន​ស្រេច​សោះ ហើយ​ដឹក​មួយ​ថ្ងៃៗ​ទាំង​យប់​ទាំង​ថ្ងៃ​លស់​ថ្ងៃ​តិច​ណាស់។ ខែ​ប្រាំង​ហុយ​មែន​ទែន ខែ​ប្រាំង ខែ​វស្សា​មិន​សូវ​ហុយ​ទេ តែ​វា​បែក​ភក់ »

ចំណែក​បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​ក្រោម​ផ្ទះ​ហូប​បាយ​ក្បែរ​ថ្នល់ លោក ទឹម ធី ត្អូញត្អែរ​ថា ថ្ងៃ​ខ្លះ​ឡាន​បែន​ដឹក​ដី និង​ដឹក​ថ្ម​ចំណុះ ៥​តោន បើក​កាត់​ភូមិ​បន្ត​កន្ទុយ​គ្នា​តាំង​ពី​ព្រឹក​រហូត​ដល់​យប់។ លោក​ថា រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ឡាន​បើក​ដឹក​ដី និង​ថ្ម​កាត់​ភូមិ​កាន់​តែ​ច្រើន ហើយ​អ្នក​ភូមិ​ដាក់​បារាស​កាត់​ផ្លូវ​កុំ​ឲ្យ​បើក​លឿន​បង្ក​ឲ្យ​ហុយ​ខ្លាំង ប៉ុន្តែ​ឡាន​បើក​បុក​បារាស​ទៀត៖ « ហុយៗ​លែង​និយាយ​ហើយ​បង ! អ្នក​ឡាន​ប្រាប់​គេ​ឲ្យ​បាញ់​ទឹក​គេ​អត់​បាញ់​ឲ្យ​ទេ។ មិន​ដឹង​ក្រុមហ៊ុន​ហ្នឹង​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច ? ខ្ញុំ​សំណូមពរ​ឲ្យ​បង​បាន​ចុះ​មក​ដល់​ភូមិ​ត្រពាំងស្បូវ នេះ​ហើយ បង​ជួយ​ប្រាប់​គេ​ឲ្យ​ផង ព្រោះ​វា​ហុយៗ​លែង​និយាយ​កើត​ហើយ បើ​ហូប​បាយ​ក៏​ហូប​មិន​ចង់​កើត​ដែរ »

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​ត្រូវ​មាន​ភាព​ឆ្លាតវៃ​បី​សំខាន់ គឺ​ទី​មួយ ត្រូវ​មើល​ទៅ​លើ​បុគ្គលិក​លក្ខណៈ​របស់​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេ​ឃុំ។ ទី​ពីរ ត្រូវ​ពិនិត្យ​មើល​លើ​គោល​នយោបាយ​របស់​បក្ស​នីមួយៗ និង​ទី​៣ ត្រូវ​ថ្លឹងថ្លែង​ចំពោះ​សម្ដី ឬ​ការ​សន្យា​របស់​អ្នក​នយោបាយ​ថា​នឹង​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ថា​តើ​អាច​ទៅ​រួច ឬ​អត់?៖ « ខ្ញុំ​មិន​និយាយ​ទៅ​ប៉ះពាល់​គណបក្ស​នយោបាយ​ណា​មួយ​ទេ ប៉ុន្តែ​យើង​មើល​ក្នុង​គោល​នយោបាយ​ក្នុង​ការ​សន្យា​ដែល​ថា ឲ្យ​ខ្ញុំ​ជាប់​ខ្ញុំ​នឹង​ដោះ​បំណុល ឬ​ខ្ញុំ​ជាប់​នឹង​ធ្វើ​ស្អី​ដែល​វា​ជា​លក្ខណៈ​មួយ​ហួស​ហេតុ​ពេក អា​ហ្នឹង​ប្រជាពលរដ្ឋ​យើង​ត្រូវ​តាមដាន​មើល​ដែរ​ណា »

លោក សាវាង្ស ថា​លោក​មិន​បាន​តាមដាន​ប្រសិទ្ធភាព​ការងារ​របស់​មេ​ឃុំ ឬ​ជំទប់​ឃុំ​ក្រោយ​ជាប់​ឆ្នោត ថា​តើ​បាន​អនុវត្ត​ការងារ​តាម​កិច្ចសន្យា​បាន​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​អាច​មើល​ឃើញ​ពី​ភាព​ប្រែប្រួល​នៃ​ការ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផ្ទាល់។ ជោគវាសនា​ប្រទេស​ជាតិ ឬ​ការ​អភិវឌ្ឍ​ភូមិ-ឃុំ​បាន​ច្រើន​កម្រិត​ណា អាស្រ័យ​លើ​ថ្នាក់​ដឹកនាំ​ដែល​ពលរដ្ឋ​បាន​ផ្ដល់​សំឡេង​គាំទ្រ​រយៈពេល ៥​ឆ្នាំ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។