មេ​ឃុំ​នៅ​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​រំលោភ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់

0:00 / 0:00

បេក្ខនារី​លេខ​រៀង​ទី​២​នៃ​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស សម រង្ស៊ី ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ចោទ​ប្រកាន់​មេ​ឃុំ​សំអាង ថា​រំលោភ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់។ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​ឃុំ​សំអាង លោក ញៀន ថុន បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នើសុំ​ជ្រើស​រើស​បេក្ខនារី​លេខ​រៀង​បន្ទាប់​ក្នុង​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត នៃ​គណបក្ស សម រង្ស៊ី ដើម្បី​បន្ត​តំណែង​ជំទប់​ទី​២​ដែល​ត្រូវ​បាត់​បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​ធ្វើ​លិខិត​បញ្ចប់​សមាជិកភាព​ជំទប់​ទី​ពីរ​ឃុំ​សំអាង គឺ​លោក ដន ចន ពី​គណបក្ស សម រង្ស៊ី។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា មន្ត្រី​គណបក្ស សម រង្ស៊ី បាន​រៀបចំ​លិខិត​ស្នើសុំ​ទៅ​មេ​ឃុំ ដើម្បី​រៀបចំ​ឯកសារ​ទៅ​ក្រសួង​មហាផ្ទៃ តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រុក​ខេត្ត ដើម្បី​ផ្លាស់​ប្ដូរ​បេក្ខនារី​លេខ​រៀង​ទី​ពីរ​ជំនួស​ជំទប់​ទី​២ ដែល​បាន​ដក​សមាជិកភាព​ពី​គណបក្ស។

បេក្ខនារី​លេខ​រៀង​ទី​ពីរ​គណបក្ស សម រង្ស៊ី លោកស្រី ម៉ាន អុន អះអាង​ថា បាន​រៀបចំ​ឯកសារ​ដាក់​ជូន​មេ​ឃុំ​ទាក់ទិន​សំណើ​ផ្លាស់​ប្ដូរ​នេះ ក៏ប៉ុន្តែ​មេ​ឃុំ​មិន​ព្រម​ចុះ​ហត្ថលេខា​តាម​ពេល​កំណត់ ហើយ​ទាមទារ​ឯកសារ​ផ្សេង​ទៀត​ផ្ទុយ​ទៅ​នឹង​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​បាន​កំណត់។ លោកស្រី​បន្ត​ថា នេះ​គឺ​ជា​ចេតនា​រាំង​ស្ទះ​ការ​បំពេញ​តួនាទី និង​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គណបក្ស សម រង្ស៊ី ពី​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា៖ «ចា៎! គេ​ដក​ចេញ​ពី​បក្ស​ហើយ ប៉ុន្តែ​គាត់​មេ​ឃុំ​អត់​ទាន់​ឲ្យ​គាត់​ចេញ​ទេ ទាល់​តែ ដន ចន ហ្នឹង​គាត់​ធ្វើ​សំបុត្រ​លា​លែង បាន​គេ​អាច​ដក​បាន​ថា​អ៊ីចេះ។ គេ​អត់​ស៊ីញេ​វាយ​ត្រា​ឲ្យ មេ​ឃុំ​មិន​ដឹង​គេ​កើត​ស្អី​គេ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​សំអាង លោក ញៀន ថុន បញ្ជាក់​ថា លោក​មិន​បាន​បដិសេធ​មិន​ចុះ​ហត្ថលេខា​នោះ​ទេ ប៉ុន្តែ​លោក​ណែនាំ​ឲ្យ​មន្ត្រី​គណបក្ស សម រង្ស៊ី បញ្ចូល​កំណត់​ហេតុ​ស្តី​ពី​មូលហេតុ​នៃ​ការ​បញ្ចប់​សមាជិកភាព​របស់ លោក ដន ចន បន្ថែម​ទៀត មុន​នឹង​ក្រុមប្រឹក្សា​ឃុំ​ប្រជុំ និង​ធ្វើ​របាយការណ៍​ករណី​នេះ​ជូន​ទៅ​អាជ្ញាធរ​ស្រុក​ខេត្ត។ យ៉ាង​ណា លោក​អះអាង​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​សំអាង បើក​កិច្ច​ប្រជុំ​ករណី​នេះ​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា៖ «ទទួល​លិខិត​តែ​ពីរ​ច្បាប់​ទេ។ លិខិត​ទី​១ បណ្ដេញ និង​លិខិត​ប្ដូរ។ លិខិត​បញ្ជី​រាយ​នាម​របស់​គណបក្ស គឺ​គាត់​មាន​ហើយ តែ​គាត់​នៅ​ខ្វះ​លិខិត​កំណត់​ហេតុ​ប្រជុំ​គណបក្ស គាត់​អត់​មាន។ ទី​ពីរ មក​ទៀត គឺ​ខ្ញុំ​ប្រជុំ​ក្រុមប្រឹក្សា​ឃុំ​មិន​ទាន់ ពីព្រោះ​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៨ នេះ​ទើប​នឹង​ច្បាប់​ផ្ដើម​ប្រជុំ​ទេ»

ទាក់ទង​ករណី​នេះ​ដែរ មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មការ​សង្កេត​ការណ៍ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា ចាត់​ទុក​ការ​ទាមទារ​របស់​មេ​ឃុំ​សំអាង ថា​ជា​ការ​ធ្វើ​ផ្ទុយ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់។ លោក​បន្ត​ថា លិខិត​ដក​ហូត​សមាជិកភាព​ជំទប់​ទី​២ លោក ដន ចន គឺ​ជា​ឯកសារ​គ្រប់គ្រាន់​សម្រាប់​បំពេញ​ឯកសារ​ទៅ​ក្រសួង​មហាផ្ទៃ ប្ដូរ​បេក្ខជន​លំដាប់​លេខ​រៀង​បន្ទាប់​មក​ជំនួស៖ «សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ណា​មួយ​បាត់​បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ អ៊ីចឹង​បេក្ខជន​នៅ​លេខ​រៀង​បន្ទាប់​ត្រូវ​មក​ជំនួស​បេក្ខជន​ហ្នឹង។ អ៊ីចឹង​បញ្ញត្តិ​ហ្នឹង​បាន​ចែង​ច្បាស់​ហើយ បើ​យើង​មើល​ទៅ​លើ​ស្មារតី​នៃ​ច្បាប់​ហ្នឹង បើ​សិន​គាត់​អត់​ព្រម​ធ្វើ​អ៊ីចឹង គឺ​គាត់​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​មាត្រា​ទី​១៣ ចែង​ថា កាល​បើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ណា​ម្នាក់​ត្រូវ​បាត់​បង់​សមាជិកភាព ត្រូវ​ជ្រើស​រើស​បេក្ខជន​ដែល​មាន​ឈ្មោះ​បន្ទាប់​តាម​លេខ​រៀង​ក្នុង​បញ្ជី​បេក្ខជន មក​ជំនួស​ដោយ​មិន​ចាំបាច់​បោះ​ឆ្នោត​ឡើង​វិញ​ឡើយ។

សេចក្តី​រាយការណ៍​របស់​មន្ត្រី​គណបក្ស សម រង្ស៊ី នៅ​រសៀល​ថ្ងៃ​ដដែល​នេះ មេ​ឃុំ​សំអាង បាន​ចុះ​ហត្ថលេខា​បញ្ជូន​ឯកសារ​ប្ដូរ​សមាសភាព​ជំទប់​ទី​២ គណបក្ស សម រង្ស៊ី រួច​រាល់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។