អាជ្ញាធរ​មាន​សមត្ថកិច្ច​រង​ការ​រិះគន់​ថា​អនុវត្ត​ការ​ចាប់​ខ្លួន​អ្នក​គំរាម​សម្លាប់​មិន​តម្លាភាព

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​សមត្ថកិច្ច​ថា ចាត់​វិធានការ​បាន​លើ​តែ​អ្នក​ដែល​គំរាម​សម្លាប់​មន្ត្រី​រដ្ឋាភិបាល ប៉ុន្តែ​អ្នក​គំរាម​សម្លាប់​មន្ត្រី​បក្ស​ប្រឆាំង​មិន​ឃើញ​មាន​ចំណាត​ការ ឬ​ការ​ស៊ើប​អង្កេត​​ច្បាស់លាស់​ឡើយ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា ការ​អនុវត្ត​ការងារ​របស់​សមត្ថកិច្ច​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ហើយ​សមត្ថកិច្ច​នៅ​តែ​បន្ត​តាមដាន​លើ​រឿង​នេះ​ដដែល។

ការ​រិះគន់​នេះ ខណៈ​ដែល​អ្នក​គំរាម​សម្លាប់​អនុ​ប្រធាន​រដ្ឋសភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​ហ្វេសប៊ុក (Facebook) ជិត ២​ឆ្នាំ​ទៅ​ហើយ អ្នក​គំរាម​នោះ​នៅ​តែ​មាន​សេរីភាព គ្មាន​ការ​ចោទ​ប្រកាន់ ឬ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ឡើយ។ ប៉ុន្តែ​អ្នក​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន ក្រោយ​ពេល​គំរាម​មិន​ដល់ ១០​ថ្ងៃ​ផង។

អនុ​ប្រធាន​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​របស់​ក្រុម​មេធាវី​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា និយាយ​ថា សមត្ថកិច្ច​កម្ពុជា សព្វថ្ងៃ​អនុវត្ត​ការងារ​បែងចែក​ជា​ពីរ គឺ​ក្រុម​រស់​នៅ​លើ​ច្បាប់ និង​ក្រុម​រស់​នៅ​ក្រោម​ច្បាប់។ លោក​ថា ប្រសិនបើ​ក្រុម​រស់​នៅ​លើ​ច្បាប់​ធ្វើ​ខុស​យ៉ាង​ណា​ក៏​មិន​ងាយ​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ដដែល​ស្នើ​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ការងារ​តាម​ច្បាប់ និង​មិន​រង់ចាំ​ទទួល​បទបញ្ជា​តែ​ពី​ថ្នាក់​លើ ឬ​ពី​នាយករដ្ឋមន្ត្រី​ទើប​ចាំ​ធ្វើ​នោះ​ទេ៖ «សមត្ថកិច្ច​ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​ដឹង​ពិត​ប្រាកដ​ថា គណនេយ្យ​ហ្នឹង​ក្លែងក្លាយ ឬ​ពិត​ប្រាកដ ហើយ​បើ​ក្លែងក្លាយ​ជា​របស់​នរណា?»

កម្លាំង​សមត្ថកិច្ច​នគរបាល​កម្ពុជា បាន​ចាប់​ជនសង្ស័យ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច តាម​ហ្វេសប៊ុក ឈ្មោះ ផង់ សីហា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​កញ្ញា ក្នុង​ពេល​ជន​រូប​នេះ ឆ្លងដែន​ពី​ទឹក​ដី​ថៃ មក​កម្ពុជា តាម​ច្រក​ព្រំដែន​ប៉ាយប៉ែត។ ​ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​ជនសង្ស័យ​បង្ហោះ​រូប​កាំភ្លើង និង​សរសេរ​គំរាម​សម្លាប់ លោក សុខ ទូច ដោយ​ចោទ​ប្រកាន់​ថា លោក​លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។

កម្លាំង​សមត្ថកិច្ច​នគរបាល​កម្ពុជា បាន​ចាប់​ជនសង្ស័យ​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច តាម​ហ្វេសប៊ុក ឈ្មោះ ផង់ សីហា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​កញ្ញា ក្នុង​ពេល​ជន​រូប​នេះ​ឆ្លង​ដែន​ពី​ទឹកដី​ថៃ មក​កម្ពុជា តាម​ច្រក​ព្រំដែន​ប៉ាយប៉ែត។

ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​ជនសង្ស័យ​បង្ហោះ​រូប​កាំភ្លើង និង​សរសេរ​គំរាម​សម្លាប់ លោក សុខ ទូច ដោយ​ចោទ​ប្រកាន់​ថា លោក​លក់​ក្បាល​ឲ្យ​វៀតណាម ក្នុង​រឿង​ព្រំដែន។

រឿង​ស្រដៀង​គ្នា​នេះ​ដែរ កាល​ពី​ឆ្នាំ​២០១៣ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បុរស​ម្នាក់​ពាក់​ស័ក្ដិ​ជា​ប៉ូលិស មាន​ឈ្មោះ​ថា ផែង វណ្ណៈ បាន​បង្ហោះ​រូប​កាំភ្លើង​ខ្លី មាន​គ្រាប់​កាំភ្លើង​ចំនួន ៧​គ្រាប់ និង​សរសេរ​ថា ទុក ៧​គ្រាប់​ឲ្យ​លោក កឹម សុខា គ្រាប់​ទី​១ បាញ់​ដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​ដៃ​ស្តាំ គ្រាប់​ទី​៣ បាញ់​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​ជើង​ស្តាំ គ្រាប់​ទី​៥ បាញ់​ចំ​ពោះ គ្រាប់​ទី​៦ បាញ់​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឲ្យ​ចំក្បាល លោក កឹម សុខា។

​ទោះ​ជា​នៅ​ពេល​នោះ លោក កឹម សុខា ស្វះស្វែង​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក្តី ប៉ុន្តែ​គ្រាន់តែ​បុរស​អះអាង​ថា គណនេយ្យ​ហ្វេសប៊ុក​នោះ មិន​មែន​ជា​របស់​ខ្លួន សមត្ថកិច្ច​ក៏​ពុំបាន​បង្ហាញ​ចំណាត់​ការ​អ្វី​បន្ថែម​លើ​រូប​លោក ផែង វណ្ណៈ ទោះ​ជា​គេ​ដឹង​ថា លោក ផែង វណ្ណៈ ជា​មន្ត្រី​នគរបាល​នៅ​ក្រសួង​មហាផ្ទៃ ក្ដី។

ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ មាត្រា​២៣៣ ចែង​ថា ជន​ណា​គំរាម​សម្លាប់​អ្នក​ដទៃ​ប្រឈម​ជាប់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៤​លាន​រៀល។

​ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា បុរស​ដែល​ព្រមាន​សម្លាប់​លោក​បណ្ឌិត សុខ ទូច ប្រសិនបើ​តុលាការ​រក​ឃើញ​ថា បុរស​នោះ​គ្មាន​កាំភ្លើង ដោយ​​គ្រាន់តែ​បង្ហោះ​រូប​កាំភ្លើង តុលាការ​អាច​បន្ធូរបន្ថយ​ទោស។ ផ្ទុយ​ទៅ​វិញ លោក​មេធាវី​ថា ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​ស្រ័យ​លើ​ឆន្ទៈ​របស់​ចៅក្រម៖ «ក្នុង​ច្បាប់​យើង​ប្រសិន​ទោស​ជាប់​ពន្ធនាគារ​ក្រោម ៣​ឆ្នាំ គេ​អាច​ឲ្យ​ធ្វើ​ការងារ​សហគមន៍ ឬ​ព្រមាន​អី​បាន ប៉ុន្តែ​គេ​មិន​សម្រាលទោស​ឲ្យ​ជាប់​ពន្ធនាគារ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា។ ទោះ​បែប​នេះ​ក្តី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​អះអាង​ថា សមត្ថកិច្ច​នៅ​តាម​ដាន​រាល់​សកម្មភាព​បុគ្គល​ដែល​គំរាម​សម្លាប់​លោក កឹម សុខា ដដែល។

លោក​បន្ត​ថា សមត្ថកិច្ច​មិន​ធ្វើ​ការ​ប្រកាន់​និន្នាការ​នយោបាយ ឬ​បុគ្គល​ណា​នោះ​ទេ៖ «មិនមែន​សមត្ថកិច្ច​មិន​បើក​ការ​ស៊ើប​អង្កេត​ទេ នេះ​ជា​ការងារ​សម្ងាត់​របស់​សមត្ថកិច្ច»

ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ និយាយ​ថា យុត្តិធម៌​មិន​អាច​ផ្តល់​ឲ្យ​បាន​ទៅ​បុគ្គល​គ្រប់​រូប​ឡើយ។ លោក​បន្ថែម​ថា ប្រសិន​ករណី​ឃាតកម្ម​នយោបាយ​កើត​ឡើង​លើ​សកម្មជន ឬ​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង សមត្ថកិច្ច​រក​មុខ​ឃាតក​មិន​ដែល​ឃើញ​ទេ៖ «ចំណាត់ការ​របស់​សមត្ថកិច្ច បង្ហាញ​អសមត្ថភាព​ផង បង្ហាញ​ការ​រើសអើង​ផង សូម្បី​តែ​បទល្មើស​ឧក្រិដ្ឋ​សម្លាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង សមត្ថកិច្ច​រក​មិន​ឃើញ​ឃាតក​ផង»

ខណៈ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ឡើង​កម្ដៅ​ជា​ថ្មី មន្ត្រី​រដ្ឋាភិបាល​ដែល​គេ​គំរាម​សម្លាប់​តាម​ហ្វេសប៊ុក ក្រៅ​ពី​លោក​បណ្ឌិត សុខ ទូច ក៏​មាន​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន អ្នកស្រី កុយ ពិសី។ ប៉ុន្តែ សមត្ថកិច្ច​មិន​ទាន់​វែក​មុខ​ជន​ដែល​គំរាម​សម្លាប់​អ្នកស្រី កុយ ពិសី ឃើញ​នៅ​ឡើយ​ទេ។

នៅ​រយៈពេល​ចុង​ក្រោយ​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​យុវជន​ពីរ​នាក់​ហើយ ក្រោយ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក ម្នាក់​ឈ្មោះ គង់ រ៉ាយា ឈ្មោះ​ក្រៅ​ហៅ សុរិយា កូកូ ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​យុវជន​រូប​នេះ​បង្ហោះ​សារ​ប៉ុនប៉ង​បង្កើត​បដិវត្ត​ពណ៌ និង​យុវជន ផង់ សីហា ដែល​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច។

​ដោយ​ឡែក​ចំពោះ​អ្នក​សារព័ត៌មាន​មនសិការ​ខ្មែរ លោក ឃឹម សំបូរ ដែល​គេ​ដឹង​ថា កាសែត​នេះ​គាំទ្រ​បក្ស​ប្រឆាំង និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ព្រៃឈើ​ដទៃ​ទៀត មក​ទល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ឃាតក​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។