ការ​បារម្ភ​ពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​អាច​ត្រៀម​ប្រើ​កម្លាំង​យោធា​ពេល​បោះឆ្នោត

ដោយ មាន ឫទ្ធិ
2017.03.17
មាស នី ៨៥៥ ២០១៧ អ្នក​វិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧។ RFA
Photo: RFA

ខណៈ​ដែល​ការ​បោះឆ្នោត​ឃុំ-​សង្កាត់ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ និង​២០១៨ កាន់​តែ​ខិត​ជិត​មក​ដល់ ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត និង​អ្នក​តាមដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​លទ្ធភាព​ដែល​រដ្ឋាភិបាល​អាច​ត្រៀម​ប្រើប្រាស់​កម្លាំង​យោធា​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ​នេះ។ ពួកគេ​ថា ការ​ធ្វើ​យោធូបនីយកម្ម​ណា​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ គឺ​ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​ដល់​ដំណើរ​ការ​បោះឆ្នោត និង​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ។ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ថា ការ​ត្រៀម​ដាក់​កម្លាំង​ប្រដាប់​អាវុធ​នេះ​គឺ​ដើម្បី​ធានា​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​ប្រកប​ដោយ​ប្រជាធិបតេយ្យ ត្រឹមត្រូវ សេរី និង​យុត្តិធម៌​តែប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​កាត់​ថា និចហ្វិក (NICFEC) ឬ​ហៅ​ថា គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក សំ គន្ធាមី ថ្លែង​ថា ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ចង់​ឃើញ​ដំណើរការ​បោះឆ្នោត​មួយ​ដែល​មាន​សភាព​ស្ងប់ស្ងាត់​ល្អ ប្រកប​ដោយ​សន្តិភាព និង​ពុំ​មាន​ការ​គំរាមកំហែង ឬ​បំភិតបំភ័យ​ណា​មួយ​តាម​រយៈ​ការ​សម្ញែង​កម្លាំង​យោធា​នៅ​តាម​កន្លែង​សាធារណៈ។

លោក សំ គន្ធាមី៖ «បើ​សិន​ជា​មាន​ចលនា​ចល័ត​ទ័ព​ក្នុង​រយៈពេល... យើង​មាន​ការ​ព្រួយ​បារម្ភ។ បើសិនជា​អត់​មាន​ទេ មាន​សភាព​ស្ងប់ស្ងាត់​ទេ វា​មិន​អី​ទេ។ មិន​ថា អ្នក​បោះ​ឆ្នោត​ក៏​មាន​ការ​បារម្ភ​ខ្លាច... ប៉ុន្តែ​ដំណើរ​ការ​ឥឡូវ​យើង​វា​ល្អ​ហើយ អត់​ទាន់​ឭ​ដំណឹង​ថា​មាន​ការ​ចល័ត​ទ័ព​អី​ទេ»

លោក សំ គន្ធាមី បញ្ជាក់​ទៀត​ថា អ្វី​ដែល​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ចង់​បាន​បំផុត​គឺ​ការ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើ​ភាព​គ្នា។ លោក​ស្នើ​ថា ភាគី​ទាំង​អស់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត គួរ​តែ​គោរព​លទ្ធផល​បោះឆ្នោត​ទាំង​អស់​គ្នា។

ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​សម្រេច​លុបចោល​សមយុទ្ធ​យោធា​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម​ជាមួយ​ប្រទេស​អូស្ត្រាលី ក្រោម​ហេតុផល​ថា ខ្លួន​កំពុង​ជាប់​រវល់​រៀបចំ​ការ​បោះឆ្នោត។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​កម្ពុជា សម្រេច​ចិត្ត​ក្រោម​ហេតុផល​យ៉ាង​ដូច្នេះ។ កាល​ពី​ដើម​ឆ្នាំ​២០១៧ នេះ កម្ពុជា​ក៏​បាន​សម្រេច​ចិត្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​លុប​ចោល​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ ក្រោម​ហេតុផល​ដដែល​នេះ។

ព្រឹត្តិការណ៍​ខាង​លើ​នេះ ហាក់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ជា​ថ្មី​អំពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​កំពុង​ត្រៀម​ប្រើប្រាស់​កម្លាំង​យោធា ឬ​ធ្វើ​យោធូបនីយកម្ម​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ​សម្រាប់​ស្ថានភាព​អាសន្ន​ណា​មួយ។

លោក​បណ្ឌិត ខាល ថៃយ័រ (Carlyle Thayer) សាស្ត្រាចារ្យ​កិត្តិយស​សភា​កងទ័ព​ការពារ​ជាតិ​អូស្ត្រាលី ធ្លាប់​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ពេល​ថ្មីៗ​នេះ​ថា ការ​សម្រេច​លុបចោល​សមយុទ្ធ​យោធា​នេះ គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​មូលហេតុ​ដែល​ថា រដ្ឋាភិបាល​កម្ពុជា របស់​លោក ហ៊ុន សែន កំពុង​កើត​ជំងឺ​សរសៃប្រសាទ ខ្លបខ្លាច​បរាជ័យ​ផ្នែក​នយោបាយ ខណៈ​ដែល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។

លោក​បណ្ឌិត ខាល ថៃយ័រ ក៏​បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា លោក ហ៊ុន សែន មិន​ចង់​ឲ្យ​មាន​វត្តមាន​មន្ត្រី​យោធា​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​ទាំង​នៅ​មុន និង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ ក៏​ដូចជា​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយសារ​តែ​លោក​ភ័យ​ខ្លាច​ថា កម្លាំង​យោធា​បរទេស​ទាំង​នោះ​អាច​ជាប់​ផុង ឬ​ជ្រៀតជ្រែក​ធ្វើ​ការ​អន្តរាគមន៍​ក្នុង​នយោបាយ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រការ​ណា​មួយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ត្រៀម​ប្រើ​កម្លាំង​យោធា​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពីរ គឺ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ។

លោក​ថា មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​ពេល​បោះ​ឆ្នោត​ខាង​មុខ៖ «ច្បាប់​បោះឆ្នោត​និយាយ​អំពី​ការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សម្រាប់​ការ​បោះ​ឆ្នោត។ អ៊ីចឹង គ.ជ.ប. បាន​ចុះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពីរ គឺ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ។ ដោយ​ឡែក​ការ​រៀបចំ​កម្លាំង​ដើម្បី​ការពារ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​ជា​តួនាទី​របស់​ខាង​ប៉ូលិស​ជំហាន​ដំបូង។ បើ​កម្លាំង​ប៉ូលិស​មិន​គ្រប់គ្រាន់​ទេ គឺ​ទៅ​យក​ខាង​ទាហាន ឬ​ប៉េអឹម​បន្ថែម​ទៀត។ អ៊ីចឹង​គឺ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ក្រសួង​ការពារ​ជាតិ ដែល​សម្រេច​ការ​លុប​ចោល​ការ​ធ្វើ​សម​យុទ្ធ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ»

យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត ហង្ស ពុទ្ធា ព្យាយាម​បដិសេធ​មិន​ឆ្លើយ​លម្អិត​អំពី​គម្រោង​ដាក់​ពង្រាយ​កម្លាំង​យោធា​នេះ​ទេ ថា​តើ​នឹង​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច​ខ្លះ​ទាំង​នៅ​មុន និង​នៅ​ក្រោយ​ការ​បោះឆ្នោត​ខាង​មុខ​នេះ។ លោក​គ្រាន់​តែ​បញ្ជាក់​ថា គ.ជ.ប កំពុង​តែ​ពិភាក្សា​ទៅ​លើ​ការ​កាត់​បន្ថយ​ចំនួន​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ចំណាប់​អារម្មណ៍ ឬ​ការ​ភ័យ​ខ្លាច​ណា​មួយ។ នៅ​ពេល​ដែល​ចោទ​សួរ​ថា ប្រសិនបើ​មាន​បាតុភាព​ដាក់​ពង្រាយ​សម្ញែង​កម្លាំង​យោធា ដូច​ព្រឹត្តិការណ៍​ក្រោយ​ការ​រាប់​សន្លឹក​ឆ្នោត​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ តើ គ.ជ.ប នឹង​ចាត់​វិធានការ​បែប​ណា​ខ្លះ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​គំរាម​កំហែង​នេះ លោក ហង្ស ពុទ្ធា គ្រាន់​តែ​ផ្ដល់​ចម្លើយ​យ៉ាង​ខ្លី​ថា ភាគី​ទាំង​បី ពោល​គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារ​ជាតិ និង គ.ជ.ប នឹង​អង្គុយ​ជុំ​គ្នា​ដើម្បី​ដោះស្រាយ​ទៅ​លើ​បាតុភាព​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​នេះ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រលយ​ពាក្យ​ថា លោក​នឹង​ប្រើប្រាស់​កម្លាំង​យោធា​ប្រសិនបើ​លោក​ចាញ់​ឆ្នោត៖ «មាន​អ្នក​ខ្លះ​ហ៊ាន​ទាំង​អះអាង​ថា ដល់​ឆ្នាំ​២០១៨ នឹង​ត្រូវ​បង្ក្រាប បង្ក្រាប​យើង​ទៅ​ទៀត ព្រោះ​យើង​អត់​ទទួល​លទ្ធផល​បោះ​ឆ្នោត។ វា​អាច​ទាយ​ដល់​ឆ្នាំ​២០១៨ វា​ថា អាច​ឈ្នះ ហើយ​បើ​មិន​ប្រគល់​អំណាច​វា​នឹង​បង្ក្រាប។ ហ៊ឹស! ទ័ព​នៅ​នឹង​ដៃ​អញ​សោះ! វា​ទៅ​រួច...»

ព្រម​ជាមួយ​គ្នា​នោះ​ដែរ នៅ​ក្នុង​ការ​បែក​ធ្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា ដែល​បាន​សន្ទនា​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៦ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ព្រមាន​លោក កឹម សុខា ថា លោក​មិន​ខ្លាច​អ្នក​ណា​ទាំង​អស់ រួម​ទាំង​សហរដ្ឋអាមេរិក ផង​ដែរ៖ «បើសិន​ថា ខា (កឹម សុខា) ឯង​នៅ​តែ​ភ្ជាប់​ខ្លួន គឺ ខា ឯង​ក៏​គ្រោះថ្នាក់​ដែរ។ ខ្ញុំ​អត់ កុំ​ថា ១ កុំ​ថា ២ សូម្បី ៥ ក៏​ខ្ញុំ​លេង​ដែរ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា... ហើយ​ខ្ញុំ​អត់​ខ្លាច​ទៀត ទោះ​បី​ថា អាមេរិក​លើក​ទ័ព​ចូល​ស្រុក​ខ្មែរ សាកល្បង​មើល៍​ទៅ! ខ្ញុំ​អត់​មាន​ត្រូវ​ការ​ខ្លាច​អ្នក​ណា​ទេ! បើ​ចង់​ប្រទេស​នេះ ចង់​កើត​មាន​សង្គ្រាម​ស៊ីវិល​ឡើង​វិញ ខ្ញុំ​ដាក់ ១​ចាន ឲ្យ​បោសសម្អាត​ឲ្យ​ស្អាត​តែម្ដង!»

​ក្រៅ​ពី​ការ​ព្រលយ​ពាក្យ​គំរាម​ប្រើ​កម្លាំង​យោធា​ពី​សំណាក់​លោក ហ៊ុន សែន ផ្ទាល់ សារ​បែក​ធ្លាយ​របស់​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នៅ​ពេល​ថ្មីៗ​នេះ ក៏​ហាក់​រឹតតែ​បាន​បញ្ជាក់​អំពី​ការ​ត្រៀម​ប្រើ​យុទ្ធសាស្ត្រ​បំភិតបំភ័យ​នៅ​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​នេះ​ដែរ។

នៅ​ក្នុង​សារ​ឆ្លើយឆ្លង (SMS) រវាង​លោក ចូសេហ្វ ម៉ាត់ស៊ូ (Joseph Matthews) ជនជាតិ​ប៉ាគីស្ថាន ជាមួយ​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត លោក ចូហ្វេស ម៉ាត់ស៊ូ នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៦ បាន​សរសេរ​សារ​ប្រាប់​លោក ហ៊ុន ម៉ាណែត អំពី​គម្រោង​សំណើ​យុទ្ធសាស្ត្រ​បោះ​ឆ្នោត៖ «ខ្ញុំ​បាន​សរសេរ​គម្រោង​សំណើ​ដែល​អាច​ក្លាយ​ជា​ឧបករណ៍​មួយ នៃ​យុទ្ធសាស្ត្រ​បោះឆ្នោត​ឆ្នាំ​២០១៧-​២០១៨។ គម្រោង​សំណើ​នេះ​មាន​ចំណង​ជើង​ថា របៀប​បង្កើន​ការ​ជួប​ទាក់ទង​ផ្ទាល់​របស់​សម្តេច​តេជោ​ជាមួយ​សហគមន៍​នៅ​តាម​តំបន់​ជនបទ តំបន់​ដែល​គ្មាន​ការ​អភិវឌ្ឍ និង​តំបន់​ដែល​គ្មាន​អ្នក​ណា​អាច​ទៅ​ដល់។ វា​ជា​សំណើ​ថ្មី តែ​អាច​អនុវត្ត​បាន​យ៉ាង​ពិត​ប្រាកដ។ ប្រសិនបើ​លោក​ចង់​បាន ខ្ញុំ​អាច​ផ្ញើ​អ៊ីមែល​ជូន​លោក​បាន ឬ​តាម​ការ​ស្នើ​សុំ​របស់​លោក»

បន្ថែម​ពី​លើ​នេះ នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ លោក ចូសេហ្វ ម៉ាត់ស៊ូ ក៏​បាន​សរសេរ​សារ​មួយ​ទៀត​ទៅ​លោក ហ៊ុន ម៉ាណែត អំពី​យុទ្ធវិធី​បំភិតបំភ័យ៖ «ខ្ញុំ​ទើប​តែ​បាន​ផ្ញើ​អ៊ីមែល​មួយ​អំពី​យុទ្ធវិធី​បែប​ចិត្តសាស្ត្រ កត្តា​បំភិតបំភ័យ! ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បោះឆ្នោត​របស់​យើង។ សូម​លោក​មេត្តា​ពិនិត្យ​មើល​អ៊ីមែល​របស់​លោក​ឥឡូវ​នេះ»

ការ​ព្រលយ​ពី​លទ្ធភាព​ប្រើ​កម្លាំង​យោធា និង​ការ​ត្រៀម​អនុវត្ត​យុទ្ធវិធី​ចិត្តសាស្ត្រ​បំភិតបំភ័យ​ខាង​លើ​នេះ ក៏​មិន​បាន​ធ្វើ​ឲ្យ​លោក​បណ្ឌិត មាស នី នៅ​សម្ងំ​ស្ងៀម​មិន​ព្រួយ​បារម្ភ​ទាល់តែសោះ​នោះ​ឡើយ។ លោក​ថ្លែង​ថា កងកម្លាំង​ប៉ូលិស​មាន​តួនាទី​សំខាន់​សម្រាប់​រៀបចំ​ជួយ​រក្សា​សណ្ដាប់ធ្នាប់​នៅ​ពេល​បោះឆ្នោត ហើយ​បើ​សិន​ជា​នៅ​ក្នុង​ប្រទេស ឬ​សង្គម​ណា​ដែល​អសន្តិសុខ ប៉ូលិស​អាច​ត្រូវ​អនុញ្ញាត​ឲ្យ​កាន់​អាវុធ​ប្រុងប្រៀប ក្រែង​លោ​មាន​អ្នក​មក​ឆាឆៅ​នៅ​កន្លែង​បោះ​ឆ្នោត។ ប៉ុន្តែ បើ​មិន​មាន​ស្ថានភាព​អ្វី​ចោទ​នោះ​ទេ ប៉ូលិស​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​កាន់​អាវុធ​នោះ​ទេ​។

​លោក មាស នី៖ «សម្រាប់​កង​យោធា​គឺ​មិន​មាន​តួនាទី​អី​ដើម្បី​យក​មក​ដាក់​ពង្រាយ​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ទេ។ គឺ​កង​យោធា​គេ​ដាក់​យក​ទៅ​ការពារ​នៅ​តាម​ព្រំប្រទល់ ឬ​ខ្សែ​ក្រវាត់ គឺ​គេ​មិន​យក​មក​ដាក់​ពង្រាយ​នៅ​តាម​មណ្ឌល​បោះឆ្នោត​ទេ។ ប៉ុន្តែ សម្រាប់​ការ​យក​កង​យោធា​មក​ប្រើ​ក្នុង​ការ​ដាក់​ពង្រាយ​នៅ​តាម​កន្លែង​​បោះ​ឆ្នោត​នោះ នេះ​គឺ​ជា​រឿង​មួយ​ដែល​ខុស​ពី​តួនាទី​ដើម​របស់​កង​យោធា​ហើយ»

ជាមួយ​គ្នា​នេះ​ដែរ លោក​បណ្ឌិត មាស នី ក៏​បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋាភិបាល ជាពិសេស​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក ដោយ​លោក​សង្កេត​ឃើញ​ថា មាន​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ក្លាយ​ជា​អភិបាល​ខែត្រ។ លោក​ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ចាប់​ផ្ដើម​ប្រើប្រាស់​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ទៅ​កាន់​កាប់​ប្រព័ន្ធ​រដ្ឋបាល​របស់​ប្រទេស​យ៉ាង​ដូច្នេះ?

យ៉ាងណាក៏ដោយ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បដិសេធ​ចំពោះ​ការ​ព្រួយ​បារម្ភ​ខាង​លើ​នេះ​របស់​ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត និង​អ្នក​វិភាគ​នយោបាយ​កម្ពុជា។ លោក​ថា ការ​ត្រៀម​ដាក់​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​បោះឆ្នោត​ខាង​មុខ​នេះ គឺ​រដ្ឋាភិបាល​ពុំ​មាន​ចេតនា​អាក្រក់​អ្វី​ទេ ពោល​គឺ​ដើម្បី​ធានា​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​ប្រកប​ដោយ​ប្រជាធិបតេយ្យ ត្រឹមត្រូវ សេរី និង​យុត្តិធម៌​ប៉ុណ្ណោះ។ លោក​ថា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈ​បញ្ជាការ​សន្តិសុខ​សម្រាប់​ធានា​ដល់​សុវត្ថិភាព​ដល់​ការ​បោះឆ្នោត​ដែល​ប្រជាពលរដ្ឋ ក៏​ដូចជា​សាធារណៈ​ជាតិ និង​អន្តរជាតិ​ចង់​បាន៖ «ការ​ប្រមូល​ផ្តុំ​កងកម្លាំង​ប្រដាប់​អាវុធ​នេះ គឺ​ថា ជា​ការ​ត្រៀម​រៀបចំ​កម្លាំង​ដើម្បី​ធានា​សុវត្ថិភាព​ដល់​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំង​អស់ ដែល​មាន​រហូត​ទៅ​ដល់​ជាង ២​ម៉ឺន​កន្លែង​ឯ​ណោះ។ អ៊ីចឹង​មិន​មែន​ជា​រឿង​ធម្មតា​ប៉ុន្មាន​ទេ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង ឲ្យ​អញ្ជើញ​ទៅ​ចូល​បោះឆ្នោត​ឲ្យ​បាន​រលូន​នេះ»

នៅ​អំឡុង​ការ​បោះឆ្នោត​សាកល​កាល​ពី​ឆ្នាំ​១៩៩៣ ដែល​មាន​អ៊ុនតាក់ ជា​អ្នក​មើល​ការ​ខុស​ត្រូវ និង​ត្រួត​ពិនិត្យ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ធ្លាប់​បាន​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​គំរាម​ធ្វើ​អបគមន៍​បំបែក​ខែត្រ​ទាំង​៧ នៅ​ភូមិ​ភាគ​បូព៌ា​ទន្លេ​មេគង្គ​ជា​រដ្ឋ​មួយ​ផ្សេង​ទៀត ជា​ថ្នូរ​នឹង​ការ​សម្រុះសម្រួល​ផ្នែក​នយោបាយ​ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​អាច​បន្ត​អំណាច​បាន។ ក្រៅ​ពី​នេះ​ក៏​មាន​ផង​ដែរ ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ខែ​កក្កដា ឆ្នាំ​១៩៩៧ និង​ការ​សម្ញែង​កម្លាំង និង​គ្រឿង​បរិក្ខារ​យោធា​ជា​សាធារណៈ​ក្នុង​ឆ្នាំ​២០១៣ ក្រោយ​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​មួយ​សន្ទុះ​ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​គណបក្ស​កាន់​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។