កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែលលទ្ធផលនៃកិច្ចប្រឹងប្រែងបញ្ចប់ជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃនៅកម្ពុជា នឹងមានអាយុ ២៥ឆ្នាំហើយនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ សន្ធិសញ្ញានេះ ពាំនាំនូវរបត់ថ្មីនៃនយោបាយកម្ពុជា ដែលផ្តល់តម្លៃដល់ការគោរពសិទ្ធិមនុស្សតាមរយៈការបោះឆ្នោតលើកដំបូង រៀបចំដោយអង្គការសហប្រជាជាតិ។ បើទោះជាយ៉ាងណា សន្និសីទអន្តរជាតិនៅរាជធានីភ្នំពេញ ថ្ងៃទី១៩ តុលា បង្ហាញថា ស្ថានភាពការគោរព និងអនុវត្តសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន កំពុងដើរថយក្រោយ។
មន្ត្រីជាន់ខ្ពស់នៃសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សជាតិ និងអន្តរជាតិ អះអាងថា បរិយាកាសសិទ្ធិមនុស្សនៅកម្ពុជា កំពុងតានតឹង និងធ្លាក់ចុះ។ ការលើកឡើងនេះ សំដៅលើការប្រើប្រាស់តុលាការ និងការបង្កើតច្បាប់ដើម្បីបំបិទសិទ្ធិ និងគំរាមកំហែងសង្គមស៊ីវិល សកម្មជន មេដឹកនាំសហគមន៍ ពលរដ្ឋ និងបក្សប្រឆាំង។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព កត់សម្គាល់ថា មន្ត្រីរបស់អង្គការការពារសិទ្ធិមនុស្សជាច្រើនរូប ដែលជាញឹកញយចេញការពារសំណុំរឿងទំនាស់ដីធ្លីរបស់ពលរដ្ឋ តំណាងសហគមន៍ដែលចេញតវ៉ាដើម្បីសិទ្ធិលំនៅឋាន ពលរដ្ឋដែលនិយាយបញ្ចេញមតិលើអ៊ីនធឺណិត សមាជិកបក្សប្រឆាំងដែលនិយាយរិះគន់ពីបន្ទាត់ព្រំដែន សកម្មជនបរិស្ថានដែលរារាំងទង្វើគំរាមកំហែងធនធានធម្មជាតិ ត្រូវតុលាការចាប់ខ្លួនបញ្ជូន និងកាត់ទោសឲ្យជាប់ពន្ធនាគារ ដែលអ្នកជំនាញផ្នែកច្បាប់ បញ្ជាក់ថា នីតិវិធីរបស់តុលាការធ្វើផ្ទុយពីច្បាប់។ ចំណែកអ្នកវិភាគដែលហ៊ានរិះគន់ជំងឺសង្គមដោយចំៗ ត្រូវគេបាញ់សម្លាប់កណ្ដាលទីក្រុង។
បន្ថែមពីលើនេះ អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រូបឺតសុន (Phil Robertson) បន្ថែមថា ការអនុម័តច្បាប់អង្គការសង្គមស៊ីវិល ច្បាប់សហជីព ហើយសេចក្តីព្រាងស្ដីពីច្បាប់ប្រឆាំងឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត ជាការរឹតត្បិត និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ ដែលសិទ្ធិសេរីភាពនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ហើយលោកមើលឃើញពីគម្លាតនៃការសន្យា និងការអនុវត្តដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បញ្ជាក់ថា កម្ពុជា កំពុងប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស។
អតីតអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីរិះគន់រដ្ឋាភិបាល គឺលោក យ៉ាស់ហ៍ ហ្គាយ (Yash Ghai) បានផ្ញើសារជូនសន្និសីទអន្តរជាតិនៅថ្ងៃទី១៩ តុលា ដោយស្នើរដ្ឋាភិបាលឆ្លុះបញ្ចាំងពីភាពអវិជ្ជមានដែលកំពុងកើតមាន ដើម្បីរក្សានូវតម្លៃរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកស្នើឲ្យមានការដោះលែងអ្នកទោសនយោបាយ និងបញ្ចប់ការចោទប្រកាន់ បញ្ឈប់ការវាយប្រហារលើសកម្មជនសិទ្ធិមនុស្ស បក្សប្រឆាំង និងធានាការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិឲ្យមានប្រសិទ្ធភាព។
លោក ហ្វីល រូបឺតសុន (Phil Robertson) ស្នើឲ្យរដ្ឋាភិបាលរក្សាសិទ្ធិសេរីភាពតវ៉ា សេរីភាពប្រមូលផ្ដុំដោយអហិង្សា សិទ្ធិបញ្ចេញមតិ និងបញ្ចប់វប្បធម៌និទ្ទណ្ឌភាព។
យ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង អះអាងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះបានបញ្ចាំងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា អស់ហើយ។ លោកស្នើកុំឲ្យយកបញ្ហា និងសភាពការណ៍នយោបាយ ទៅភ្ជាប់ជាមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ចំណែកលោក យ៉ាស់ហ៍ ហ្គាយ (Yash Ghai) ក៏អំពាវនាវឲ្យប្រទេសហត្ថលេខីទាំង ១៨ប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បន្តឃ្លាំមើល និងបន្តផ្ដល់ជំនួយដល់ប្រទេសកម្ពុជា សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យកាន់តែមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។