កម្ពុជា​នឹង​វាយ​បក​ទៅ​ថៃ​វិញ​បើ​ថៃ​នៅ​បន្ត​កាត់​ទ្វារ​ដែក​ចូល​ប្រាសាទ​ព្រះវិហារ

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​នឹង​វាយ​បក​ទៅ​ភាគី​ថៃ​វិញ បើ​ថៃ​នៅតែ​បន្ត​រុល​ចូល​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ផ្ទុយ​នឹង​សាលដីកា​សម្រេច របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដូចជា​ករណី​ចូល​កាត់​សោ​ដែក​ទ្វារ​របង ច្រក​ចូល​ប្រាសាទ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ។

អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា នៅ​​វេលាថ្ងៃត្រង់ ថ្ងៃទី១៧ ធ្នូ កង​កម្លាំង​អង្គភាព​ឈុត​ខ្មៅ ប៉ារ៉ា នគរបាល និង​ពលរដ្ឋ​ស៊ីវិល​ថៃ​ ចំនួន ​១៩​នាក់ បាន​ចូល​មក​ថត និង​កាត់​សោរ​ទ្វារ​ដែក​ច្រក​ចេញ​ចូល​ប្រាសាទ​ព្រះវិហារ ហើយ​ដក​ថយ​ចូល​ក្នុង​ទឹកដី​ខ្លួន​វិញ។ ប៉ុន្តែ​ស្ថានការណ៍​នោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​រយៈពេល​១​ម៉ោង​ក្រោយ​មក។

លោក ផៃ ស៊ីផាន ចាត់​ទុក​សកម្មភាព​របស់​ថៃ ​នៅ​ពេល​នេះ ថាជា​ការ​មើល​ងាយ​ដល់​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ហៅ​កាត់​ថា អាយ.ស៊ី.ជេ (ICJ) ព្រោះ​តុលាការ​យុត្តិធម៌​នេះ​បាន​ហាម​ប្រាម​មិន​ឲ្យ​មាន​ចលនា​យោធា​នៅ​តំបន់​នោះ៖ «យើង​តតាំង និង​ចរចា​បណ្ដើរ ដើម្បី​អនុវត្ត​ពេញ​លេញ​នូវ​ការ​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នេះ​ទី១។ ទី២ ​យើង​មិន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ហ្នឹង ក្លាយ​ជា​សភាពការណ៍​អាក្រក់​នៅ​តំបន់​នោះ​ទេ ប៉ុន្តែ​មេបញ្ជាការ ​ ( លោក​ឧត្ដមសេនីយ៍​ឯក ស្រី ឌឹក ) ប្រាប់​ថា នឹង​ធ្វើ​ការ​វាយ​ប្រហារ បើ​​មាន​រឿង ( ចូល​កាត់​ទ្វារ​ដែក​ចេញ​ចូល​ប្រាសាទ​ព្រះវិហារ ) ​ នេះ​បន្ត​ទៀត»។​

លោក ផៃ ស៊ីផាន គូស​បញ្ជាក់​​បន្ត​ថា សកម្មភាព​របស់​ថៃ​នៅ​ពេល​នេះ មិន​ធំ​ដុំ​ទេ ប៉ុន្តែ​ប្រហែល​ជា​ថៃ ចង់​បង្កើត​បញ្ហា​នេះ ដើម្បី​អាច​ជជែក​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ថៃ​ ​នៅ​ថ្ងៃ​ទី​១៨ ធ្នូ។ លោក​ថាកាល​ពី​ពេល​កន្លង​មក ​ភាគី​ថៃ ​បាន​ស្នើ​សុំ​កម្ពុជា ​ជាច្រើន​ដង​ហើយ ដើម្បី​បើក​ច្រក​ចេញ​ចូល​ប្រាសាទ​ព្រះវិហារ​ ឡើង​វិញ។

ច្រក​ទ្វារ​ចេញចូល​ប្រាសាទ​ព្រះវិហារ ពី​ព្រំដែន​ថៃ ត្រូវបាន​បិទ​អស់​រយៈពេល ៧​ឆ្នាំ​ហើយ ចាប់​តាំង​ពី​ថៃ បាន​លើក​កងទ័ព​ច្រើន​រយ​នាក់​ចូល​លុក​លុយ​ទី​វត្ត​កែវសិក្ខាគីរីស្វារៈរបស់កម្ពុជា ដែល​មាន​ទីតាំង​ជាប់​​នឹង​​ប្រាសាទ​ព្រះវិហារ ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។