វេទិកា​រវាង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​និង​គណបក្ស​នយោបាយ​នៅ​ខេត្ត​ព្រះសីហនុ

ម្ចាស់​ឆ្នោត​ជាង ១.៣០០​នាក់ មក​ពី​ខេត្ត​ក្រុង​ចំនួន​៧ បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សមាជ​ប្រជាជន នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចោទ​សួរ​តំណាង​គណបក្ស​នយោបាយ​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​នេសាទ បញ្ហា​បាត់​បង់​មុខ​របរ បញ្ហា​សុំ​ដំឡើង​ប្រាក់​ខែ​ជាដើម ដែល​ជា​កង្វល់​របស់​ម្ចាស់​ឆ្នោត។
ដោយ អ៊ុក សាវបូរី
2013.06.20

ពួក​គេ​ស្នើសុំ​ឲ្យ​គណបក្ស​នយោបាយ​មាន​វត្តមាន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​នោះ ជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង នៅ​ក្រោយ​ជាប់​ឆ្នោត។

សមាជ​ប្រជាជន​ក្រោម​ប្រធាន​បទ​ស្ដីពី​ការ​ចូលរួម​ធ្វើ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា បាន​ប្រារព្ធ​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៩ ខែ​មិថុនា។

ក្នុង​សមាជ​នោះ មាន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​បាត់​បង់​ដីធ្លី ការ​បណ្ដេញ​ចេញ ការ​បាត់បង់​ចំណូល​ពី​របរ​នេសាទ របរ​ដឹក​ភ្ញៀវ​ទេសចរ ជាដើម បាន​បង្ហាញ​កង្វល់​របស់​គេ​ជូន​តំណាង​គណបក្ស​នយោបាយ​ចំនួន​៣ មាន​គណបក្ស​ប្រឆាំង និង​គណបក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល សុំ​ឲ្យ​ដោះស្រាយ​ក្រោយ​ចូល​កាន់​តំណែង។

ប្រជាពលរដ្ឋ​ជាង ១.៣០០​នាក់ មក​ពី​ច្រើន​សហគមន៍​នៃ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល តាកែវ កំពត កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ បាន​លើក​ពី​បញ្ហា​កង្វល់​នោះ។

លោក សុខុន តំណាង​សហគមន៍​ដីធ្លី​នៅ​ក្នុង​ឃុំ​រាម ខេត្ត​ព្រះសីហនុ ថ្លែង​ថា ដី​អ្នក​ភូមិ​កាន់​កាប់​ត្រូវ​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ឈ្មោះ យិ ជា ព័ទ្ធ​យក​ពី​ឆ្នាំ​២០០៤។ ពួក​គាត់​តវ៉ា​មិន​ឈ្នះ បាន​ធ្វើ​ឲ្យ​អ្នក​រងគ្រោះ​ដីធ្លី​ធ្លាក់​ខ្លួន​ក្រ រួច​ចំណាក​ស្រុក ព្រោះ​បាត់​បង់​ដី​កសិកម្ម។ បញ្ហា​នេះ គាត់​ចង់​ឲ្យ​តំណាង​គណបក្ស​នយោបាយ​បង្ហាញ​ជំហរ​ក្រោយ​ជាប់​ឆ្នោត អាច​ជួយ​ដោះស្រាយ​ដី​សហគមន៍​នៅ​ឃុំ​រាម បាន​ឬ​ទេ​៖ «ហើយ​ចិន អ្នក​ជីក​ព្រំ​កាត់​ឲ្យ។ គ្រាន់​តែ​បាន​ធ្វើ​ថ្នល់ ហើយ​និង​វា​យក​ឈើ​អារ កាត់​ឈើ​ហុប និង​អារ។ អារ​លាក់លៀម​តាម​ម្តុំៗ តាម​ព្រៃ​ហ្នឹង។ បើ​និយាយ​ទៅ វា​អត់​បាន​ធ្វើ​អី​ទេ និយាយ​ឲ្យ​ចំ វា​អត់​ទាន់​បាន​ធ្វើ​អី​សោះ ហើយ​វា​មក​ដាំ​ដូង​ប្រហែល​ជា ៣០០​ដើម នៅ​លើ​ដី​ស្រែ​ពួក​ខ្ញុំ​ហ្នឹង​ហ្មង ឈូស​ដី​ស្រែ​ពួក​ខ្ញុំ ដាំ​តែ​ម្តង»

តំណាង​ក្រុម​អ្នក​ដឹក​ភ្ញៀវ​ទេសចរ​ខេត្ត​ព្រះសីហនុ លោក អ៊ីម សារ៉េត ថ្លែង​ថា រដ្ឋាភិបាល​បាន​ផ្តាច់​ឆ្នាំង​បាយ​ពួក​គាត់ យក​ទៅ​ឲ្យ​ក្រុមហ៊ុន និង​អ្នក​មាន​លុយ ម៉ៅ​ផ្តាច់​ដឹក​ភ្ញៀវ ដែល​នាំ​ឲ្យ​ពួក​គាត់​ដាច់​មុខ​របរ។ ពួក​គាត់​កំពុង​សម្លឹង​មើល​គណបក្ស​ណា​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ឆ្នាំង​បាយ​ប្រជាពលរដ្ឋ​បាន នឹង​អាង​បោះឆ្នោត​ជូន​គណបក្ស​នោះ៖ «ពី​រឿង​ទុក្ខ​កង្វល់​របស់​ខាង​ខ្ញុំ​ហ្នឹង គឺ​រាជ​រដ្ឋាភិបាល គាត់​បណ្តោយ​ឲ្យ​ឈ្មួញ​ធំៗ​នោះ​គាត់​បើក​ម៉ូតូ​ជួល ម៉ូតូ​អី​ហ្នឹង ដើម្បី​ជួល​ឲ្យ​ជន​បរទេស​គាត់​ជិះ​បើកបរ​ដោយ​សេរី។ អីចឹង ជា​បញ្ហា​របស់​ពួក​ខ្ញុំ គឺ​គាត់​ទៅ​រក​តាំង​ពី​ព្រលឹម​ដល់​ព្រលប់​ហ្នឹង មិន​បាន​មាន​ភ្ញៀវ​ដឹក​ទេ ដោយសារ​តែ​ពេល​ម៉ោង​ភ្ញៀវ​ចេញ​មក​បេន​ឡាន គឺ​គាត់​យក​ឡាន​ទៅ​ប្រមូល​នៅ​តាម​អូតែល និង​តាម​ផ្ទះ​សំណាក់ ដល់​អីចឹង​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល និង​មិន​អាច​រក​ទទួល​ទាន​បាន​ទេ។ ក្នុង​ឆ្នាំ​នេះ គឺ​កម្រិត​សូន្យ​តែ​ម្តង»

នៅ​ក្នុង​សមាជ​ប្រជាជន​នោះ មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក សំរិត ភុំ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក គង់ ប៊ុនធឿន និង​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយ​លោក គង់ សារឹម។

តំណាង​គណបក្ស​នយោបាយ​ទាំង​៣ បាន​សន្យា​ជាមួយ​ម្ចាស់​ឆ្នោត​ជាង ១.៣០០​នាក់ ថា​នឹង​ធ្វើ​ការ​កែ​សម្រួល​បញ្ហា​លើក​ឡើង​នោះ ទៅ​តាម​គោល​នយោបាយ​របស់​គណបក្ស​នីមួយៗ ដែល​បាន​ចែង​នៅ​ក្នុង​សៀវភៅ​របស់​គណបក្ស។

សមាជ​ប្រជាជន​នេះ​រៀបចំ​ធ្វើ​លើក​ទី២ នៅ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ធ្វើ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ដើម​ខែ​មិថុនា ដែល​រៀបចំ​សម្រប​សម្រួល​ដោយ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បំណង​ឲ្យ​ប្រជាពលរដ្ឋ និង​តំណាង​គណបក្ស​នយោបាយ​បាន​ជួប​គ្នា​ស្វែង​រក​វិធី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។