សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី១២ កញ្ញា បានរំលឹកថា ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសបិទផ្លូវតវ៉ាជាស្ថាពរ នៅថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៣ លើពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្ដឹងតវ៉ាជំទាស់ទៅនឹងលទ្ធផលបោះឆ្នោតចំនួន ១៥បណ្ដឹង ដែលបក្សសង្គ្រោះជាតិ សង្ស័យថា មានការលួចបន្លំ។
ក្រុមប្រឹក្សាធម្មនុញ្ញបញ្ជាក់ថា ការសម្រេចបិទផ្លូវតវ៉ារបស់បក្សសង្គ្រោះជាតិ នេះ គឺក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យ និងសម្រេចលើបណ្ដឹងតវ៉ាទាំង ១៥ នោះ ដោយផ្អែកលើមូលដ្ឋានគតិយុត្តិទាំងស្រុង និងរក្សាភាពឯករាជ្យ។ សេចក្ដីសម្រេចនេះ សុទ្ធសឹងតែជាការអនុម័តដោយសមូហភាព និងមានសំឡេងឯកច្ឆន្ទនៃសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល ហើយជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា មានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
សេចក្ដីថ្លែងការណ៍ដែលបង្ហោះលើគេហទំព័ររបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះ បានព្រមានចាប់ដាក់គុក ចំពោះជនណាដែលហ៊ានប្រឆាំងនឹងសេចក្ដីសម្រេចនេះ ដោយយោងលើមាត្រា ៣៦ នៃច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែងថា៖ «ជនណាដែលមិនគោរពតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឬរារាំងដល់កិច្ចប្រតិបត្តិការរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ដល់ ៦០ម៉ឺនរៀល ឬផ្ដន្ទាទោសណាមួយក្នុងចំណោមទោសទាំងពីរ»។
ក៏ប៉ុន្តែ មន្ត្រីបក្សសង្គ្រោះជាតិ បានឆ្លើយតបថា សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺចេតនានយោបាយ ហើយលម្អៀងទៅបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឆ្លើយតបបែបចំអកទៅក្រុមប្រឹក្សាធម្មនុញ្ញវិញថា បើពិតដូច្នោះមែន ក្រុមប្រឹក្សាធម្មនុញ្ញប្រហែលជាមិនអាចរកគុកដាក់អ្នកប្រឆាំងទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានទេ ព្រោះដោយលោកអះអាងថា អ្នកដែលតវ៉ាប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះ មានអ្នកគាំទ្របក្សសង្គ្រោះជាតិ រាប់លានអ្នក៖ «ខ្ញុំគ្រាន់តែធ្វើអត្ថាធិប្បាយថា ក្រុមប្រឹក្សាធម្មនុញ្ញធ្វើបែបហ្នឹង ប្រហែលមិនមានគុកដាក់ប្រជាពលរដ្ឋបីលាននាក់ហ្នឹងទេ ហើយក៏មិនមានឃ្លាំងប្រាក់យកមកដាក់ប្រាក់ផាកពិន័យប្រជាពលរដ្ឋបីលានអ្នកហ្នឹងដែរ»។
ទន្ទឹមនឹងនេះ លោក យឹម សុវណ្ណ បានចោទបកទៅក្រុមប្រឹក្សាធម្មនុញ្ញវិញថា បានលម្អៀងទៅបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបណ្ដែតបណ្តោយឲ្យមានការលួចបន្លំសន្លឹកឆ្នោត ដែលជាហេតុនាំឲ្យខូចដល់លទ្ធផលបោះឆ្នោតនៅពេលនេះ៖ «អ្នកដែលត្រូវដាក់ពិន័យមិនមែនប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ មិនមែនម្ចាស់ឆ្នោតទេ។ អ្នកដែលត្រូវដាក់ពិន័យ គឺអ្នកលុបឈ្មោះប្រជាពលរដ្ឋខ្មែរ ១លាន ៣សែននាក់ ចេញពីបញ្ជីដែលនោះជាទង្វើរំលោភរដ្ឋធម្មនុញ្ញ»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សសង្គ្រោះជាតិ ដោយទទួលបានអាសនៈសភាចំនួន ៦៣កៅអី ចំណែកបក្សសង្គ្រោះជាតិ ទទួលបាន ៥៥កៅអី។ ប៉ុន្តែ បក្សសង្គ្រោះជាតិ បដិសេធលទ្ធផលនេះ ដោយចោទថា មានការលួចបន្លំ ហើយបានធ្វើមហាបាតុកម្មអហិង្សាមួយ នៅភ្នំពេញ កាលពីថ្ងៃទី៧ កញ្ញា កន្លងទៅនេះ ហើយគ្រោងធ្វើមហាបាតុកម្មបីយប់បីថ្ងៃបន្ថែមទៀត ដើម្បីទាមទាររកយុត្តិធម៌ បន្ទាប់ពីអស់ជំនឿលើការដោះស្រាយដោយ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
